រាជធានីភ្នំពេញ ៖ នារីម្នាក់ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីត្រូវចោរប្លន់ប្រដាប់អាវុធ បាញ់ចំនួន៣គ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈនាងជិះម៉ូតូសេ១២៥ សេ៊រីឆ្នាំ២០១១ មួយគ្រឿង មកទទួលសង្សារចេញពីធ្វើការនៅមុខភោជនីយដ្ឋានយីហោសាច់អាំងភូមិយើង ស្ថិតនៅតាមវិថីសុធារស ខាងជើងស្ថានទូតរុស្សុី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ហេតុការណ៍ប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មេសា ហើយនាងបានស្លាប់នៅវេលាម៉ោង៥ភ្លឺ ថ្ងៃដដែល ។ នារីរងគ្រោះឈ្មោះ កុល ថាវី អាយុ២៥ឆ្នាំ ជាអ្នកធ្វើការនៅភោជនីយដ្ឋានមួយនៅម្តុំក្តាន់ពីរ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក មានស្រុកកំណើតនៅស្រុកសំបូរ ខេត្តក្រចេះ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ចំណែកយុវជនជាសង្សារឈ្មោះ ពាំង បួរតង ហៅលីវូត (ជនជាតិដើមភាគតិច) អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ធ្វើការនៅភោជនីយដ្ឋានសាច់អាំងភូមិយើង ។ យុវជន ពាំង បួរតង និយាយថា រូបគេបានស្រឡាញ់នាង កុល ថាវី រយៈពេលជាង៣ឆ្នាំមកហើយ និងជារៀងរាល់យប់ នាងចេញពីធ្វើការនៅម្តុំក្តាន់ពីរ ក្នុងខណ្ឌទួលគោក ជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AY-6560 មកទទួលខ្លួនទៅផ្ទះ ព្រោះពួកគេស្នាក់នៅជាមួយគ្នា ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា ។
នៅយប់កើតហេតុ នាងបានជិះម៉ូតូមកចាំដូចសព្វដង នៅចំណុចខាងលើវេលាម៉ោងជិត២រំលងអធ្រាត្រ ស្រាប់តែក្រុមចោរប្លន់ប្រដាប់អាវុធខ្លះថាមានគ្នា២នាក់ ខ្លះថាមានគ្នា៣នាក់ ជិះម៉ូតូមិនចាំម៉ាក ដកកាំភ្លើងភ្ជង់ និងបាញ់ជាបន្តបន្ទាប់ចំនួន៣គ្រាប់ ខណៈពេលនាងព្យាយាមស្រែកឆោឡោ ។ ក្រោយពីពួកចោរបាញ់ប្លន់ហើយ ក៏យកម៉ូតូនារីរងគ្រោះ ជិះគេចខ្លួនទៅបាត់ ។ ចំណែកនារីរងគ្រោះរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែក៏បានស្លាប់នៅវេលាម៉ោង៥ភ្លឺ ថ្ងៃដដែល ។
សមត្ថកិច្ចជំនាញឱ្យដឹងថា នារីរងគ្រោះត្រូវក្រុមចោរបាញ់ចំដើមដៃខាងឆ្វេង១គ្រាប់ និងដោះខាងឆ្វេង១គ្រាប់ ។ ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ចែករំលែកព័តមាននេះ