ប្រទេសកូរ៉េខាងជើងមានបំណងធ្វើ នាថ្ងៃទី២៩ មេសា នូវសមយុទ្ធយោធាបាញ់គ្រាប់ពិតទៀតហើយ នៅជិតព្រំដែនសមុទ្រដែលមានភាពចម្រូងចម្រាស់ជាមួយកូរ៉េខាងត្បូងដែលនោះជាលើកទី២ រយៈពេលមិនដល់មួយខែផង ។អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ថ្លែងថា កូរ៉េខាងជើងប្រាប់យើងថា នឹងមានសមយុទ្ធបាញ់គ្រាប់ពិតនៅភាគខាងជើងនៃព្រំដែនក្បែរកោះ Yoeonpyeong និងកោះ Baengnyeong របស់កូរ៉េខាងត្បូង ។ កងទ័ពយើងបានត្រៀមខ្លួនរួចហើយ ឯបណ្តានាវានេសាទកូរ៉េខាងត្បូង ដែលស្ថិតក្នុងតំបន់នោះទទួលបញ្ជាឱ្យចាកចេញ ។
កូរ៉េខាងជើងបានធ្វើសមយុទ្ធបែបនោះរួចហើយ កាលពីថ្ងៃទី៣១ មីនា បណ្តាលឱ្យគ្រាប់ផ្លោងជាច្រើនគ្រាប់ធ្លាក់ក្នុងដែនទឹកកូរ៉េខាងត្បូង ដែលតបតវិញ នាំឱ្យប្រជាជនកោះទាំងពីររត់រកជម្រកការពារ ។ ឧប្បត្តិហេតុនោះ ពុំបណ្តាលឱ្យមានមនុស្សស្លាប់ ឬការខូចខាតសម្ភារឡើយ ក៏ប៉ុន្តែនាំឱ្យមានភាពតានតឹងដែលមានស្រាប់នៅឧបទ្វីបកូរ៉េ ក្រោយការគំរាមរបស់កូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរថ្មី ។ ការប្រកាសពីសមយុទ្ធបាញ់គ្រាប់ពិតនោះក៏ត្រូវបានធ្វើ ពេលប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា មកកាន់កូរ៉េខាងត្បូង កាលពីថ្ងៃទី២៦ មេសា ៕
ចែករំលែកព័តមាននេះ