ជនជាតិចិនកំពុងតែរកប្រាក់ចំណូលជាច្រើនពីការធ្វើជាតារាប្រព័ន្ធសង្គម ហើយមានករណីខ្លះរកប្រាក់ចំណូលបានច្រើនជាងតារាសម្តែងល្បីៗថែមទៀតផង ។

កញ្ញា Melilim Fu តែងតែនៅលើប្រព័ន្ធសង្គមរបស់ខ្លួនតាំងពីក្រោកពីដំណេកដល់ចូលដំណេកវិញជារៀងរាល់ថ្ងៃ ។ កញ្ញាដែលមានអាយុ ២៧ឆ្នាំនេះមានបំពាក់ជាប់ខ្លួននូវស្មាតហ្វូនចំនួន ៤ ជារៀងរាល់ថ្ងៃសម្រាប់ការចែករំលែកលើប្រព័ន្ធសង្គម ធ្វើការ Live និងថតរូបជាដើមដើម្បីទាក់ទាញអ្នកគាំទ្រ ។
កញ្ញាស្ថិតក្នុងចំណោមតារាប្រព័ន្ធសង្គមដែលល្បីជាងគេក្នុងប្រទេសចិន ហើយមានប្រេនធំៗជាច្រើនចង់ឲ្យកញ្ញាផ្សព្វផ្សាយផលិតផលរបស់ខ្លួន ។ ការរក្សាទំនាក់ទំនងល្អជាមួយនឹងអ្នកគាំទ្រ អតិថិជន និងក្រុមហ៊ុនមិនមែនជាការងារងាយទេ ប៉ុន្តែវាបានជួយឲ្យកញ្ញារកប្រាក់ចំណូលស្ទើរតែលើសតារាសម្តែងចិនដែលល្បីៗទៅទៀត ។ យោងតាមទិន្នន័យដែលបានពី CBNData បានឲ្យដឹងថា វិស័យតារាអនឡាញមានតម្លៃដល់ទៅ ៩.២ប៊ីលានដុល្លារឯណោះក្នុងឆ្នាំ ២០១៦ ខ្ពស់ជាង វិស័យភាពយន្តក្នុងស្រុកទៅទៀត ។ ឧទាហរណ៍ដូចជាកញ្ញា Zhang Dayi ដែលជា Influencer លើប្រព័ន្ធសង្គមរកចំណូលបានប្រមាណ៣.២លានដុល្លារពីកម្មវិធី Live រយៈពេលពីម៉ោងជាដើម ។
វិស័យនេះទទួលបានការចាប់អារម្មណ៍រហូតមានការស្ទង់មតិមួយលើ qq.com បានបង្ហាញមកថា ពាក់កណ្តាលនៃអ្នកចូលរួមការស្ទង់មតិដែលកើតក្រោយឆ្នាំ ១៩៩៥ ចង់រកចំណូលពីការ Live វីដេអូខណៈដែលការសិក្សាមួយទៀតរបស់សាកលវិទ្យាល័យ China University Media Union បានបង្ហាញថា ៤២%នៃនិស្សិតសាកលវិទ្យាល័យចង់ក្លាយជាតារាប្រព័ន្ធសង្គមបន្ទាប់ពីបញ្ចប់ការសិក្សា ។ និន្នាការនេះឆ្លុះបង្ហាញពីតម្រូវការមួយនៃទីផ្សារផ្នែកកម្សាន្តដែលភាពយន្ត និងទូរទស្សន៍មិនអាចផ្គត់ផ្គង់ដល់អតិថិជនជាពិសេសក្នុងពេលដែលចំនួនអ្នកប្រើប្រាស់ប្រព័ន្ធសង្គមកាន់តែកើនឡើង និងចំនួនអ្នកដែលមើលទូរទស្សន៍មានការធ្លាក់ចុះទៅវិញ ។
កត្តាសំខាន់ដែលធ្វើឲ្យតារាទាំងនេះជោគជ័យជាងតារាសម្តែងដទៃគឺសមត្ថភាពក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រដែលភាគច្រើនគិតថាតារាទាំងនេះជាមិត្តភក្តិរបស់ពួកគេ ។ តារាប្រព័ន្ធសង្គមដូចជា Melilim ចំណាយពេលភាគច្រើនជជែកជាមួយនឹងអ្នកគាំទ្រ ខណៈដែលអ្នកគាំទ្រនឹងផ្ញើជាថវិកា ឬអំណោយឲ្យទៅតារាដែលខ្លួនស្រលាញ់ជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ