ពលរដ្ឋយេម៉ែនជាច្រើនពាន់នាក់ កាលពីថ្ងៃទី២៧ មេសា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុង មូកាល់ឡា និងនៅទីក្រុង អាដេន ដើម្បីប្រារព្ធខួបលើកទី២០ នៃសង្គ្រាមសីុវិល និងទាមទារឯករាជ្យនៅភាគខាងត្បូងយេម៉ែន ដែលជារដ្ឋឯករាជ្យមួយមុនឆ្នាំ១៩៩០ ។
បាតុកម្មនោះដែលរៀបចំធ្វើឡើងតាមការអំពាវនាវរបស់ក្រុមរា៉ឌីកាល់ នៃចលនាខាងត្បូងនិយមដឹកនាំដោយលោក ហាសាបបាអ៊ូម បានលើកបដាដែលចារថា «យើងទាមទារឯក រាជ្យ» ។ ពួកបាតុករនាំគ្នាស្រែកពាក្យថា «យើងសច្ចាមិនទទួលយកការដឹកនាំរបស់ក្រុងសា ណា» ។ ពួកគេបានលើកទង់ជាតិអតីតយេម៉ែនខាងត្បូងនៅឯទីលានមួយនៃក្រុងមូកាល់ឡា ទីប្រជុំជននៃខេត្តហាដ្រាមូត ភាគអាគ្នេយ៍យេម៉ែន ។
កាលពីថ្ងៃទី២៧ មេសា ឆ្នាំ១៩៩៤ អតីតប្រធានាធិបតីយេម៉ែន លោក អាលី អាប់ដាល់ឡាហ៍ សាឡេហ៍ បានប្រកាសសង្គ្រាមមួយជាមួយពួកខាងត្បូងនិយម ដែលបន្តទាមទារឱ្យទទួលស្គាល់អតីតប្រទេសយេម៉ែនខាងត្បូង ។ក្នុងសេចក្តីប្រកាសមួយពួកអ្នករៀបចំបាតុកម្មអំពាវនាវឱ្យមានឯកភាពរបស់ពលរដ្ឋភាគខាងត្បូងយេម៉ែន ដើម្បីប្រឈមមុខនឹងការកាន់កាប់របស់យេម៉ែនខាងជើង ។
នៅក្រុងអាដេន អតីតរដ្ឋធានីយេម៉ែនខាងត្បូង ពួកបំបែកខ្លួននិយមជាច្រើនពាន់នាក់ក៏លើកគ្នាធ្វើបាតុកម្មដែរ ក៏ប៉ុន្តែពួកគេត្រូវរារាំងដោយកងកម្លាំងប៉ូលិសមិនឱ្យប្រមូលផ្តុំគ្នានៅឯទីលានមួយរបស់ក្រុងនោះ ៕
ចែករំលែកព័តមាននេះ