ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចឃាត់ខ្លួន ខណៈដែលជនដៃដល់រូបនោះទាញកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់បណ្ដាលឱ្យរងរបួសដេរជាង១០ថ្នេរចាំថ្ពាល់ ព្រោះតែទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ីក្លាយជាហិង្សាទាញកាំបិតកាប់តែម្ដង។
ហេតុការណ៍ឃាត់ជនសង្ស័យដៃដល់ ទាញកាំបិតប៉័ងតោកាប់លើគូរទំនាស់ បានកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា ជនសង្ស័យដៃដល់ដែលឃាត់ខ្លួនបានមានឈ្មោះ ភោគ កុសល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ចំណែកជនរងគ្រោះមានឈ្មោះ សុខ ហៃ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសថ្ពាល់ខាងឆ្វេងដេរចំនួន១១ថ្នេរ។
នគរបាលស្រុកភ្នំស្រួចបានបន្តឲ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យដៃដល់គឺ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំបក់ បានទទួលពាក្យបណ្ដឹងពីឈ្មោះ សុខ ហៃ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច បានមកដាក់ពាក្យបណ្តឹងទៅលើឈ្មោះ ភោគ កុសល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ សុខ ហៃ ថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រូបខ្លួនបានផឹកស្រានៅផ្ទះឈ្មោះ ជា ឃីមស្រី នៅក្នុងភូមិជាមួយគ្នាមានចំនួន៥នាក់ ពេលកំពុងផឹកស្រាប់តែឈ្មោះភោគ កុសល បានដើរមកហើយបាននាំគ្នាហៅមកផឹកជាមួយ។ លុះរហូតដល់វេលាម៉ោងប្រហែល៧និង២០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រូបខ្លួនក៏បានទាស់ពាក្យសម្តីជាមួយឈ្មោះ ភោគ កុសល រឿងទិញអុស ក៏បានប្រតាយប្រតប់គ្នា ពេលនោះឈ្មោះ ភោគ កុសល បានស្ទុះទៅយកកាំបិតប៉័ងតោ មកកាប់ចំថ្ពល់ផ្នែកខាងឆ្វេងឈ្មោះ សុខ ហៃ បណ្ដាលឲ្យរបួសដេរអស់ចំនួន១១ថ្នេរ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យដៃដល់បានរត់គេចខ្លួន។
នគរបាលស្រុកភ្នំស្រួចបានបន្តឱ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមក នៅលុះវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នគរបាលប៉ុស្ដិ៍ឃុំចំបក់បានឃាត់ជនសង្ស័យខាងលើនៅផ្ទះ និងបានឆ្លើយសារភាពថាខ្លួនពិតជាបានកាប់លើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដែលរូបគេយកកាំបិតកាប់ទៅលើជនរងគ្រោះនោះ គឺបណ្តាលមកពីស្រវឹងស្រាហើយបានទាស់ពាក្យសម្ដីរឿងទិសអុសតថ្លៃគ្នាមិនត្រូវ ក្លាយទៅជាហិង្សាតែម្តង ។ ក្រោយឃាត់ខ្លួន នគបាលដកហូតវត្ថុតាងកាំបិតប៉័ងតោ១ដើម។
នគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ រួមជាមួយនឹងវត្ថុតាងកាំបិតប៉័ងតោ១ដើម នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ