សារព័ត៌មានបរទេស កាលពីពេល ថ្មីៗកន្លងមកផ្សាយថា ពិធីរៀបអាពាហ៍ពិពាហ៍របស់នាងហ្វេត អេលីហ្សាប៊ែត សេកវ៉េ កូនស្រីធម៌របស់លោកហ្គូដឡាក់ចូណាថាន ប្រធានាធិបតីនីហ្សេរីយ៉ា បានចែកអាយហ្វូន៥ (iPhone5) ស្រោបមាស ជារង្វាន់លើកទឹកចិត្តដល់ភ្ញៀវ ពិសេសជាអភិបាលរដ្ឋទូទាំងប្រទេស ។ កូនកំលោះនៃអាពាហ៍ពិពាហ៍នោះ គឺព្រះអង្គម្ចាស់ ហ្គុដវីល អូស៊ីម អេដវើដ នៅរដ្ឋក្រូសរីវើ ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតឆៀងខាងត្បូងប្រទេស ។
អាយហ្វូន៥ ស្រោបមាស លម្អដោយគ្រាប់គ្រីស្តាល់ដ៏មានតម្លៃ ចេញម៉ូដដោយក្រុមហ៊ុនគ្រឿងអលង្ការដ៏ល្បីនៅប្រទេសនីហ្សេរីយ៉ា ។ លើសពីនេះវាមានឆ្លាក់ឈ្មោះកូនកំលោះ-កូនក្រមុំ នៅផ្នែកខាងក្រោយ និងផ្ទុកដោយប្រអប់ដ៏ស្រស់ស្អាត ។ វត្ថុរង្វាន់ដ៏ស្រស់ស្អាតនេះចែកនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ដែលរៀបចំឡើងនៅវិហារគ្រឹស្តសាសនាមួយក្នុងទីក្រុងអាប៊ូចា កាលពីថ្ងៃទី១២ មេសា ២០១៤ ។ រង្វាន់អាយហ្វូន៥ទាំង៣៦គ្រឿង សម្រាប់ចែកជូនអភិបាលរដ្ឋទាំង៣៦នៅនីហ្សេរីយ៉ា ។ ចំពោះតម្លៃសរុបរបស់ទូរស័ព្ទអាយហ្វូនទាំងនោះគឺ៨៤.០១២ដុល្លារ ។ ចំណែកកូនកំលោះ-កូនក្រមុំបានទទួលកាដូជារថយន្តចំនួន៨០គ្រឿង ។
ពិធីរៀបអាពាហ៍ពិពាហ៍នោះ ផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ NTA របស់នីហ្សេរីយ៉ា ៕
ចែករំលែកព័តមាននេះ