​សង់បាន​20%ហើយ​ អគារសិក្សា​២កន្លែង​ក្នុង​ភូមិ​សេះ​ស្លាប់​​


ខេត្តកំពង់ឆ្នាំង ៖ អគារសិក្សា​ចំនួន​២​ខ្នង គឺ​អគារ​សាលា​បឋម​សិក្សា និង​អគារ​អនុ​វិទ្យាល័យសេះ​ស្លាប់ ដែល​ជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ព្រះករុណា ព្រះបាទ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា ដែល​ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រទាន​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ មក​ដល់​ពេល​នេះ​ដំណើរការ​កសាងបាន​ប្រមាណ២០%​ហើយ ។

លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌​បានអោយ​ដឹង​ថា កន្លង​មក ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ចំនួន​២២៩គ្រួសារ ដែល​បាន​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក ឡើង​មក​រស់នៅ​លើគោក ចំណែក​សាលារៀន​ក៏​ត្រូវ​ផ្លាស់​ទី​ឡើងគោក​តាម​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​សាលា​ធ្វើ​​ពី​ឈើ​បែកបាក់​ទ្រុឌ​ទ្រោម​អស់​ទៅ​ហើយ​ ។

ក្រោយ​ពី​ការ​បន្លាស់​ទី​មក​នៅ​លើគោក សាលារៀន​សេះ​ស្លាប់​ បាន​ជួប​ការ​លំបាក​ច្រើន​ណាស់ ពេល​នោះ​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរបាន​ដាក់​សំណើស្នើ​សុំ​សាលាដល់​សម្ដេច​ចៅហ្វាវាំង គង់ សំ​អុល ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង ហើយ​បន្ទាប់​មក សម្តេច​ព្រះបាទ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ កសាង​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​នេះ​ឡើង ប្រទាន​ជូន​កូនចៅ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សេះ​ស្លាប់ បាន​រៀនសូត្រ​គ្រប់​ៗ​គ្នា ។

សាលា​ថ្មី​នេះ ​មាន​ចំនួន​២​ខ្នង ១​ខ្នង​មាន​៦​បន្ទប់ ជា​សាលា​បឋម​សិក្សា និង​១​ខ្នង​ទៀត​មាន​៦​បន្ទប់​ដូច​គ្នា ជា​សាលា​អនុ​វិទ្យាល័យ ។ សិស្ស​ដែល​បាន​ចួ​ល​រៀន​ក្នុង​សាលា​នេះ​មាន​ចំនួន ២៤៨​នាក់ មាន​គ្រូ​៦​នាក់​(​ស្រី​២) ។​បច្ចុប្បន្ន សាលា​បឋម និង អនុ​វិទ្យាល័យ​សេះ​ស្លាប់ មិន​ត្រឹមតែ​ទទួល​សិស្ស តែ​ក្នុងភូមិ​សេះ ស្លាប់ ឃុំ​ឆ្នុកទ្រូ ប៉ុណ្ណោះ​ទេ សិស្ស​ដែល​មាន​លំនៅ​ដ្ឋា​ន​ជាប់​ព្រុំប្រទល់ គឺ​ក្នុង​ឃុំ​ខុន​រ៉​ង ក៍មក​រៀន​នៅ​សាលា​នេះ
​ដែរ​។ ​

លោក មេឃុំ​ឆ្នុកទ្រូ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សេះ​ស្លាប់ សូម​ថ្លែង អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​ដល់​ក្រុមការងារ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ជា​ពិសេស ​សូម​ថ្លែង អំណរ​ព្រះ​គុណចំពោះ ព្រះ​ករុ​ណាសម្តេច ព្រះបាទ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រទាន​អគារ​សិក្សា​ខាងលើ​នេះ សូម​គោរព​ថ្វាយព្រះពរ សម្ដេច​ព្រះបាទ​នរោត្តម សីហ​មុ នី ព្រះមហាក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សូម​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​យឺនយូរ គង់​ជា​ម្លប់ គ្រប់គ្រង​កូនចៅ នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ធ្វើការ​អភិ​ឌ្ឍ​ន៍​ប្រទេស​ជាតិ ឲ្យ​បាន​សម្បូរ​សប្បាយ​រុងរឿង រហូត​តរៀង​ទៅ​។

សូម​រំលឹកថា បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​អោយ​ឡើងគោក​រួច​មក សាលា​រៀន ក្នុង​ឃុំ​ឆ្នុកទ្រូមាន​២​កន្លែង គឺ​ក្នុងភូមិ​យុគ​ន្ឋ និង​ភូមិ​សេះ​ស្លាប់ក៏​ត្រូវ​ឡើងគោក​តាម​សិស្ស​ដែល​ជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​ដែរ ។

តែ​ជា​អកុសលសាលា​បឋម និងអនុ​វិទ្យាល័យ យុគ​ន្ឋ ត្រូវ​បាន​អគ្គី​ភ័យ​ឆាប់ឆេះ​ខ្ទេច​ទាំងស្រុង​តែ​ម្តង បច្ចុប្បន្ន​ សិស្ស​នៃ​សាលា​មួយ​នេះ​កំពុង​រៀន នៅ​ក្នុង​វត្ត​យុគ​ន្ឋ ជា​បណ្តោះអាសន្ន រង់ចាំ​ចូល​រៀន​សាលា​ថ្មី ដែល​ជា​ព្រះរាជ​អំណោយដ៏​ថ្លៃថ្លា​របស់​ព្រះករុណា ព្រះបាទ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​កំពុង​សាងសង់​ដូច​សាលារៀន​សេះ​ស្លាប់​ដែរ​ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ