ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​សម្ពោធ​ព្រែកជីក​ដ៏​ធំ​មួយ​ត​ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ បង្កើត​ផ្លូវ​កាត់​ពាណិជ្ជកម្ម​ថ្មី​ទៅ​តំបន់​អាស៊ាន

3 ម៉ោង មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​បាន​បើក​សម្ពោធ​ព្រែកជីក​ដ៏​ធំ​មួយ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ ដោយ​ផ្តល់​ឱ្យ​តំបន់​ភាគ​និរតី​ដែល​គ្មាន​ច្រក​សមុទ្រ​របស់​ខ្លួន នូវ​ផ្លូវកា​ត់ទៅ​កាន់​ឆ្នេរសមុទ្រ និង​ទីផ្សារ​សកល ជា​ពិសេស​បណ្តា​ប្រទេស​អាស៊ាន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​។

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិ​ន​ហួ (Xinhua) បានឱ្យ​ដឹង​ថា ព្រែកជីក​ភីង​លូ (Pinglu) ដែល​មាន​ប្រវែង ១៣៤ គីឡូម៉ែត្រ បាន​ចាយ​ពេល​សាងសង់​អស់​៤​ឆ្នាំ ដោយ​ត​ភ្ជាប់​ទីក្រុង​ណា​ន​នី​ង (Nanning) ដែល​ជា​តំបន់​ផលិតកម្ម​ភាគ​ខាងត្បូង​តំបន់​ស្វយ័ត​ក្វា​ង​ស៊ី (Guangxi) ទៅ​កាន់​ឈូង​សមុទ្រ​តុងកឹង (Gulf of Tonkin) ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ចិន និង​វៀតណាម​។

កាលពីមុន ទំនិញ​ពី​ភាគ​និរតី​នៃ​ប្រទេស​ចិន ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ទីក្រុង​ក្វា​ង​ចូ​វ (Guangzhou) ដើម្បី​ទៅ​ដល់​សមុទ្រ ប៉ុន្តែ​សម្រាប់​ព្រែកជីក​ថ្មី​នេះ នឹង​ជួយ​កាត់​បន្ថយ​ចម្ងាយ​ដឹក​ជញ្ជូន​ជាង ៥៦០ គីឡូម៉ែត្រ​។ ព្រែកជីក​នេះ ក៏​នឹង​ជួយ​កាត់​បន្ថយថ្លៃ​ដឹក​ជញ្ជូន​ពី ១៨ ទៅ ៣០ % និង​បង្កើត​ការ​សន្សំ​សំចៃ​ប្រចាំឆ្នាំ​បាន​ច្រើន​ជាង ៥ ពាន់​លាន​យន់ ឬ​ប្រមាណ ៧៤៥ លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ​។

ព្រែកជីក​នេះ លាតសន្ធឹង​តាម​បណ្តោយ​ច្រករបៀង​ពាណិជ្ជកម្ម​ផ្លូវគោក​-​ផ្លូវទឹក​អន្តរជាតិ​ថ្មី ដែល​ជា​ផ្លូវ​ពាណិជ្ជកម្ម​យុទ្ធសាស្ត្រ​ត​ភ្ជាប់​តំបន់​ដីគោក​ចិន​ជាមួយ​អាស៊ាន និង​ទីផ្សារ​អន្តរជាតិ​ផ្សេង​ទៀត​។ វា​ក៏​ជា​គម្រោង​ព្រែកជីក​ត​ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ​ដំបូង​គេ​បង្អស់ ដែល​ត្រូវ​បាន​គ្រោងទុក និង​សម្របសម្រួល​នៅ​កម្រិត​ថ្នាក់​ជាតិ ចាប់តាំងពី​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ឆ្នាំ ១៩៤៩ មក​។

ស៊ិ​ន​ហួ​បាន​បន្ត​ថា ផ្នែក​ភាគច្រើន​នៃ​ការងារ​សាងសង់​ព្រែកជីក​នេះ រួម​មានការ​បូម​ពង្រីក ការ​ជីក​ឱ្យ​ជ្រៅ​បន្ថែម និង​កែសម្រួល​ផ្លូវទឹក​មាន​ស្រាប់ ខណៈ​មាន​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជីក​កកាយ​ថ្មី​។ គម្រោង​នេះ​បាន​ចាប់ផ្តើម​ក្នុង​ខែសីហា ឆ្នាំ​២០២២ ដោយ​ចំណាយ​ថវិកា​សរុប​អស់ ៧២,៧ ពាន់​លាន​យន់ ឬ​ប្រមាណ ១០,៧៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕