ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ករណីហិង្សាមួយបានធ្វើឲ្យបុរសម្នាក់ស្ទើរតែបាត់បង់ជីវិត ហើយភាគីម្ខាងសង្ស័យបើករថយន្តគេចបាត់ ប៉ុន្តែតែចៃដន្យអាក្រក់បុករថយន្តធំពីក្រោយ បណ្តាលឲ្យឆាបឆេះផ្អើលកណ្តាលរាត្រី ។ ករណីនេះកើតឡើងកាលពីម៉ោងជាង11យប់ ថ្ងៃទី20 ខែតុលា ឆ្នាំ2019 នៅភូមិក្បាលស្ពាន2 សង្កាត់និងក្រុងប៉ោយប៉ែត។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ ចែម ប៊ុនធឿន ភេទប្រុស អាយុ29ឆ្នាំមានទីលំនៅភូមិបាលិលេយ្យ1 សង្កាត់ប៉ោយប៉ែត្រ ហើយជនរងគ្រោះត្រូវភាគីម្ខាងទៀតមានគ្នា2នាក់ព្រួតវាយស្ទើរតែស្លាប់ ប៉ុន្តែគេមិនទាន់ដឹងពីមូលហេតុឡើយ។ ចំណែកជនសង្ស័យទាំង2នាក់នេះដោយម្នាក់ឈ្មោះ គា ចំរើន ភេទប្រុស អាយុ30ឆ្នាំ និងម្នាក់ឈ្មោះ គា ចំណាប់ ភេទប្រុស អាយុ28ឆ្នាំ ពួកគេជាបងប្អូនបង្កើតនឹងគ្នា និងមានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត។

បើតាមប្រភពពីសមត្ថកិច្ចប្រាប់ថា មុនកើតហេតុ ជនរងគ្រោះបើករថយន្ត១គ្រឿងទៅក្បែរចំណុចកើតហេតុដើម្បីទទួលមនុស្សម្នាក់ទៀត។ ពេលជនរងគ្រោះទទួលអ្នកដែលរង់ចាំនោះ ស្រាប់តែភាគីបង្កយកកំប៉ុងស្រាកំពុងផឹកស៊ីមកគប់រថយន្ត ភ្លាមនោះក៏កើតជាជម្លោះពាក្យសម្តីរហូតកើតជាហិង្សាតែម្តង។ ក្រោយមកបន្ទាប់ពីជនរងគ្រោះត្រូវរងរបួសផ្ទៃមុខដែលគេកាប់ចំ១កាំបិតក៏បើករថយន្តទៅរកសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ផងដែរ។

ប្រភពដដែលបន្តថា នៅពេលត្រឡប់ទៅកន្លែងកើតហេតុវិញ ដោយសារសមត្ថកិច្ចជិះម៉ូតូ ចំណែកជនរងគ្រោះបើករថយន្តលឿនទៅដល់មុនមិនដឹងថា ប្រើពាក្យសម្តីយ៉ាងណាក៏កើតហិង្សាជាថ្មី ត្រូវក្រុមជនសង្ស័យព្រួតវាយរបួសធ្ងន់ដេកដួលនឹងដីតែម្តង ។ ភ្លាមៗនោះសមត្ថកិច្ចទៅដល់ ក៏ចាប់បានជនសង្ស័យជាប្អូន ចំណែកឯជនសង្ស័យជាបងបើករថយន្ត រត់គេចខ្លួន តែចៃដន្យអាក្រក់ក៏បុកគូថរថយន្តធំដឹកទូកុងទីន័រលើដងផ្លូវជាតិលេខ5 ក្នុងភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល បណ្តាលឲ្យរថយន្តជនសង្ស័យឆាបឆេះផ្អើលទាំងយប់ ហើយជនសង្ស័យរងរបួសតិចតួច ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។

ពាក់ព័ន្ធនឹងករណីនេះ គេមិនទាន់ដឹងថាហិង្សាខាងលើផ្តើមចេញពីរឿងអ្វីឲ្យពិតប្រាកដនោះទេ តែគេគិតថា បើគ្មានភ្លើងក៏គ្មានផ្សែងនោះដែរ ម្យ៉ាងជនរងគ្រោះមិនអាចសាកសួរបានឡើយ ហើយពេលនេះសាច់ញាតិបញ្ជូនបន្តទៅសង្គ្រោះនៅប្រទេសថៃបាត់ហើយ។ ចំណែកជនសង្ស័យសមត្ថកិច្ចប្រាប់ថា កំពុងសាកសួរនៅឡើយ។

ទោះជាយ៉ាងណាជុំវិញករណីហិង្សានេះ ត្រូវបានលោកអធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា ក្រោយសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ហើយ។ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ