សមាជិកសភាមួយរូបលោកតាហាមុ៉កនី គូសបញ្ជាក់ថា ពួកជនប្រដាប់អាវុធបានវាយប្រហារលើទីតាំងរបស់សភាជាតិលីប៊ី ដែលត្រៀមសម្រាប់ការជ្រើសរើសប្រមុខរដ្ឋាភិបាលនាថ្ងៃទី២៩ មេសា ។ សមាជិកសភារូបនោះបន្តថា យើងបានផ្អាកការងាររបស់យើង ហើយការបោះឆ្នោតជ្រើសតាំងប្រមុខរដ្ឋាភិបាលថ្មីត្រូវពន្យារពេលដល់សប្តាហ៍ក្រោយ ។
ទីស្នាក់ការសភាលីប៊ីតែងជាគោលដៅនៃការវាយប្រហាររបស់ក្រុមប្រដាប់អាវុធដូចជា ការវាយប្រហារកាលពីថ្ងៃទី២ មីនា បណ្តាលឱ្យសមាជិកសភា២នាក់ត្រូវរបួសដោយគ្រាប់កាំភ្លើងជាដើម ។ ក្នុងការវាយប្រហារលើកនេះបណ្តាសមាជិកសភាត្រូវជម្លៀសចេញ ហើយស្នូរកាំភ្លើងនៅស្តាប់ឮជុំវិញសភា ។
មុនការវាយប្រហារបន្តិច បណ្តាសមាជិកសភាត្រៀមធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីមួយរូបរវាងបេក្ខជន២រូប គឺលោក AHMED MIITIG អ្នកជំនួញមានប្រភពពីទីក្រុងមីស្ត្រាតា និងលោកអូម៉ាអាល់ ហាស៊ី សាស្ត្រាចារ្យសាកលវិទ្យាល័យក្រុងបេនហ្គាហ្ស៊ី ។
យោងតាមបណ្តាសមាជិកសភាថា ការវាយប្រហារថ្មីនេះកើតមានក្រោយពីមានជម្លោះរវាងពួកអ្នកតវ៉ាប្រដាប់អាវុធ និងកងឆ្មាំការពារសភា។ ចំណែកអ្នកខ្លះទៀតថា ការវាយប្រហារធ្វើឡើងដោយពួកអ្នកគាំទ្របេក្ខជននាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមបេក្ខជនទាំង២រូប ក្រោយពួកគេទទួលព័ត៌មានថា បេក្ខជនរូបនោះអាចទទួលបរាជ័យក្នុងពេលបោះឆ្នោតក្នុងសភា ៕
ចែករំលែកព័តមាននេះ