រាជធានីភ្នំពេញ ៖ ពស់ថ្លាន់ញីឈ្មោល២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅលើរោងចិញ្ចឹមឆ្កែ ហើយក៏បានរាយការណ៍ដល់អាជ្ញាធរ និងសមត្ថកិច្ចនាំគ្នាជួយចាប់ តែពស់បានលូនចូលក្នុងប្រឡោះជញ្ជាំងឥដ្ឋបាត់ទៅ ។ ករណីនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី២០ ខែតុលា នៅចំណុចផ្ទះលេខ៥៩១ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
តាមម្ចាស់ផ្ទះឈ្មោះ ទន់ ពេជ្រ ភេទប្រុសអាយុ៨៣ឆ្នាំ បានឱ្យដឹងថា នាវេលាម៉ោងប្រមាណ៩ព្រឹក ពេលរូបគាត់និងក្រុមគ្រួសារចេញមកក្រៅផ្ទះដែលមានដើមឈើ ក៏ប្រទះឃើញ ពស់ថ្លាន់២ក្បាលនៅលើដំបូលរោងចិញ្ចឹមឆ្កែ ។ភ្លាមនោះគាត់បានហៅអ្នកភូមិដើម្បីឱ្យជួយចាប់យកទៅលែង តែពុំមានអ្នកណាម្នាក់ហ៊ានចាប់ឡើយ ។ លុះនៅវេលារសៀល ក៏បានរាយការណ៍ប្រាប់អាជ្ញាធរ និងនគរបាលឲ្យជួយចាប់ តែពស់បានលូនចូលទៅក្នុងប្រឡោះជញ្ជាំងផ្ទះបាត់ទៅ ។
នៅរសៀលថ្ងៃនោះដែរ គេឃើញអ្នកភូមិយកម៉ូទ័រដើរបុកជញ្ជាំងដើម្បីតាមចាប់ពស់ថ្លាន់ទាំង២ក្បាល ។ តាមព័ត៌មានឱ្យដឹងថា ពស់ថ្លាន់នោះមួយក្បាលៗប៉ុនកំភូនជើងនិងសង្ស័យញី ឈ្មោល ដែលបានលូនចេញពីក្នុងព្រៃដីឡូត៍នៅក្បែរនោះមករកចំណី ។ តាមម្ចាស់ផ្ទះឱ្យដឹងទៀតថា គាត់មានការព្រួយបារម្ភពីពស់ថ្លាន់នោះ ព្រោះបើសិនជាចាប់មិនបានទេ វាអាចលូនចេញនៅពេលយប់ស៊ីមាន់ឬឆ្កែ និងអាចបង្កគ្រោះថ្នាក់ដល់ក្មេងៗ ។ទោះបីជាយ៉ាងណា អ្នកភូមិខ្លះបានបន្តយកដែក និងទុយោចាក់ដើម្បីឱ្យពស់លូនចេញ ហើយចាប់ប្រគល់ឲ្យនគរបាលយកទៅលែងនៅភ្នំតាម៉ៅ ៕
ចែករំលែកព័តមាននេះ