គ្រូពេទ្យបានព្រមានថា ប្រជាជនកម្ពុជាគួរតែឈប់មានជំនឿកប់ដីខ្សាច់នៅពេលដែលមានដៃ ឬជើងរងការឆក់ខ្សែភ្លើង ពីព្រោះវាអាចនឹងធ្វើឲ្យយឺតពេលនៅក្នុងការព្យាបាល ហើយវាអាចឈានដល់ការកាត់ដៃ ឬជើង ដើម្បីសុវត្ថិភាពរបស់អ្នកជំងឺ ។
វេជ្ជបណ្ឌិត ម៉េង សុខសៀន អនុប្រធានផ្នែក រលាក និងសម្ផស្សសល្យសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈបាននិយាយថា ប្រជាជនខ្មែរយើងមួយចំនួនមានជំនឿថាក្រោយខ្សែភ្លើងឆក់ បើសិនជាគាត់យកដៃ ឬជើងដែលឆក់នោះទៅកប់នៅក្នុងដីខ្សាច់ គឺវាអាចនឹងដកចេញជាតិពិស ហើយធ្វើឲ្យជាសះស្បើយឡើងវិញបាន ។
លោកនិយាយថា នេះជាជំនឿដ៏ខុសឆ្គងមួយ ហើយវាបានបង្កឲ្យមនុស្សមួយចំនួនត្រូវបានកាត់ដៃ ឬជើង ដោយសារតែមកពេទ្យយឺត ដោយសារបញ្ហានេះ ។ លោកបានពន្យល់ថា ខ្លួនលោកផ្ទាល់បានជួបអ្នកជំងឺដែលមានជំនឿនេះជាច្រើននាក់ហើយ ដោយសារតែគាត់ជឿទៅលើជំនឿនេះ គាត់មិនបានមកពេទ្យភ្លាមទេ ពេលក្រោយឆក់ខ្សែភ្លើង ។ គាត់បែជាកប់ដៃ ឬជើងនោះនៅក្នុងដីខ្សាច់ដោយសង្ឃឹមថា នឹងជាឡើងវិញ ។ ប៉ុន្តែការធ្វើដូច្នេះ នឹងធ្វើឲ្យស្ថាន ភាពកាន់តែធ្ងន់ទៅវិញ ដោយសារតែអ្វីដែលគេហៅថា compartment Syndrome ដែលអាចធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ឈាមចិញ្ចឹមសាច់ដុំនៅផ្នែកខាងចុងដៃ ឬជើង ហើយធ្វើឲ្យមានការស្អុយរលួយដែលទាមទារឲ្យមានកាត់ចោលសាច់នោះ ។
លោកបានពន្យល់ថា ដូច្នេះវាពិតជាមានការសោកស្តាយណាស់សម្រាប់រឿងនេះ ។ យើងមិនចង់ធ្វើការកាត់ ដៃឬជើងគាត់ទេ ។ ប៉ុន្តែដើម្បីសង្គ្រោះជីវិតយើងមានតែមធ្យោបាយនេះប៉ុណ្ណោះបើស្ថានភាពធ្ងន់ធ្ងរពេក ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ