ខេត្តព្រះវិហារ ៖ ក្រោមស្នាដៃព្រានព្រៃ និងតាមជំនឿទំនៀមទម្លាប់ ប្រជាពលរដ្ឋនៅក្នុងភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ បានធ្វើពិធីសាសនាឧទ្ទិសកុសលដល់សពសត្វប្រើសមួយក្បាលទម្ងន់ប្រមាណ២០០គីឡូក្រាម ដែលបានរត់មកងាប់ក្នុងភូមិក្រោយពីការបាញ់ប្រហារពីព្រានព្រៃកាលពីរសៀលថ្ងៃទី១៦ តុលា ។
នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៧ តុលា ដោយលោកបានឱ្យដឹងថា យោងតាមការពិនិត្យកោសល្យវិច័យរបស់មន្ត្រីមន្ទីរបរិស្ថានខេត្ត សត្វប្រើសដែលងាប់នេះ ត្រូវបានព្រានព្រៃបាញ់ត្រូវត្រង់គល់ក ដោយគ្រាប់កាំភ្លើងប្រភេទកែច្នៃ ដែលប្រើសម្រាប់ការបរបាញ់សត្វ ហើយបានរត់មកងាប់នៅក្នុងភូមិបុស្សធំ ដែលស្ថិតនៅជាប់ដែនជម្រកសត្វព្រៃព្រះរការ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។
តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ក្នុងរយៈពេល២ខែចុងក្រោយនេះ សត្វប្រើសចំនួន ៣ក្បាលហើយ ដែលក្នុងមួយក្បាលៗមានទម្ងន់ប្រមាណ២០០គីឡូក្រាម ត្រូវបានងាប់ក្នុងទឹកដីខេត្តព្រះវិហារ ដែលក្នុងនោះ១ក្បាលត្រូវបានរថយន្តបុកងាប់ និង២ក្បាលត្រូវបានព្រានព្រៃបាញ់សម្លាប់ ហើយ១ក្បាលចុងក្រោយនេះត្រូវបានបាញ់សម្លាប់នៅថ្ងៃទី១៦ តុលា ។
រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតសត្វប្រើសដែលជាសត្វកម្រទាំងនេះ ហើយលោកបានជំរុញឱ្យកម្លាំងមានសមត្ថកិច្ច បន្តពង្រឹងការអនុវត្តច្បាប់ប្រឆាំង នឹងជនល្មើស អ្នកប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ដើរបរបាញ់សត្វ ដោយមានប្រសាសន៍ថា «ពលរដ្ឋមួយចំនួនដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិនៅតែបន្តលួចលាក់ កាន់កាប់អាវុធកែច្នៃខុសច្បាប់ និងបានលួចចូលព្រៃបរបាញ់សត្វ និង ដាក់អន្ទាក់ចាប់សត្វដែលជាទង្វើខុសច្បាប់ និងត្រូវតែប្រឈមមុខច្បាប់ ប្រសិនបើកម្លាំងសមត្ថកិច្ចចាប់បង្ក្រាបបាន» ។
លោកនេត្រ ភក្ត្រា បានឱ្យដឹងថា សត្វប្រើសដែលត្រូវបានព្រានព្រៃបាញ់សម្លាប់នេះ ត្រូវបានដឹកជញ្ជូនមកកាន់ខេត្តសៀមរាបដើម្បីឱ្យអ្នកជំនាញរៀបចំធ្វើជារូបសំណាក ដើម្បីទុកបម្រើផលប្រយោជន៍សម្រាប់ការសិក្សាផ្នែកវិទ្យាសាស្ត្រអំពីជីវចម្រុះ និងប្រភេទសត្វប្រើសដែលជាសត្វព្រៃដ៏កម្រ និងសម្រាប់ដាក់តាំងពិព័រណ៌សម្រាប់សាធារណជនទស្សនាពេលមានពិព័រណ៌នានាដែលក្រសួងបរិស្ថានចូលរួម ។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះថ្លែងថា ការបំផ្លិចបំផ្លាញសត្វព្រៃត្រូវប្រឈមមុខច្បាប់ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនិយាយថា «ទេ» ចំពោះសាច់សត្វព្រៃ ។ ប្រសិនបើស្រឡាញ់ធនធានធម្មជាតិសត្វព្រៃ ជីវចម្រុះគ្រប់ប្រភេទ សូមកុំបរិភោគសាច់សត្វព្រៃ ម្យ៉ាងបរិភោគសាច់សត្វព្រៃអាចបង្កផលប៉ះពាល់ដល់សុខភាព ដោយសារតែគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងសត្វព្រៃខ្លះបង្កប់ដោយមេរោគកាចសាហាវដែលអាចសម្លាប់អ្នកហូបភ្លាមៗ ។
ចំពោះបញ្ហានេះ លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពលើបទល្មើសទាំងនេះ ប្រជាពលរដ្ឋដែលបានឃើញជនល្មើសបរបាញ់សត្វព្រៃ ឬលក់សាច់សត្វព្រៃ សូមរាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រីបរិស្ថាន ឬមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថាបទល្មើសសត្វព្រៃនៅតែកើតមាន ប៉ុន្តែលោកបានគូសបញ្ជាក់ថា ចំនួននៃបទល្មើសមានការថយចុះដោយសារតែការរឹតបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងក្រុមជនល្មើស ការទប់ស្កាត់បង្ក្រាបបទល្មើស និងការដកអន្ទាក់ពីក្នុងព្រៃ ការចុះផ្សព្វផ្សាយអប់រំ ណែនាំ ការចុះបិទខិត្តប័ណ្ណ រាយការណ៍ពីបទល្មើសសត្វព្រៃផ្សេងៗ ។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានជំរុញឱ្យប្រជាពលរដ្ឋដែលកាន់កាប់ដោយខុសច្បាប់នូវកាំភ្លើងកែច្នៃត្រូវប្រគល់ជូនដល់សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និងបញ្ឈប់ការបរបាញ់សត្វ ឬដាក់អន្ទាក់សត្វដែលជាទង្វើខុសច្បាប់ ។
លោកបានបញ្ជាក់ថា កន្លងទៅនេះដោយអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ បានស្ម័គ្រចិត្តប្រគល់អាវុធកែច្នៃដល់សមត្ថកិច្ច ។ លោកក៏បានឱ្យដឹងផងដែរថា ដោយសារតែប្រសិទ្ធភាពនៃការការពារធនធានធម្មជាតិ សត្វព្រៃជាច្រើនត្រូវបានមើលឃើញថា មានចំនួនកើនឡើងក្នុងតំបន់ការពារធម្មជាតិដូចជាប្រភេទសត្វជ្រូកព្រៃ ប្រើស ខ្លាឃ្មុំ ស្វាក្រវ៉ាត់មាន់ព្រៃ សំពោចភ្នំ ឈ្លូសនិងសត្វជាច្រើនប្រភេទទៀតក្នុងនោះមានទាំងសត្វកម្រផងត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា បច្ចុប្បន្ននេះតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានមានទំហំប្រមាណ៧,៥លានហិកតា និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២២០បាននិងកំពុងដើរល្បាត ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្បត្តិធម្មជាតិ និងវប្បធម៌ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ៕
ចែករំលែកព័តមាននេះ