ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានកាលពីថ្ងៃទី២៩ មេសា ថា ទណ្ឌកម្មថ្មីៗរបស់អាមេរិក និងរបស់ពួកអឺរ៉ុប នឹងអាចប៉ះពាល់ដល់បណ្តាសហគ្រាស ថាមពលពួកលោកខាងលិច ខណៈភាពជ្រួលច្របល់បន្តរាលដាលនៅភាគខាងកើតអ៊ុយក្រែន ដោយនៅទីនោះពួកស្និទ្ធរុស្ស៊ីលើកគ្នាទៅដណ្តើមកាន់កាប់បណ្តាអគាររដ្ឋ នៅក្រុងលូហ្គានស្ក៍ មួយទៀត ។
លោក ពូទីន ថ្លែងថា ប្រសិនបើការដាក់ទណ្ឌកម្មនៅបន្តនោះ ពិតណាស់យើងត្រូវតបតវិញ ចំពោះបណ្តាក្រុមហ៊ុនបរទេសដែលរកស៊ីនៅសហព័ន្ធរុស្ស៊ី ពិសេសក្នុងផ្នែកគន្លឹះនៃសេដ្ឋកិច្ចរុស្ស៊ី ដូចជាថាមពលជាដើម ។ លោក ពូទីន បញ្ជាក់ថា ពុំមានទាំងអ្នកជួយបណ្តុះបណ្តាលរុស្ស៊ី ពុំមានទាំងកងឯកភាពពិសេស ឬក៏កងទ័ពរុស្ស៊ី នៅអ៊ុយក្រែនឡើយ ។តាមទូរទស្សន៍ លោក ពូទីន ក៏អះអាងផងដែរពីក្តីសង្ឃឹមលើការដោះលែងពួកអ្នកសង្កេតការណ៍របស់អង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប OSCE ដែលចាប់ឃុំទុកដោយពួកឧទ្ទាមស្និទ្ធរុស្ស៊ី នៅអ៊ុយក្រែន ។ លោកនិយាយថា ខ្ញុំសង្ឃឹមដែលជម្លោះនោះអាចដោះស្រាយបាន ហើយពួកអ្នកសង្កេតការណ៍ទាំងនេះ អាចចាកចេញដោយសេរី ។
នៅក្រុងលូហ្គានស្ក៍ ទីប្រជុំជនតំបន់ដែលមានប្រជាជន១,៥លាននាក់ បាតុករស្និទ្ធរុស្ស៊ីជាច្រើនពាន់នាក់ កាលពីរសៀលថ្ងៃទី២៩ មេសា បានលុកចូលកាន់កាប់អគាររដ្ឋបាលតំបន់ ហើយលើកទង់ជាតិរុស្ស៊ីនៅទីនោះ ។ វិស្វករចូលនិវត្តន៍ម្នាក់ដែលចូលរួមក្នុងបាតុកម្មនេះដែរ និយាយប្រាប់អ្នកកាសែតថា យើងពុំចង់បានរបបណាហ្ស៊ី ដែលដណ្តើមអំណាចនៅទីក្រុងគៀវឡើយ ។ ខ្ញុំចង់ឱ្យកូនចៅខ្ញុំរីកធំធាត់នៅរុស្ស៊ី ។
បាតុករមួយចំនួនធំបន្ទាប់មកលើកគ្នា សំដៅទីស្នាក់ការប៉ូលិសតំបន់ នៃក្រុងលូហ្គានស្ក៍ ហើយលុកចូលកាន់កាប់ ដោយទទួលការជួយទ្រទ្រង់របស់មនុស្សកាន់កាំភ្លើងAK និងកាំភ្លើងបាញ់គ្រាប់រ៉ុក្កែត ប្រមាណជា៣០នាក់ ។ពួកបះបោរស្និទ្ធរុស្ស៊ី ក៏ដណ្តើមកាន់កាប់ទីស្នាក់ការអយ្យការ និងទីស្នាក់ការទូរទស្សន៍ផងដែរ ។ ប៉ូលិសមូលដ្ឋានពុំហ៊ានតតាំងអ្វីឡើយ ។ ប្រតិបត្តិការនេះហាក់ដូចជាអាចឱ្យពួកបំបែកខ្លួននិយមត្រួតត្រារដ្ឋធានីតំបន់ទី២នៅភាគខាងកើតអ៊ុយក្រែន ។
ពួកបំបែកខ្លួននិយមត្រួតត្រាបានរួចហើយមួយផ្នែកយ៉ាងធំ នៃតំបន់ដូណេតស្ក៍ ដែលនៅទីនោះពួកគេប្រកាសបង្កើតសាធារណរដ្ឋដូណេតស្ក៍មួយ ហើយប្រកាសពីការបោះប្រជាមតិមួយនាថ្ងៃទី១១ ឧសភា ខាងមុខនេះ។ ការដណ្តើមកាន់កាប់ក្រុងលូហ្គានស្ក៍ នឹងអាចឱ្យពួកបំបែកខ្លួននិយមស្និទ្ធរុស្ស៊ី ត្រួតត្រាតំបន់រ៉ៃ Donbass ជាប់ព្រំដែនរុស្ស៊ីទាំងស្រុង ។ តំបន់រ៉ែនោះមានរោងចក្រស្លដែកជាច្រើន ដែលផ្តល់ប្រមាណជា១/៣ នៃ ផលិតកម្មឧស្សាហកម្មអ៊ុយក្រែន ៕
ចែករំលែកព័តមាននេះ