វិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ ISIS ថ្លែងថា ខ្លួនពុំបដិសេធឡើយដែលកូរ៉េខាងជើងអាចធ្វើការសាកល្បងនុយក្លេអ៊ែរក្នុងប៉ុន្មានថ្ងៃខាងមុខនេះទៀត ។ វិទ្យាស្ថាននោះមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថ្លែងថា គេកត់សម្គាល់ឃើញសកម្មភាពនានានៅឯទីតាំងសាកល្បងនុយក្លេអ៊ែរក្រោមដី PUNGGYE-RI ។
ISIS ពន្យល់ថា លើរូបភាពមួយដែលចាប់បានកាលពីថ្ងៃទី២៣ មេសាកន្លងមកនេះ កុងតឺន័រមួយអាចស្ថិតនៅមុខផ្លូវរងក្រោមដីជិតច្រកចូលខាងត្បូងនៃទីតាំងសាកល្បងនេះ ខណៈរូបភាពមួយកាន់តែច្បាស់ថតបានកាលពីថ្ងៃទី២៥ មេសា អះអាងថា នោះពិតជាកុងតឺន័រ ឬឡាំងធំអ្វីមួយ ។
វិទ្យាស្ថាននេះរំលឹកថា ទោះបីជាការសាកល្បងនុយក្លេអ៊ែរមួយហាក់ដូចជាត្រៀមធ្វើក៏ដោយ ក៏គេពុំអាចព្យាករណ៍ច្បាស់ថា ការសាកល្បងមួយនឹងធ្វើក្នុងប៉ុន្មានថ្ងៃខាងមុខនេះទៀតដែរ ព្រោះកាលពីពេលកន្លងមកគេឃើញក្រុងព្យុងយ៉ាងក៏ពុំបានធ្វើការសាកល្បងក្រោយពីបង្ហាញសកម្មភាពរៀបចំទាំងឡាយដែរ ។ ISIS បន្តថា ការធ្វើឬអត់នូវការសាកល្បងនុយក្លេអ៊ែរមួយ គឺជាការសម្រេចចិត្តខាងនយោបាយ តែគេក៏មិនបដិសេធពីលទ្ធភាពនៃការសាកល្បងនុយក្លេអ៊ែរក្នុងពេលដ៏ឆាប់ដែរ ៕
ចែករំលែកព័តមាននេះ