ខេត្តប៉ៃលិន ៖ នៅក្នុងសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ២០១៤ អយ្យការអមសាលាដំបូងខេត្តប៉ៃលិនបានរៀបចំកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធនឹងយុត្តិធម៌អនីតិជនលើកទី៥ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកស្រី ពៅ សុខប្រធាន គណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ លោក កៅ ឌីណា ប្រធានកម្មវិធីយុត្តិធម៌ស្រ្តី ព្រមទាំងមន្រ្តីនគរបាល មន្រ្តីកងរាជអាវុធហត្ថ ស្រុក ក្រុង និងខេត្ត មន្រ្តីសាលាដំបូងខេត្ត មន្រ្តីពន្ធនាគារ និងមន្រ្តីមកពីមន្ទីរជុំវិញខេត្តយ៉ាងច្រើនកុះករ ។
លោក កៅ ឌីណា ប្រធានកម្មវិធីយុត្តិធម៌ស្រ្តី បានឱ្យដឹងថាកិច្ចប្រជុំនេះមានលក្ខណៈប្រសើរខ្លាំងណាស់ ហើយបើតាមរបាយ ការណ៍សង្ខេបពីក្រុមបច្ចេកទេស នេះជាកិច្ចប្រជុំលើកទី៥ ឬជាទី៦ទៅហើយ។តែដោយកិច្ចប្រជុំលើកទី១ លោកព្រះរាជអាជ្ញា មានប្រសាសន៍ថា ជាកិច្ចប្រជុំសាកល្បងដូច្នេះយើងមិនចាំបាច់រាប់បញ្ចូលនោះឡើយ។ លោកបានបន្តទៀតថានៅពេល មានកិច្ចប្រជុំម្តងៗ យើងតែងតែមានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ គ្នាទៅវិញទៅមកដោយមានចម្ងល់ឬឧបសគ្គត្រង់កន្លែង ណាអស់លោក លោកស្រីតែងតែលើកឡើងជាសំណួរហើយព្រះរាជអាជ្ញាតែងតែផ្តល់ចម្លើយយ៉ាងក្បោះក្បាយទូលំទូលាយហើយពេលខ្លះទៀត លោកក៏មានផ្តល់ឯកសារជូនដល់យើងរាល់គ្នាផងដែរ ។
លោក ជុំ សែនសទ្ធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថាលោកពិតជាមានការសប្បាយរីករាយខ្លាំងមែន ទែនដោយសារកម្មវិធីនេះបានធ្វើកិច្ចប្រជុំជារៀងរាល់បីខែម្តងដោយមានអស់លោក លោកស្រីទាំងអស់អញ្ជើញចូលរួមហើយ សុខចិត្តចំណាយពេលវេលាដ៏មានតម្លៃ ដែលរៀបចំឡើងដោយអយ្យការអមសាលាដំបូងខេត្តប៉ៃលិននិងមានការឧបត្ថម្ភ និងជំនួយពីអង្គការជំនួយផ្នែកច្បាប់និងជំនួយផ្ទាល់ពីអូស្រ្តាលី ដោយបច្ចុប្បន្ននេះ យើងលែងហៅថាអូសអេដ (AUSAID)ទៀត ។ លោកបន្តទៀតថា លោកបានតាមដាននូវរឿងមួយចំនួនដែលពាក់ព័ន្ធទៅនឹងបញ្ហាការធ្វើកោសល្យវិច័្ចយជាដើម ឃើញថាមិនមានការយឺតយ៉ាវទៀតទេ ទាក់ទងទៅនឹងខាងមន្ទីរសុខាភិបាលនោះ ដោយធ្វើឡើងយ៉ាងរលូនទាន់ពេលវេលា ។
ចែករំលែកព័តមាននេះ