រថយន្តទួរីសដឹកអីវ៉ាន់បើកលឿនបែ.កកង់មុខរេចង្កូត ធ្លា.ក់ផ្លូវជាតិលេខ៤ របួ.សធ្ងន់ស្រាល៣នាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ មនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងហេតុការណ៍រថយន្តប្រភេទទួរីសដឹកអីវ៉ាន់បើកលឿនបែកកង់មុខរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៩៥-៩៦) ស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តប្រភេទទួរីស១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2I-8170 បើកបរដោយឈ្មោះ ឈុំ សុធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរចំនួន២នាក់ រួមមាន ទី១-ឈ្មោះម៉េង ចាន់ធី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងទី២- ឈ្មោះ យ៉ាន់ បូណា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ដែលបានបើកបរ តាមបណ្ដោយផ្លូវជាតិលេខ៤ ពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបែកកង់មុខខាងឆ្វេង រួចបានរេចង្កូតពីជើងទៅត្បូង ធ្លាក់ចូលចញ្ចើមផ្លូវខាងត្បូង បណ្តាលឲ្យរងរបួសមនុស្សធ្ងន់ចំនួន២នាក់ឈ្មោះ( ម៉េង ចាន់ធី និងឈ្មោះ យ៉ាន់ បូណា ) និងរងរបួសស្រាលម្នាក់ ឈ្មោះ ឈុំ សុធី (ជាអ្នកបើកបរ)។
នគរបាលស្រុកភ្នំស្រួចបានបន្តឲ្យដឹងថា ក្រោយកើតហេតុ នគរបាលបានចុះធ្វើការវាស់វែង ហៅរថយន្តសាម៉ុយដឹកអ្នករងរបួសយកទៅសង្គ្រោះព្យាបាលភ្លាមៗ រថយន្តរងការខូចខាតកំរិតធ្ងន់១គ្រឿង។
ក្រោយកើតហេតុ នគរបាលបានយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល បណ្ដោះអាសន្ន រង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ