នារីម្នាក់បើករថយន្តដូចហោះបុ.ករង្វង់មូលក្រឡា.ប់ច្រើនត្រឡប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តក្នុងល្បឿនលឿនបណ្តាលឲ្យជ្រុលចង្កូតបុករង្វង់មូលក្រឡាប់រថយន្តច្រើនជុំ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅរង្វង់មូលតាមបណ្តោយវិថីវិមានឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីស្ត្រីម្នាក់ស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឮសំឡេងរថយន្ត១គ្រឿង បើកក្នុងល្បឿនលឿនដូចហោះ ។ លុះមកដល់ចំណុចកើតហេតុ ក៏ឮសំឡេងជាន់ហ្វ្រាំង តែប្រហែលហ្វ្រាំងទប់មិនទាន់ក៏ជ្រុលទៅបុករង្វង់មូលទាំងកំរោល បណ្តាលឲ្យរថយន្តក្រឡាប់១ជុំ ដោយសារមិនទាន់អស់ល្បឿន រថយន្តនោះបានបន្តទៅបុកខឿនចិញ្ចើមផ្លូវក្រឡាប់១ជុំទៀត ខ្ទាតធ្លាក់ចូលដីឡូត៍មួយកន្លែងបណ្តាលឲ្យក្រឡាប់ថែម១ជុំទៀត សរុប៣ជុំ ទើបអស់ល្បឿនទៅមុខលែងរួច ។
គួរបញ្ជាក់ថា រថយន្តនេះម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CB-6347 បើកបរតាមបណ្តោយវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត នៅក្នុងស្ថានភាពល្បឿនលឿនយ៉ាងខ្លាំង ដោយពលរដ្ឋសន្និដ្ឋានថា មិនក្រោម១០០គីឡូម៉ែត្រក្នុង១ម៉ោងនោះទេ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីកើតហេតុ គេបានឃើញនារីម្នាក់លូនចេញពីក្នុងរថយន្ត ដោយស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់ជាច្រើនកន្លែងនៅលើរាងកាយ ។ បន្ទាប់មក គេក៏បានឃើញអ្នកស្គាល់គ្នា ឬក្រុមគ្រួសារសាច់ញាតិរបស់គាត់ បានមកដឹកគាត់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបាត់ទៅ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុយ៉ាងកម្សត់ ។
ជាមួយគ្នានេះ ពលរដ្ឋដែលរស់នៅក្បែរចំណុចកើតហេតុ បានសំណូមពរដល់បងប្អូនជនរួមជាតិមិនថាប្រុសឬស្រី សូមមេត្តាបើកបរយានយន្តរបស់ខ្លួន ដោយទំនួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះទីតាំងកើតហេតុនេះ មិនមែនជាករណីទី១នោះទេ ដែលកើតមានគ្រោះថ្នាក់បែបនេះគឺជាចំណុច «ជើងកប» ទៅហើយ ។ សូមបើកបរកុំប្រមាថជីវិតអ្នកដទៃ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងជួយយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕



ចែករំលែកព័តមាននេះ