ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទនភាព​ចំពោះ​គណៈប្រតិភូ​កម្ពុជា ក្នុង​ការ​ការពារ​ផលប្រយោជន៍​ជាតិ ដោយ​សន្តិវិធី​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ

1 ម៉ោង មុន

សិង្ហ​បុរី ៖ កិច្ចប្រជុំ​លើក​ដំបូង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ រវាង​គណៈកម្មការ​ផ្សះផ្សា និង​កម្ពុជា​-​ថៃ ក្នុង​នីតិវិធី​ផ្សះផ្សា​ក្រោម​មាត្រា​២៩៨ និង​ឧ​ប​សម្ព័ន្ធ​ទី​៥ នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) បាន​បិទ​បញ្ចប់​នៅ​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃនេះ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ថា ៖ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ យើងខ្ញុំ​មាន​មោទនភាព​ចំពោះ​គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​នាម​ជា​ភ្នាក់ងារ​តំណាង​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​នេះ ដើម្បី​បង្ហាញ​ជំហរ​របស់​កម្ពុជា​តាម​រយៈ​ច្បាប់ ការទូត ការ​សន្ទនា និង​មធ្យោបាយ​សន្តិវិធី​។ ការ​ចូលរួម​ក្នុង​យន្តការ​ផ្សះផ្សា​មិនមែន​ជា​ការ​បង្កើន​ភាព​តានតឹង​ទេ ប៉ុន្តែ​ជា​ការ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ដែល​មាន​ចែង​ក្នុង UNCLOS ។

ឯកឧត្តម នេត្រ ភក្ត្រា បន្តថា អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ មិនមែន​ត្រឹមតែ​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នោះ​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​ថា កម្ពុជា​ជ្រើសរើស​ច្បាប់​ជំនួស​ការ​ប្រឈម​មុខ និង​ជ្រើសរើស​ការទូត​ជំនួស​ការ​បង្កើន​ភាព​តានតឹង​។ នេះ​ក៏​ស្រប​នឹង​ជំហរ​ដែល​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​ជា​និច្ច​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ជាមួយ​ប្រទេស​ជិតខាង​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ដែមទៀតថា បន្ទាប់​ពី​កិច្ចប្រជុំ​លើក​ដំបូង​នេះ ការ​បង្ហាញ​ឆន្ទៈ​សុចរិត ឬ Good Faith របស់​ភាគី​ពាក់ព័ន្ធ គួរ​ត្រូវ​បាន​វាស់វែង​តាម​រយៈ​សកម្មភាព​ជាក់ស្តែង​៖ ការ​ចូលរួម​ក្នុង​ដំណើរការ​ដោយ​ស្ថាបនា ការ​អនុវត្ត​កិច្ចព្រមព្រៀង និង​វឌ្ឍនភាព​ដែល​អាច​វាស់វែង​បាន​ឆ្ពោះទៅ​រក​ដំណោះស្រាយ​ ។

កិច្ចប្រជុំ​លើក​ដំបូង​បាន​បញ្ចប់ ប៉ុន្តែ​ដំណើរការ​ផ្សះផ្សា​ទើបតែ​ចាប់ផ្តើម​។ អ្វី​ដែល​សំខាន់​បន្ទាប់​គឺ​ការ​បន្ត​រក្សា​ភាព​ម៉ឺងម៉ាត់ អត់ធ្មត់ និង​ប្រើប្រាស់​ច្បាប់​អន្តរជាតិ និង​ការទូត ដើម្បី​ឆ្ពោះទៅ​រក​ដំណោះស្រាយ​មួយ​ដែល​មាន​សន្តិភាព និង​យូរអង្វែង​សម្រាប់​ប្រទេស​ជិតខាង​ទាំង​ពីរ ៕