រាជធានីភ្នំពេញ ៖ សារតបទៅនឹងការបញ្ចេញមតិនានាពីសំណាក់អ្នកច្បាប់ទាំងឡាយទាក់ទិនទៅនឹងសេចក្តីព្រាងច្បាប់ចំនួន៣ ដែលគណៈរដ្ឋមន្ត្រីបានប្រជុំ និងអនុម័តរួចហើយ កាលពីថ្ងៃទី១៨ មេសា កន្លងមក ដែលសេចក្តីព្រាងច្បាប់ទាំង៣ នោះគឺ ទាក់ទងនឹងវិស័យតុលាការ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើការរិះគន់មួយទៅអ្នកច្បាប់ទាំងឡាយនោះ ដោយសម្តេចតបថា សូមឱ្យមានការខ្មាសអៀនផង ។
ការពិតគឺបានស្តាប់នូវយោបល់ជាច្រើនសារាប់មិនអស់ទេ ហើយថែមទាំងបានយកមកធ្វើជាសំយោគយូរមកហើយ បុ៉ន្តែបញ្ហាគឺស្ថិតនៅត្រង់ថា យើងអត់បានទៅសុំអង្វរគាត់ឱ្យមកជួយ ។ គាត់បាត់អាជីព តែសុំឱ្យមានការខ្មាសអៀនខ្លះផង ព្រោះអំណាចរបស់យើងមិនមែនជាអំណាចដែលរាជរដ្ឋាភិបាល ឬក្រសួងយុត្តិធម៌ដែលជាអ្នកព្រាងច្បាប់ហ្នឹងបញ្ជូនទៅឱ្យគាត់ មុនបញ្ជូនទៅគណៈរដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រីត្រូវបញ្ជូនទៅឱ្យគាត់មុនពេលបញ្ជូនទៅរដ្ឋសភាទេ មិនមែនដូច្នោះទេ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើការរិះគន់បែបនេះនាព្រឹកថ្ងៃទី២៨ មេសា នៅវិទ្យាស្ថានជាតិអប់រំ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតជ័យលាភីចំនួន១.៨២៣នាក់ (នារី៥៨៦នាក់) ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១១-២០១២ កន្លងមកនៃសាកលវិទ្យាល័យអាស៊ី អឺរុ៉ប ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៥២នាក់ផងដែរ ។
សម្តេចតេជោបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះគាត់បាននិយាយថា អត់បានពិគ្រោះជាមួយប្រជាជន ការពិតគាត់ចង់ឱ្យយើងទៅពិគ្រោះជាមួយគាត់ រួចគាត់ធ្វើបែបបទទៅស្នើសុំលុយប្រទេសគេដើម្បីយកមកធ្វើសិក្ខាសាលារបស់គាត់ទៀត ។ ច្បាប់នេះគឺយកលំនាំពីប្រទេសបារាំង អូស្ត្រាលី និងប្រទេសមួយចំនួនទៀត ។ អ្នកច្បាប់នោះលើកឡើងថា យកតាមលំនាំរបស់ប្រទេសគេក៏យកហើយ ក៏ប៉ុន្តែគួរតែគិតក្នុងស្រុកផងដែរ ។ សម្ដេចតេជោមានប្រសាសន៍ថា កាលពីលើកមុនយើងគិតធ្វើយ៉ាងម៉េចកាត់ស្បែកជើងតម្រូវជើង កាត់មួកតម្រូវក្បាល… ។ បែរជាគាត់លើកថា អត់ត្រូវស្តង់ដាអន្តរជាតិ ។ លុះដល់បច្ចុប្បន្ន យើងយកមកប្រៀបធៀបគ្នា មានរៀបអនុវត្តនៅប្រទេសមួយចំនួន ព្រះរាជអាជ្ញានៅកន្លែងណា ចៅក្រមនៅកន្លែងណា គឺយកតាមរបៀបអន្តរជាតិ ហើយប្រទេសនោះគេបានជួយឧបត្ថម្ភទាំងស្រុងទៀត ជួយសរសេរច្បាប់នោះទៀត ។ គ្រាន់តែយើងអនុម័តមានការយូរ អាណតិ្តទី៤ ធ្វើអត់បាន ឈានចូលអាណត្តិទី៥ ខំប្រឹងធ្វើ ដល់ពេលធ្វើទៅ គេថាលឿនពេក មិនបានពិគ្រោះជាមួយគេ ។
សម្តេចបានរិះគន់ថា បើចង់អនុម័តច្បាប់អ្វីចូលរួមបោះឆ្នោត ធ្វើសមាជិកសភាទៅនោះបានហើយ ហើយអ្នកដែលចង់ពិភាក្សាអ្វី ចូលពិភាក្សាក្នុងសភាទៅ ។ ច្បាប់គេអត់និយាយតាមចិញ្ចើមថ្នល់ទេ គេអត់ជជែកតាមចិញ្ចើមថ្នល់ទេ ចំពោះបញ្ហាច្បាប់នេះ អ្វីៗក៏ដោយគេយកទៅអនុម័តនៅសភាឯណោះ បើនិយាយអំពីច្បាប់ ។ បើសិនជាព្រះរាជ្យក្រឹត្យ អនុក្រឹត្យ គឺគេត្រូវប្រជុំនៅគណៈរដ្ឋមន្ត្រី ។ នេះគឺចែកជូនត្រឡប់ទៅវិញ ការពិតយើងបានស្តាប់នូវយោបល់ច្រើនហើយ ស្តាប់វាហៀរមិនដឹងជាប៉ុន្មានកាម៉ាស្សទេ…។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ឥឡូវវាដំណើរការធម្មតា ព្រោះសង្គមប្រជាធិបតេយ្យនៅលើពិភពលោកយើងនេះ អត់មានស្មើដូចគ្នាទាំងអស់ទេ ព្រោះមានខ្លះក៏សប្បាយ មានអ្នកខ្លះក៏យំទៅ ប៉ុន្តែយើងធ្វើយ៉ាងណាឱ្យអ្នកសប្បាយមានច្រើនជាងអ្នកយំ ។ បើនិយាយទៅវានាំបង្កើតរឿងតភាគ ដូច្នេះខ្ជិលនិយាយ ដល់ពេលមិនចង់និយាយទៅ តាំងគេមកទៀត បើមកក៏មកទៅ នៅឱ្យស្ងៀមសិនទៅ ។ និយាយប៉ុណ្ណឹង ធ្វើការធម្មតា ក្រសួងស្ថាប័ន ធ្វើការតាមជំនាញរបស់ខ្លួនធម្មតាទៅ ។
សម្តេចបានលើកថា គេនាំគ្នាចូលសាលា ខ្លួនឯងអត់ចូលសាលា រួចចាប់បង្ខំឱ្យអ្នកដែលចូលសាលាមិនឱ្យគេចូលសាលាដូចខ្លួនដែរឬ ? មិនដែលទេ បើគេចូលសាលាគឺចូលសាលាហើយ ឯអ្នកដែលមិនចូលសាលាគឺនៅតែក្រៅសាលាហើយ.. ចប់តែប៉ុណ្ណឹង ។ ចំណែកយើងចូលទៅក្នុងសាលាហើយ យើងមិននៅរង់ចាំអ្នកនៅក្រៅសាលា មិនចូលសាលាទេ ហើយកុំមកបន្ទោសគេ ។ គួររំឭកថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ នីតិកាលទី៥ នៃរដ្ឋសភា កាលពីថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៣ ក្រសួងយុត្តិធម៌ បានដាក់ចេញការងារជាអាទិភាពចម្បងរបស់ខ្លួន គឺការរៀបចំសេចក្តីព្រាងច្បាប់គោលសំខាន់ៗទាំង៣ ទាក់ទងនឹងវិស័យតុលាការ ពោលគឺច្បាប់ស្តីពីការរៀបចំអង្គការតុលាការ, ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ។ ការរៀបចំច្បាប់គោលទាំង៣នេះ គឺជាការចាប់ផ្តើមដ៏សំខាន់មួយសម្រាប់នីតិកាលទី៥ នៃរដ្ឋសភានេះលើការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាផ្នែកមួយដ៏សំខាន់នៃស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។
ច្បាប់គោលទាំង៣នេះ នឹងបង្កើតបានជាមូលដ្ឋានដ៏សំខាន់ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ ។ ម៉្យាងទៀតច្បាប់ គោលទាំង៣ នេះ គឺជាច្បាប់ដែលមានចែងចង្អុលក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចាត់ទុកជាប្រភេទច្បាប់រៀបចំអង្គការដ៏មានសារសំខាន់ ពាក់ព័ន្ធដល់ការរៀបចំ និងការគ្រប់គ្រងដំណើរការនៃអំណាចតុលាការ ដែលជាអំណាចមួយក្នុងចំណោមអំណាចគ្រប់គ្រងរដ្ឋទាំង៣ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ដោយហេតុថា ច្បាប់គោលទាំង៣នេះ មានភាពឆ្លើយឆ្លងប្រទាក់ក្រឡាគ្នាទៅវិញទៅមក ដូចនេះសេចក្តីព្រាងច្បាប់ទាំង៣នេះ ត្រូវបានរៀបចំនិងតាក់តែងឡើងព្រមពេលជាមួយគ្នា ក្នុងគោលបំណងធានាឱ្យបាននូវសង្គតិភាព និងភាពរលូនរវាងបទប្បញ្ញត្តិពាក់ព័ន្ធនានា ក៏ដូចជាដើម្បីធានាបាននូវសុខដុមនីយកម្មនៃការអនុវត្តគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការសម្រាប់នីតិកាលទី៥ នៃរដ្ឋសភានេះ ។
សេចក្តីព្រាងច្បាប់គោលទាំង៣នេះ ត្រូវបានតាក់តែងឡើងដោយផ្អែកតាមបទពិសោធន៍នៃ ប្រទេសដែលមាននីតិរដ្ឋរីកចម្រើនរឹងមាំនានា និងដោយមានការជួយរៀបចំពីអ្នកជំនាញការច្បាប់របស់សាធារណរដ្ឋបារាំង ។ សេចក្តីព្រាងច្បាប់ទាំង៣នេះគឺ ៖
១-សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
សេចក្តីព្រាងច្បាប់អង្គការតុលាកា រួមមាន៩១មាត្រា និងចែកចេញជា៨ជំពូក ។
២-សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរួមមាន៣១មាត្រា និងចែកចេញជា៦ជំពូក ។
៣-សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា
សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈនៃចៅក្រមនិងព្រះរាជអាជ្ញារួមមាន១១១មាត្រា និងចែកចេញជា៦ជំពូក ។ សេចក្ដីព្រាងច្បាប់នេះ កំណត់ពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា ព្រមទាំងគោលការណ៍ផ្សេងៗទៀតទាក់ទងនឹងចៅក្រម និងព្រះរាជអាជ្ញា ក្នុងគោលបំណងធានាឯករាជ្យនៃអំណាចតុលាការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះចៅក្រម និងព្រះរាជអាជ្ញាទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានច្បាប់ដោយឡែកកំណត់ផ្សេងពីនេះ ។ សេចក្ដីព្រាងច្បាប់នេះកំណត់ថា បុគ្គលដែលត្រូវជ្រើសរើសសម្រាប់ឱ្យបំពេញមុខងារជាចៅក្រមនិងព្រះរាជអាជ្ញា ត្រូវជាអ្នកមានសមត្ថភាព សុចរិត និងមានសីលធម៌ស្អាតស្អំ ៕
ចែករំលែកព័តមាននេះ