លោក TONY BLINKEN ទីប្រឹក្សារងសន្ដិសុខជាតិរបស់សេតវិមានថ្លែងកាលពីថ្ងៃទី២៧ មេសា ថា បណ្ដាទណ្ឌកម្មដែលសហរដ្ឋអាមេរិក មានបំណងដាក់លើរុស្សុី អាចចាប់ពីថ្ងៃទី២៨ មេសាទៅ នឹងសំដៅលើមជ្ឈដ្ឋានជិតដិតរបស់លោកវ៉្លាឌីមៀរពូទីន និងការនាំចេញបច្ចេកវិទ្យាជាន់ខ្ពស់ខាងផ្នែកការពារ ។
អាមេរិកគ្រោងដាក់ទណ្ឌកម្មទាំងនោះដោយសារក្រុងមូស្គូពុំគោរពកិច្ចព្រមព្រៀងដែលសំដៅកាត់បន្ថយភាពតានតឹងនៅអ៊ុយក្រែន ។
លោក TONY BLINKEN និយាយថា យើងនឹងផ្ដោតលើបណ្ដាមនុស្សដែលជិតដិតបំផុតនឹងលោកពូទីន ហើយដែលនាំឱ្យមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរុស្សុី ។ យើងនឹងដាក់ទណ្ឌកម្មលើបណ្ដាសហគ្រាសដែលមនុស្សទាំងនោះត្រួតត្រា ព្រមទាំងមនុស្សដទៃៗទៀត ។ យើងក៏នឹងចាត់វិធានការផងដែរទាក់ទិនដល់ការនាំចេញបច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ឧស្សាហកម្មការពាររបស់រុស្សុី ។ ទាំងនេះនឹងនាំឱ្យមានការប៉ះពាល់ខ្លាំងមួយ ។
ជួបប្រជុំគ្នា កាលពីព្រឹកថ្ងៃទី២៦ មេសា កន្លងមកនេះ មេដឹកនាំរបស់ក្រុមប្រទេសមហាឧស្សាហកម្មទាំង៧ហៅ G-7 បានព្រមព្រៀងគ្នាលើគោលការណ៍នៃការដាក់ទណ្ឌកម្មថ្មីៗដោយឆាប់រហ័សប្រឆាំងរុស្សុី ដោយសារតួនាទីរបស់ខ្លួនក្នុងវិបត្ដិនៅអ៊ុយក្រែន ។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មរួចហើយ តែមានកម្រិតមួយចំនួនប្រឆាំងរុស្សុី ក្រោយពីប្រទេសនេះបញ្ចូលតំបន់គ្រីមេក្នុងដែនដីរបស់ខ្លួន ។
ទោះបីជាយ៉ាងណា លោក BOB CORKER សមាជិកគណៈកម្មការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក យល់ថា ទណ្ឌកម្មនឹងមិនហួសពីនេះទៀតទេ ។ លោកនិយាយថា យើងត្រូវដាក់ទណ្ឌកម្មតាមផ្នែក ។ ខ្ញុំយល់ថា ការដាក់ទណ្ឌកម្មលើធនាគារធំបំផុត៤ នឹងធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរួចទៅហើយ ក៏ដូចជាការវាយប្រហារលើក្រុមហ៊ុនឧស្ម័នយក្សរុស្សុី GAZPROM ៕
ចែករំលែកព័តមាននេះ