ប្រសិន បើអ្នកជាមនុស្សដែលតែងតែគិតឃើញពីអាហារមិនថា ជាការចម្អិនអាហារ បរិភោគអាហារ ឬអ្វីផ្សេងដែលទាក់ទិននឹងអាហារទេ តើអ្នកធ្លាប់គិតពីវិធីរកលុយពីចំណូលចិត្តមួយនេះរបស់អ្នកទេ ?
ប្រាកដណាស់ ការពិតជាក់ស្តែងមានវិធីជាច្រើន ដែលអ្នកអាចរកលុយពីការងារ និងអាជីវកម្មដែលទាក់ទិននឹងអាហារបាន ហើយភាគច្រើនអ្នកអាចធ្វើវាក្រៅម៉ោង ឬនៅផ្ទះថែមទៀតផង ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចូរអាន និងសាកល្បងគំនិតខាងក្រោមនេះ ៖
១. សរសេរ និងចែករំលែកពីអាហារ ៖
មានមនុស្សជាច្រើនដែលជួបការលំបាកក្នុងការស្វែងរកកន្លែងទទួលទានអាហារថ្មីៗ និងឆ្ងាញ់ៗដូច្នេះប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តសាកល្បងអាហារថ្មីៗ អ្នកអាចធ្វើដូច្នេះបានរួចចែករំលែកពីបទពិសោធន៍ និងទស្សនៈរបស់អ្នកលើអាហារ និងកន្លែងទទួលទានជាដើម ។
អ្នកអាចចែករំលែកក្នុងទ្រង់ទ្រាយជា Blog, វីឌីអូ ឬលើប្រព័ន្ធសង្គមអ្នកបានដោយងាយ ហើយនៅពេលដែលអ្នកទទួលបានការគាំទ្រច្រើនហើយអ្នកនឹងមានឱកាសក្នុងការក្លាយជា Food Influencer ដែលត្រូវបានទាក់ទាញដោយអាជីវកម្មលក់អាហារផ្សេងៗសម្រាប់ការផ្សព្វផ្សាយ ដើម្បីប្តូរបានកម្រៃជាដើម ។
២. ចែករំលែករូបមន្តចម្អិនអាហារ ៖
បើអ្នកជាមនុស្សដែលស្រលាញ់ការចម្អិនអាហារខ្លួនឯងជាងនោះក៏អ្នកអាចប្រើវិធីខាងលើបានដែរ ប៉ុន្តែគ្រាន់តែប្តូរពីចែករំលែកបទពិសោធន៍ញុាំទៅចែករំលែកពីរូបបន្តចម្អិនអាហារ និងគន្លឹះងាយៗបាន ។
ជាក់ស្តែង លើប្រព័ន្ធអ៊ីនធើណែតមានរូបមន្តទាំងនេះជាច្រើន ប៉ុន្តែវាភាគច្រើនត្រូវបានសរសេរ ឬមានការនិយាយជាភាសាអង់គ្លេស ។ ដូច្នេះអ្នកនឹងមានឱកាសច្រើនក្នុងការទាក់ទាញអ្នកគាំទ្រ ប្រសិនបើអ្នកអាចសរសេរ ឬនិយាយក្នុងវីឌីអូរបស់អ្នកជាភាសាខ្មែរ ។
៣. លក់អាហារអនឡាញ ៖
ផ្ទុយមកវិញ បើអ្នកមិនមែនជាមនុស្សដែលចូលចិត្តការសរសេរ ឬនិយាយចេញមុខច្រើន អ្នកក៏អាចលក់អាហារដែលអ្នកចម្អិន ឬធ្វើអនឡាញផងដែរ ។ អាជីវកម្មប្រភេទនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយអ្នកអាចមើលឃើញមានការលក់ម្ជូរ អំពិល និងចំណីផ្សេងៗជាដើម។ ហើយប្រាកដណាស់អាហារគ្មានព្រំដែនទេ ហើយអ្វីដែលអ្នកអាចលក់បានក៏មានច្រើនដែរព្រោះអ្វីដែលសំខាន់គឺអនាម័យ និងរសជាតិ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ