ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី PARK GEUN-HYE កាលពីថ្ងៃទី២៩ មេសា បានសុំទោសចំពោះការលិចនាវាដឹកអ្នកដំណើរដោយគូសបញ្ជាក់ថា រដ្ឋាភិបាលពុំអាចរារាំងគ្រោះមហន្តរាយនោះ ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយផ្សាយតាមទូរទស្សន៍ជាតិ លោកស្រី PARK មានប្រសាសន៍ថា ខ្ញុំសុំអភ័យទោសចំពោះប្រជាជន ហើយខ្ញុំមានការក្តុកក្តួលខ្លាំងណាស់ចំពោះការបាត់បង់ជីវិតដ៏ថ្លៃថ្លារបស់មនុស្សជាច្រើននាក់ ។ លោកស្រីបន្តថា តើខ្ញុំអាចសុំទោសបែបណា ដែលពុំអាចរារាំងគ្រោះថ្នាក់នេះ និងចំពោះការឆ្លើយតបមិនគ្រប់គ្រាន់ពីដំបូងដែលនាំឱ្យឪពុកម្តាយ សាច់ញាតិគ្រួសារជនរងគ្រោះមានការឈឺចាប់។
លោកស្រី PARK សន្យាពីការបង្កើតទីភ្នាក់ងាររដ្ឋាភិបាលមួយទទួលបន្ទុកដោះស្រាយគ្រោះថ្នាក់ធំៗបែបនោះ ។ ថ្ងៃទី២៩ មេសា គឺ ជាថ្ងៃទី១៤ ហើយដែលប្រតិបត្តិការរុករកជនរងគ្រោះដោយសារការលិចនាវា SEWOL ក្នុងដែនទឹកកោះជីនដូ នៅបន្ត ។ ដោយសារទឹកសមុទ្រកញ្ជ្រោលខ្លាំង ព្រោះខ្យល់ និងរលកធំៗ ការមុជរុករកក្នុងនាវាកាន់តែលំបាក ។ កងឆ្មាំឆ្នេរសមុទ្រ កងម៉ារីន និងពួកអ្នកសង្គ្រោះសុីវិល នាព្រឹកថ្ងៃទី២៩ មេសា រកឃើញសាកសពមនុស្ស៤នាក់ទៀត ធ្វើឱ្យចំនួនអ្នកស្លាប់ដែលស្រង់ចេញពីទឹកឡើងដល់១៩៣នាក់ ហើយមនុស្ស១០៩នាក់ ទៀត នៅបាត់ខ្លួន ៕
ចែករំលែកព័តមាននេះ