នាយករដ្ឋមន្រ្តី ចង់ឃើញសេវាសុខាភិបាលមាន ២៤ម៉ោងក្នុងមួយថ្ងៃ ឬ៧ថ្ងៃក្នុង១សប្តាហ៍ពិតប្រាកដ
- ភ្នំពេញ
ខណៈដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មន្ត្រីរបស់លោកបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការផ្តល់សេវា ២៤ម៉ោង/៧ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សម្តេចគ្រោងចុះពិនិត្យលើការអះអាងនេះ ។

នេះ គឺជាការបញ្ជាក់របស់សម្តេចធិបតី នៅពេលដែលសម្តេចអញ្ជើញជាអធិបតី នៅក្នុងពិធី «សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យហ្លួងម៉ែ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។

សម្តេចធិបតីបានបញ្ជាក់ថា សម្តេចអាចនឹងលៃលកពេលវេលា ដើម្បីត្រួតពិនិត្យនៅតាមមណ្ឌលសុខភាពលើសេវាសុខាភិបាលដែលក្រុមគ្រូពេទ្យបានកំពុងតែខិតខំពង្រឹង និងផ្តល់សេវាកាន់តែមានប្រសិទ្ធភាព ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ត្រីក្រសួងបង្ហាញនូវការបេ្តជ្ញាចិត្តក្នុងការផ្តល់សេវា២៤ម៉ោង/៧ថ្ងៃ និងពង្រឹងយន្តការជវភាពនៃអង្គតែមួយក្នុងការបម្រើសុខភាពប្រជាជន ។
នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រី នៅពេលលោកដឹកនាំកិច្ចប្រជុំមន្ត្រី ក្រោមឱវាទក្រសួងសុខាភិបាលកាល ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ក៏បានចែករំលែកនូវទស្សនាទានគន្លឹះដែលជាចក្ខុវិស័យរបស់វិស័យសុខាភិបាលកម្ពុជា ដែលបានចែករំលែកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់កម្រិត យកទៅអនុវត្តនៅតាមអង្គភាពដើម្បីបន្តពង្រឹងប្រពន្ធ័សុខាភិបាលកម្ពុជា ឱ្យស្របទៅនឹងប្រពន្ធ័សុខាភិបាលរបស់តំបន់អាស៊ានទាំងមូល ៕
ចែករំលែកព័តមាននេះ