ពាក្យសម្តីឪពុកម្តាយមានតម្លៃជាងមាសជាងពេជ្រ គឺចង់ឱ្យតែកូនបានសុខជោគជ័យក្នុងកិច្ចផ្សេងៗ តែបើកូនប្រុសស្រីទាំងឡាយណាមិនស្ដាប់តាមពាក្យរបស់ឪពុកម្ដាយទេ កូនប្រុសស្រីទាំងឡាយនោះច្រើនតែបរាជ័យនៅរាល់ការងារដែលខ្លួនឯងធ្វើ ឬជួបឧបសគ្គបង្កឲ្យមានបញ្ហា ដែលមិនចេះដោះស្រាយបាន និងជួបនូវសេចក្ដីទុក្ខលំបាកសព្វគ្រប់បែបយ៉ាង នៅក្នុងជីវិត ដែលមិនអាចគេចផុតឡើយ ហើយទៅណាមកណា តែងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតជានិច្ច ព្រោះទោសនៃការមិនស្ដាប់តាមពាក្យឪពុកម្ដាយ ។
ដូចមិត្តវិន្ទុកៈ ដែលចចេសរឹងរូសមិនស្ដាប់ម្ដាយ ចង់ទៅធ្វើជំនួញ តែម្ដាយហាមឃាត់មិនឲ្យទៅ ដោយឃើញកូននៅក្មេង ខ្លាចកូនមានគ្រោះ ឬខ្លាចកូនលំបាក ព្រោះម៉ែបារម្ភពីកូន ទើបម៉ែហាមឃាត់មិនចង់ឲ្យកូនទៅ តែមិត្តវិន្ទុកៈ មិនយល់ព្រមឡើយ នៅតែចចេសរឹងរូសរហូតហ៊ានច្រានម្ដាយ ដែលចាស់ជរា ឲ្យដួលត្រឡប់ត្រឡិន ហើយដើរកន្លងគាត់ទៅដោយគ្មានអាឡោះអាល័យ និងគ្មានក្ដីអាសូរដល់ម្ដាយចាស់ជរាបន្តិចសោះឡើយ ។
ដោយសារតែមិត្តវិន្ទុកៈជាកូនកាឡកណ្ណី មិនដឹងគុណម៉ែ និងមិនស្ដាប់តាមពាក្យរបស់ម៉ែ ទើបទីបំផុតកឿងសំពៅនៅកណ្ដាលសមុទ្រ ។ ដោយមិនអាចធ្វើដំណើរទៅមុខបាន អ្នកសំពៅទាំងឡាយក៏គិតថា នៅលើសំពៅនេះប្រាកដជាមានមនុស្សកាឡកណ្ណីមិនខាន ទើបធ្វើវិធីដើម្បីស្វែងរកបាបជនដោយការចាប់ស្លាក ។
ការធ្វើពិធីនេះក៏បានដឹងថាមិត្តវិន្ទុកៈជាមនុស្សកាឡកណ្ណី អ្នកសំពៅទាំងឡាយក៏ចាប់មិត្តវិន្ទុកៈដាក់បណ្ដែតតាមក្បូន បំបោះបង់ចោលឲ្យអណ្ដែតនៅលើខ្នងសមុទ្រក្នុងគ្រានោះឯង នាំឲ្យមិត្តវិន្ទុកៈជួបទុក្ខលំបាកដោយការធ្លាក់នរកទាំងរស់ ព្រោះតែមិនស្ដាប់ពាក្យម៉ែ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ