ខេត្ដកំពត ៖ អ្នកភូមិមួយគ្រួសារ នៅភូមិវត្ដអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ដែលបានជួលគ្រឿងចក្រអេស្កាវាទ័រជីកស្រះមួយដើម្បីយកទឹកប្រើប្រាស់សម្រាប់ស្រោចដំណាំបានប្រទះឃើញឈើគ្រញូងមួយដើមកប់ក្នុងដីល្បប់ជម្រៅប្រហែលជាង៣ម៉ែត្រ មានទំហំធំជាងមួយឱប មានទម្ងន់ជាងកន្លះតោន ដែលឈើនេះមិនដឹងជារលំកប់ក្នុងអូរនេះតាំងពីពេលណាមកទេ សូម្បីតែម្ចាស់ដីក៏ពុំដឹងដែរ ។
ក្រោយពីអេស្កាវាទ័រជីកប៉ះនិងបានលើកឡើងដាក់លើគោកក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិនៅក្បែរនោះ នាំគ្នាមកចោមរោមមើលយ៉ាងច្រើន រួចដំណឹងនេះឮដល់សមត្ថកិច្ច ។ មួយសន្ទុះក្រោយមក គេឃើញកម្លាំងកងរាជអាវុធហត្ថស្រុកទៅពិនិត្យមើលផងដែរ ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ មេសា នៅចំណុចម្លិចគល់ ស្ថិតក្នុងភូមិ-ឃុំខាងលើ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងប្រទះឃើញឈើបានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថដែលចុះទៅដល់កន្លែងនោះ មានបំណងរឹបអូសឈើគ្រញូងនោះ ដោយនាំទាំងមន្ដ្រីរដ្ឋបាលព្រៃឈើចូលរួមដែរ ។
ប្រភពបន្ដទៀតថា ទោះបីសមត្ថកិច្ចចង់រឹបអូសឈើយកមករដ្ឋបាលព្រៃឈើក៏ដោយ ក៏ម្ចាស់ឈើនិងអ្នកភូមិជាច្រើនគ្រួសារបានតវ៉ាមិនឱ្យរឹបអូសយកឈើរបស់ពួកគាត់ទេ ដោយអះអាងថា ថ្វីដ្បិតឈើគ្រញូងជាប្រភេទឈើមានតម្លៃហើយមានទីផ្សារក៏ដោយ គឺឈើនេះពួកគាត់មិនមែនទៅកាប់ពីភ្នំមកធ្វើអាជីវកម្មទេ គឺបានមកដោយចៃដន្យក្នុងការស្ដារស្រះយកទឹកប្រើប្រាស់ ហើយក៏ប្រទះឃើញកប់ក្នុងដីទាំងដើមប៉ុណ្ណោះ។ ទោះបីជាបែបណា កម្លាំងកងរាជអាវុធហត្ថនិងមន្ដ្រីរដ្ឋបាលព្រៃឈើ រួមជាមួយប៉ូលិសបានទៅដេកយាមឈើនេះអស់មួយយប់ ។ ប្រភពពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃឃ្មុំ បានឱ្យកោះសន្ដិភាពដឹងថា កាលពីថ្ងៃទី២៧ មេសា កម្លាំងនគរបាលប៉ុស្ដិ៍របស់លោករួមជាមួយកម្លាំងនគរបាលស្រុកនៅយាមអស់មួយយប់ ដើម្បីការពារការរឹបអូសយកឈើរបស់ពលរដ្ឋពីបណ្ដាកម្លាំងសមត្ថកិច្ចជំនាញនិងកម្លាំងកងរាជអាវុធហត្ថ ដោយយល់ថាពួកគាត់គ្មានកំហុស ។
នាយប៉ុស្ដិ៍រដ្ឋបាលបន្ដទៀតថា រហូតដល់ព្រឹកថ្ងៃទី២៨ មេសា កម្លាំងកងរាជអាវុធហត្ថនិងកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពតនៅស្រក់ទឹកមាត់ មិនទាន់ដកចេញពីកន្លែងប្រទះឃើញឈើគ្រញូងនោះនៅឡើយទេ ។ ចំណែកអ្នកភូមិនិងគ្រួសារម្ចាស់ដីដែលប្រទះឃើញឈើបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរស្រុកទឹកឈូ និងលោកអភិបាលខេត្ដដើម្បីសុំអន្ដរាគមន៍ និងជួយដោះស្រាយក្នុងករណីនេះ ។ លោក ជួន សុរ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកែបបានឱ្យដឹងថា បញ្ហាដែលមន្ដ្រីជំនាញសហការជាមួយកងរាជអាវុធហត្ថខេត្ដ ដោយមានទាំងព្រះរាជអាជ្ញារងសាលាដំបូងខេត្ដចូលរួមពិនិត្យលើករណីឈើគ្រញូងដែលអ្នកភូមិកាយដីប្រទះឃើញនេះ បើនិយាយតាមផ្លូវច្បាប់ត្រូវតែខាងជំនាញយកទៅរក្សាទុកជាសម្បត្ដិរដ្ឋ ព្រោះឈើដែលគេកាយពីក្នុងដីមកនេះ ជាដីស្ទឹងនិងអូរ មិនមែនជាកម្មសិទ្ធិបុគ្គលណាម្នាក់ទេ ។
លោកនិយាយថា ចំពោះការកាយដីនេះ បើតាមស្ដាប់ព័ត៌មានពីអ្នកភូមិដែលនៅក្បែរនោះបានឱ្យដឹងថា ចាស់ៗពីរ-បីនាក់នៅក្នុងភូមិនេះបាននិយាយប្រាប់អ្នកដែលជួលអេស្កាវាទ័រកាយដីថា កាលពីសង្គមចាស់មានឈើគ្រញូងមួយដើមដុះក្បែរអូរម្លិចនេះ ប៉ុន្ដែមិនដឹងបាត់ដោយដីបាក់ ឬក៏ចាស់ៗជំនាន់នោះកាប់យកទៅធ្វើស្ពាន ក៏មិនច្បាស់ដែរ ។ ក្រុមសមត្ថកិច្ចចង់ចោទថា ដោយសារមានដំណឹងនេះ ទើបគេជួលអេស្កាវាទ័រឱ្យកាយដីក្នុងអូរនេះពីរ-បីកន្លែង ទើបប្រទះឃើញឈើគ្រញូងមួយដើមនេះកប់ក្នុងដីតែម្ដង ទើបសមត្ថកិច្ចបម្រុងរឹបអូសជាសម្បត្ដិរដ្ឋ ។ លោកបន្ដថា ក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ សំណូមពរទៅលោកអភិបាលខេត្ដ ដើម្បីសុំទុកឈើនេះសម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍របស់បងប្អូន នៅព្រឹកថ្ងៃទី២៨ មេសា ក៏មានចំណារឯកភាពពីលោក ខូយ ឃុនហ៊ួរ អភិបាលខេត្ដ បានជម្រាបនិងសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នជំនាញរដ្ឋបាលព្រៃឈើសុំឱ្យប្រគល់ឈើគ្រញូងនេះឱ្យទៅសហគមន៍គ្រប់គ្រងនិងប្រើប្រាស់នៅក្នុងសហគមន៍ ព្រមទាំងឱ្យអាជ្ញាធរភូមិ-ឃុំផ្ដិតមេដៃទទួលខុសត្រូវ ហាមលក់ចេញយកទៅធ្វើអាជីវកម្មផ្សេងៗ ។
ដោយសារបានចំណារពីអភិបាលខេត្ដ ទើបគ្រញូងកប់ដីមួយដើមទាំងដុលនេះ មិនត្រូវបានរឹបអូសយក ។ គួរបញ្ជាក់ថា តាមការសន្និដ្ឋានឈើនេះរលំកប់ក្នុងអូរមានរយៈពេលយូរលង់មកហើយ ស្ទើរមួយស្រករមនុស្ស ។ ឈើមានពណ៌ខ្មៅក្រិបនិងកាន់តែរឹង អត់មានពុកផុយអ្វីឡើយ ៕
ចែករំលែកព័តមាននេះ