រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ (Stephane Richou) ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិប្រទេសបារាំង នៅកម្ពុជា ។
ក្នុងជំនួបនេះ អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ដែលមានការរីកចម្រើនជាបន្តបន្ទាប់ និងកំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅជាដៃគូយុទ្ធសាស្ត្រ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលឹកពីតួនាទីរបស់បារាំងក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈសន្និសីទទីក្រុងប៉ារីស ដែលឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើន ។
សម្រាប់វិស័យការពារជាតិ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពបារាំង ដែលបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ តាមរយៈអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលជាច្រើន ជាពិសេសការបណ្តុះបណ្តាលសម្រាប់បេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបង្ហាញពីបំណងបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន កិច្ចប្រឆាំងភេរវកម្ម សន្តិសុខសាយប័រ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការចូលចតនាវា និងលំហាត់ហ្វឹកហ្វឺនរួម ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបភាគីបារាំងអំពីសភាពការណ៍ជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់គោលការណ៍ថា ព្រំដែនមិនត្រូវកែប្រែដោយការប្រើកម្លាំង។
អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់ប្រទេសបារាំង ចំពោះការគាំទ្របទឈប់បាញ់ និងកិច្ចខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ។
ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ បានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានអំពីសភាពការណ៍ព្រំដែន និងបញ្ជាក់ថា នឹងពាំនាំព័ត៌មាននេះទៅជូនក្រសួងការពារជាតិបារាំង ។
លោកឧត្តមសេនីយ៍ទោ ក៏បានកោតសរសើរសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលអាចជាបទពិសោធន៍សម្រាប់ចែករំលែកដល់បណ្តាប្រទេសអាស៊ាន ។
លោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ បានវាយតម្លៃវិជ្ជមានចំពោះសិក្ខាកាមកងទ័ពកម្ពុជា ដែលបានសិក្សានៅប្រទេសបារាំង ដោយបញ្ជាក់ថា សិក្ខាកាមកម្ពុជាបានបង្ហាញពីសមត្ថភាពភាសាបារាំង និងបានបង្កើតមោទនភាពសម្រាប់ប្រទេសកម្ពុជា ។
ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង មកកាន់កម្ពុជា នាពេលខាងមុខ ត្រូវបានលើកឡើងថា ជាឱកាសមួយសម្រាប់បន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញដំណើរការលើកកម្រិតទំនាក់ទំនងកម្ពុជា-បារាំង ឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ ៕









ចែករំលែកព័តមាននេះ