ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ​ការ​រំលោភ​បំពាន​របស់​យោធា​ថៃ នៅ​ច្រក​បឹង​ត្រកួន

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា បាន​សម្របសម្រួល​ជូនឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធាន​អធិការកិច្ច នៃ​កងទ័ព​សាធារណរដ្ឋ​ហ្វី​លី​ពី​ន និង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បី​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ច្រក​បឹង​ត្រកួន ស្ថិត​នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា ។

ប្រភព​ពី​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ពុធ ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៤:៣៧​នាទី ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធាន​អធិការកិច្ច នៃ​កងទ័ព​សាធារណរដ្ឋ​ហ្វី​លី​ពី​ន និង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បី​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ច្រក​បឹង​ត្រកួន ស្ថិត​នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​បទ​បង្ហាញ​សង្ខេប និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ការ​ធ្វើ​សកម្មភាព​នៃ​ដាក់​ពង្រាយ​ទូ​កុងតឺន័រ រាយ​បន្លា​លួស ជីក​ប្រឡាយ ធ្វើ​លេណដ្ឋាន ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ការ​កាន់កាប់​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់ របស់​យោធា​ថៃ នៅ​តំបន់​ច្រក​បឹង​ត្រកួន ស្ថិត​នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​សកម្មភាព​ទាំងនោះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​កម្ពុជា​ជា​ច្រើន​គ្រួសារ មិន​ទាន់​អាច​វិល​ចូល​លំនៅ​ដ្ឋា​ន​ពួក​គេ​វិញ​បាន​នៅឡើយ ។

ការ​ចុះ​សង្កេតការណ៍ ពិនិត្យ និង​ផ្ទៀងផ្ទាត់ នៅ​ទីតាំង​ខាងលើ​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន រឹតតែ​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ជា​ដាច់ខាត​ក្នុង​ការ​ចាប់ផ្តើម​កិច្ចការ​វាស់វែង​ខណ្ឌសីមា ដោយ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង ដែល​មាន​ស្រាប់​ដូច​មាន​ចែង​នៅ​ក្នុង​ចំនុច​ទី​បួន នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​របស់​កម្ពុជា អាច​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ដោយ​មិន​មានការ​រារាំង ព្រមទាំង​ដោយ​សុវត្ថិភាព និង​កិត្តិយស ។

កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ពិធីសារ​កំណត់ព្រំដែន ផែនទី​ដែល​ជា​លទ្ធផល នៃ​ការងារ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម កំណត់ហេតុ​កិច្ចប្រជុំ និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម MOU ឆ្នាំ​២០០០ TOR ឆ្នាំ​២០០៣ ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំង​ពីរ ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ៕