ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​អូស្ត្រាលី Every Mum ប្តេជ្ញា​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដើម្បី​លុប​បំបាត់​ការ​ស្លាប់​របស់​មាតា និង​ទារក

3 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អនុញ្ញាត​ឱ្យ​លោក ខេ​វិ​ន ធែ​ល៍​ល័​រ (Mr.KevinTaylor) ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​អង្គការ Every Mum ប្រចាំ​ប្រទេស​អូស្ត្រាលី ចូល​ជួប​សម្តែង​ការ​គួរសម និង​រាយការណ៍​ជូន​អំពី​សកម្មភាព​ការងារ​របស់​អង្គការ ក្នុង​ការ​គាំទ្រ លើ​វិស័យ​សុខាភិបាល នៅ​ខេត្ត​ប៉ៃលិន ដោយ​ផ្តោត​ចំពោះ​ការ​កាត់​បន្ថយ និង​លុប​បំបាត់​ការ​ស្លាប់​របស់​មាតា និង​ទារក អំឡុង​ពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន ។

លោក ខេ​វិ​ន ធែ​ល៍​ល័​រ (Mr.Kevin Taylor) បាន​មាន​ប្រសាសន៍​រាយការណ៍​ថា អង្គការ EveryMum គឺជា​អង្គការ​ប សប្បុរសធម៌​របស់​ប្រទេស​អូស្ត្រាលី បទ​ពិសោធន៍​ការងារ​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ២៥​ឆ្នាំ​មក​ហើយ ដែល​មាន​បេសកកម្ម​សកល​ក្នុង​ការ​កាត់​បន្ថយ និង​លុប​បំបាត់​ការ​ស្លាប់​របស់​មាតា និង​ទារក ហើយ​សកម្មភាព​ស្នូល​របស់​អង្គការ គឺ​ការ​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព ដូច​ជា​៖ បណ្តុះបណ្តាល​ឆ្មប និង​គ្រូពេទ្យ​នៅ តាម​សហគមន៍​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់ ក្នុង​ការ​ថែទាំ​មាតា និង​ទារក​, ការ​ផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ ផ្គត់ផ្គង់​សម្ភារ បរិក្ខារ ចាំបាច់ ពិសេស​គឺ​ម៉ាស៊ីន​អេកូ​សាស្ត្រ (Ultrasound) នៅ​តាម​មណ្ឌល​សុខភាព​ដាច់​ស្រយាល និង​យុទ្ធនាការ​អប់រំ សហគមន៍ ដោយ​ធ្វើការ​ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ (Antenatal Care) ឱ្យ​បាន ទៀងទាត់​នៅ​តាម​មណ្ឌល​សុខភាព​មូលដ្ឋាន​។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ Every Mum ដែល​ជួយ​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ ក្នុង​ខេត្ត​ប៉ៃលិន ជា​ពិសេស​ការ​កាត់​បន្ថយ និង​លុប​បំបាត់​ការ​ស្លាប់​របស់​មាតា និង​ទារក ដែល​អាច​ការពារ​បាន អំឡុង​ពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន ហើយ​រដ្ឋបាល​ខេត្ត​រង់ចាំ​ផ្តល់​កិច្ចសហការ​យ៉ាង​ពេញលេញ​រាល់​គ្រប់​គម្រោង​ទាំងអស់ ដើម្បី​ធានា​ថា​សុខមាលភាព​មាតា និង​ទារក គឺ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​ជំទាវ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​លើកកម្ពស់​ដៃគូ​សហការ​ជាមួយ​វិស័យ​សុខាភិបាល​ដោយ​ត្រូវ​បាន​ចាត់ទុកជា​កិច្ចការ​អាទិភាព​ដ៏​សំខាន់​បំផុត​មួយ ស្ថិត​ក្រោម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ (​មុំ​ទី​៣ នៃ​បញ្ច​កោណ​ទី​១ ស្ដី​ពី​ការ​អភិវឌ្ឍ​ធនធានមនុស្ស​) ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​គ្របដណ្តប់​សុខភាព ជាស​កល​(UHC) ។

សូម​បញ្ជាក់​ថា ៖ អង្គការ Every Mum បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បាន​សហការ​យ៉ាង​ជិត ស្និទ្ធ​ជាមួយ​វិស័យ​សុខាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​(​ដូច​ជា​៖ មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ខេត្តរតនគិរី និង​ខេត្ត មណ្ឌលគិរី​) ដើម្បី​ពង្រីក​សេវា​ពិនិត្យ​អេកូ និង​លើកកម្ពស់​គុណភាព​ថែទាំ​សុខភាព​មាតា​ផង​ដែរ​៕