ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ និង​ដៃគូ ផ្តល់​ការ​គាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម​ស៊េរី M ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ថៃ ​នៅ​កម្ពុជា

2 ម៉ោង មុន

វៀងចន្ទន៍ ប្រទេស​ឡាវ ៖ កម្ពុជា បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ ដែល​មានបទពិសោធន៍ និង​ជំនាញ បន្ត​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ធនធាន ដើម្បី​ចូលរួម​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោសសម្អាត គ្រាប់បែក​ចង្កោម​ស៊េរី M ដែល​ត្រូវ​បាន​រក​ឃើញ​ថ្មី ​នៅ​លើ​ទឹកដី​កម្ពុជា​ ។

តាម​លទ្ធផល​ស្រាវជ្រាវ និង​ការងារ​បច្ចេកទេស​របស់មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) កូន​គ្រាប់បែក​ចង្កោម​ប្រភេទ M42, M46 និង M85 ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា ជា​ប្រភេទ​កូន​គ្រាប់បែក​ចង្កោម​ស៊េរី M ដែល​បាន​រក​ឃើញ​ថ្មី​នៅ​កម្ពុជា និង​ត្រូវ​បាន​បន្សល់​ទុក​ក្នុង​អំឡុង​ជម្លោះ​តាម​ព្រំដែន​កម្ពុជា​-ថៃ ក្នុង​ខែកក្កដា និង​ខែធ្នូ ឆ្នាំ​២០២៥​។

គ្រាប់បែក​ចង្កោម​ស៊េរី M ទាំងនេះ បង្ក​ហានិភ័យ​ខ្ពស់ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយ​អាច​ផ្ទុះ​គ្រប់ពេលវេលា ជា​ពិសេស​បង្ក​ការ​គំរាមកំហែង​ដល់​កុមារ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ ឬ​ប្រកប​របរ​នៅ​តំបន់​រង​ផល​ប៉ះពាល់​ ។

រហូត​មក​ដល់​ពេល​នេះ កូន​គ្រាប់បែក​ចង្កោម​ស៊េរី M ដែល​មិន​ទាន់​ផ្ទះ​សល់​ពី​ជម្លោះ បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​ចំនួន ១០​នាក់ រងគ្រោះថ្នាក់​ ។

ការ​អំពាវនាវ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈប្រតិភូ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​អម​ស្តី​ពី «From Evidence to Action: Advancing Cluster Munition Remnant Survey through Regional Cooperation» នៃ កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី​៣ នៃ​អនុសញ្ញា​ស្តី​ពី​គ្រាប់បែក​ចង្កោម ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៦​ ៕