មនុស្សជាច្រើននាក់ត្រូវរបួសកាលពីថ្ងៃទី២៨ មេសា ក្នុងការវាយប្រហាររបស់ពួកសកម្មជនបំបែកខ្លួននិយមស្និទ្ធរុស្សុី លើពួកបាតុករគាំទ្រឯកភាពអ៊ុយក្រែន នៅទីក្រុងដូណេតស្ក៍ ភាគខាងកើតប្រទេស ។ អ្នកកាសែតរយទ័រម្នាក់អះអាងថា បានឃើញមនុស្សយ៉ាងតិច១០នាក់ ត្រូវរបួសក្បាលពេលពួកសកម្មជនបំបែកខ្លួននិយមច្រើនសិបនាក់ប្រដាប់ដោយដំបងប៉ុនប៉ងបំបែកការប្រមូលផ្ដុំមនុស្សប្រមាណជា២.០០០នាក់ ដែលនាំគ្នាស្រែកពាក្យថា ដូណេតស្ក៍ គឺអ៊ុយក្រែន បដិសេធពូទីន ហើយពួកគេនាំគ្នាគ្រវីទង់ជាតិអ៊ុយក្រែន ។ ពេលមានការប៉ះទង្គិចគ្នា ក៏មានការប្រើផាវ ហើយមានការគប់គ្រាប់បែកធ្វើឱ្យហឹងត្រចៀកមួយគ្រាប់ ។
លោក នីកូឡៃ សូលណេតសេវ អ្នកនាំពាក្យរបស់សាធារណរដ្ឋដូណេតស្ក៍ ប្រកាសដោយពួកបំបែកខ្លួននិយមបានចោទប្រកាន់ពួកបាតុករស្និទ្ធអ៊ុយក្រែនថាបង្កហេតុ ។ ថ្ងៃទី២៨ មេសា គេកត់សម្គាល់ឃើញកើតមានអំពើហិង្សាក្នុងទីក្រុងជាច្រើននាភាគខាងកើតអ៊ុយក្រែន ដែលនៅទីនោះ ពួកសកម្មជនស្និទ្ធរុស្សុីដណ្ដើមកាន់កាប់ សាលាក្រុងគូស្ទីយ៉ាន ទីនីវកា ពេលនៅក្រុងដូណេតស្ក៍មានការវាយប្រហារលើពួកអ្នកស្និទ្ធអ៊ុយក្រែន ។ ចំណែកអភិបាលក្រុងខាគៀវ មានប្រជាជន១,៤លាននាក់ លោក ហ្គេនណាឌី គ័រណេស ត្រូវរបួសជាទម្ងន់ដោយគ្រាប់កាំភ្លើងដែលអាចញ៉ាំងឱ្យសភាពការណ៍កាន់តែដុនដាបក្នុងតំបន់ឧស្សាហកម្មដែលប្រជាជនភាគច្រើននិយាយភាសារុស្សុី នោះ ។
អាជ្ញាធរអ៊ុយក្រែនរាយការណ៍កាលពីថ្ងៃទី២៨ មេសា ថា មនុស្សប្រមាណជា៤០នាក់ត្រូវចាប់ជាចំណាប់ខ្មាំងនៅទីក្រុងស្លាវីយ៉ានស្ក៍ ភាគខាងកើតអ៊ុយក្រែន ដោយនៅទីនោះពួកបាតុករស្និទ្ធរុស្សុីត្រួតត្រាអគាររដ្ឋជាច្រើន ។ កាលពីថ្ងៃទី២៥ មេសា កន្លងមកនេះ ពួកបំបែកខ្លួននិយមស្និទ្ធរុស្សុី បានឃាត់ចាប់រថយន្ដបឺស១គ្រឿងដែលដឹកអ្នកសង្កេតការណ៍អឺរ៉ុប៨នាក់ ព្រមទាំងនាយទាហានអ៊ុយក្រែនអមដំណើរ៥នាក់ ។ ពួកអ្នកចាប់ឃុំ អ្នកទាំងនោះអះអាងថា រកឃើញចារបុរសអ៊ុយក្រែនម្នាក់ដែលធ្វើដំណើររួមជាមួយក្រុមនោះ ។ កាលពីថ្ងៃទី២៧ មេសា ពួកបំបែកខ្លួននិយមបានដោះលែងអ្នកសង្កេតការណ៍ម្នាក់ដោយសារហេតុផលសុខភាព ប៉ុន្ដែប្រកាសថា ពុំមានផែនការដោះលែងពួកអ្នកឯទៀតឡើយ ។
កាលពីថ្ងៃទី២៨ មេសា ចលនាតវ៉ាស្និទ្ធរុស្សុី បានរាលដាលដល់ទីក្រុងមួយទៀតនៅភាគខាងកើតអ៊ុយក្រែន ដោយជនសកម្មប្រយុទ្ធ១ក្រុមភាគច្រើនពាក់ម៉ាស់បានដណ្ដើមត្រួតត្រាអគាររដ្ឋមួយនៅទីក្រុងហ្គ័រឡូវកា ក្នុងតំបន់ដូណេតស្ក៍ ។ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានលាតត្រដាងពីទណ្ឌកម្មថ្មីៗប្រឆាំងក្រុងមូស្គូដែលទទួលការចោទប្រកាន់ថា បង្កអស្ថេរភាពនៅភាគខាងកើតអ៊ុយក្រែន ។ ទណ្ឌកម្មថ្មីរបស់អាមេរិក សំដៅលើមន្ដ្រីជាន់ខ្ពស់៧រូបរបស់លោកពូទីន និងសហគ្រាស១៧ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្សុី ។ ចំពោះទណ្ឌកម្មគឺហាមឃាត់មិនផ្ដល់ទិដ្ឋាការ និងការផ្អឹបទុកទ្រព្យសម្បត្ដិ ។ អាមេរិកក៏ចាត់វិធានការប្រឆាំងការនាំចេញបច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ឧស្សាហកម្មការពាររុស្សុីផងដែរ ។
ជាការឆ្លើយតបវិញ ប្រទេសរុស្សុី កាលពីថ្ងៃទី២៨ មេសា បានសន្យាឆ្លើយតបវិញដោយឈឺចាប់បំផុតចំពោះទណ្ឌកម្មថ្មីទាំងនោះរបស់អាមេរិក ។ ទោះបីយ៉ាងណា ប្រទេសរុស្សុីអះអាងជាថ្មីថា ខ្លួននឹងមិនវាយប្រហារអ៊ុយក្រែនឡើយ ។ រដ្ឋមន្ដ្រីការពារប្រទេសរុស្សុី លោក ស័រហ្គេយឆយហ្គូ អះអាងជាថ្មីថា កងទ័ពរុស្សុីនឹងមិនលុកលុយអ៊ុយក្រែនឡើយ ។ លោកបានអះអាងបែបនេះ ពេលសន្ទនាគ្នាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក CHUCK HAGEL កាលពីថ្ងៃទី២៨ មេសា ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន និយាយថា ក្នុងពេលនោះ លោក HAG-EL និយាយថា សភាពការណ៍នៅតែគ្រោះថ្នាក់ ហើយលោកអំពាវនាវជាថ្មីដល់រុស្សុីឱ្យបញ្ឈប់ការប្រើឥទ្ធិពលខ្លួនបង្កអស្ថេរភាពនៅអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ