រាជធានីភ្នំពេញ ៖ ដើម្បីទទួលបានសមត្ថភាពកាន់តែប្រសើរផ្នែកព័ត៌មានវិទ្យា ឬអាយធី ក្រុម និស្សិតកម្ពុជាបានស្នើដល់ប្រទេសកូរ៉េក៏ដូចជា បណ្តាប្រទេសផ្សេងៗទៀតជួយបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យានេះ ដល់និស្សិតកម្ពុជាឲ្យបានច្រើន ។

លោកសម្បត្តិ តំណាង ឲ្យនិស្សិតផ្នែកព័ត៌មានវិទ្យាមកពីវិទ្យាស្ថានមួយ ក៏ដូចជា និស្សិត និងបុគ្គលិស្ថាប័នឯកជន ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកព័ត៌មាន ដោយគ្រូបង្រៀនមកពីប្រទេសកូរ៉េ បានឲ្យដឹងនារសៀល ថ្ងៃទី១៨ ខែតុលានេះ នៅសណ្ឋាគាផាលែសហ្គាតថា នេះជា វគ្គបណ្តុះបណ្តាលពិសេសមួយដែលអាចជួយជំរុញការផ្តល់អប់រំបន្ថែមទៀតទៅលើប្រព័ន្ធបច្ចេកវិទ្យាដល់បណ្តាបុគ្គលិកមកពីក្រុមហ៊ុននីមួយៗក៏ដូចជា និស្សិតផងដែរ ។

លោកសម្បត្តិ ក៏បានអំពាវនាវឲ្យកូរ៉េ ក៏ដូចជា បណ្តាប្រទេសផ្សេងៗទៀតបង្កើតវគ្គបណ្តុះបណ្តាលផ្នែព័ត៌មានវិទ្យាបែបនេះឲ្យកាន់តែច្រើនទៀតដល់និស្សិតកម្ពុជា ឬបុគ្គលិកនៅតាមស្ថាប័ន អង្គការ គ្រឹះស្ថានឯកជន មានចំណេះដឹងច្បាស់លាស់ ក្នុងវិស័យអាយធីនេះផងដែរ ។ ជាមួយគ្នានោះដែរ លោកក៏បានឲ្យដឹងថា ផលវិបាកចំពោះលោក គឺសម្រាប់វគ្គបណ្តុះបណ្តាលនេះ គឺផ្នែកភាសាព្រោះថា ភាសាអង់គ្លេសរបស់លោកនៅមានកម្រិត ពោល គឺការនិយាយទៅកាន់គ្រូបង្រៀន ។
តែយ៉ាងណាក្តីលោកអះអាងថា ការបង្រៀននឹងអាចទទួលយកចំណេះពីគ្រូកូរ៉េផ្នែកព័ត៌មានបច្ចេកវិទ្យានេះបានប្រមាណ៨០ភាគរយ ។ ចំណែកតំណាងភាគីកូរ៉េបានឲ្យដឹងថា ការបណ្តុះបណ្តាជំនាញអាយធីបន្ថែមដល់និស្សិតកម្ពុជាក៏ដូចជា បុគ្គលិកដែលកំពុងធ្វើនៅតាមស្ថាប័ននានាចាប់ផ្តើមតាំងពីថ្ងៃទី១៤ ខែតុលាមកម្ល៉េះ ។ លោកបន្តថា ការបណ្តុះបណ្តាលនេះបានបង្ហាញពីបច្ចេកទេសផ្នែកSoftware និងhardware ហើយអ្នកដែលចូលរួមផ្នែកបណ្តុះបណ្តាលនេះ សុទ្ធតែមានជំនាញផ្នែកអាយធីពីបណ្តាក្រុមនៅក្នុងស្រុកខ្មែរ មកពីបណ្តាធនាគានានា និងនិស្សិតដែលកំពុងសិក្សា ហើយទៅធ្វើការតាមស្ថាប័នឯកជនមួយចំនួនទៀត ។
លោកក៏បានឲ្យដឹងថា ការបណ្តុះបណ្តាលនេះក៏មានការបង្ហាញ និងអនុវត្តផ្ទាល់ចំពោះបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលមកពីប្រទេសកូរ៉េផងដែរ ។ លោកបញ្ជាក់ថា«យើងក៏យកឧបករណ៍មកដើម្បីបង្ហាញដល់សិក្ខាកាមដែលចូលរួមសិក្សាអីញ្ចឹងអ្នកទទួលក៏ទទួលបានទាំងផ្នែកអនុវត្តផ្ទាល់ដែលអាចប្រើនៅកន្លែងធ្វើការបានផងដែរ» ។
បើតាមតំណាងភាគីកូរ៉េក៏បានឲ្យដឹងថា បណ្តុះបណ្តាលនេះមានរយៈពេលបីលើកមកហើយ ដោយមានការផ្តល់ពីក្រុមហ៊ុន កូរ៉េ ដែលផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាព័ត៌មាន ទាំងការជួសជុល និងសេវាកម្មដែលមានភាពធូរថ្លៃ ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ទ៌មានរបស់កូរ៉េនេះ មានតំណាងស្ថាប័នចូលរួមឯកជនចំនួន១៧ស្ថាប័ន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ