បណ្ណាល័យដែលទាក់ទាញអារម្មណ៍អ្នកអានគឺត្រូវមានលក្ខណសម្បត្តិដូចជា ចំនួនសៀវភៅ ការរៀបចំតុបតែង និងទីតាំង ។ កោះសន្តិភាពសូមបង្ហាញបណ្ណាល័យចំនួន៧ដែលស្ថាប័នវាយតម្លៃពីគុណភាព និងការអប់រំផ្តល់ចំណាត់ថ្នាក់ជាបណ្ណាល័យរៀបចំបានល្អ និងមានសោភ័ណភាពស្អាតដាច់គេក្នុងលោក ។
១-បណ្ណាល័យ Central សហរដ្ឋអាមេរិក
បណ្ណាល័យ Central ស្ថិតក្នុងតំបន់សីុអេថល ទីក្រុងវា៉សីុនតោន សហរដ្ឋអាមេរិក មានកម្ពស់១១ជាន់ ។ បណ្ណាល័យនេះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៤ ។ វិស្វករដែលបានចូលរួមសាងសង់បណ្ណាល័យនេះគឺលោក Rem Koolhass ជនជាតិអាល្លឺម៉ង់ និងលោក Joshua Pri Ramus ជាស្ថាបនិកល្បីឈ្មោះក្នុងការរចនាប្លង់អគារ ។
បណ្ណាល័យនេះស្ថិតលើផ្ទៃដីទំហំ ៣៤.០០០ម៉ែត្រការ៉េ អាចផ្ទុកសៀវភៅរហូតដល់១,៤៥លានក្បាល ព្រមទាំងមានឧបករណ៍ប្រើប្រាស់សម្រាប់ការសិក្សាជាច្រើនប្រភេទទៀត ។ មäសីុនកុំព្យូរទ័រចំនួន៤០០គ្រឿងត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ។ ចំណែកផ្នែកខាងក្រោមដីអាចរក្សាយានជំនិះបាន១៤៣គ្រឿង ។
មនុស្សច្រើនជាង២លាននាក់បានទស្សនា និងស្រាវជ្រាវឯកសារ ផ្សេងៗក្នុងបណ្ណាល័យមួយនេះ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាលើក ដំបូង ។ក្រៅពីការស្រាវជ្រាវបណ្ណាល័យមួយនេះជាទីស្នាក់អាស្រ័យសម្រាប់យុវសិស្សក្រីក្រដែលមកពីបណ្តាតំបន់ដាច់ស្រយាល និងពុំមានលទ្ធភាពបង់ថ្លៃជួលផ្ទះ ។
ការរៀបចំ និងរូបរាងខាងក្រៅរបស់ Central ធ្វើឱ្យគេស្ងើចសរសើរពីស្នាដៃ ព្រមទាំងការតុបតែងដ៏ល្អឯកដោយប្រើប្រាស់កញ្ចក់ចរណៃដែលបញ្ចេញពន្លឺយា៉ងស្រស់ស្អាតនាពេលរាត្រី ។
២-បណ្ណាល័យ Trinity College ប្រទេសអៀរឡង់
បណ្ណាល័យ Trinity College ស្ថិតក្នុងទីតាំងសាកលវិទ្យាល័យ Trinity College ទីក្រុងដាប្ល៊ីន ប្រទេសអៀរឡង់ ។ បណ្ណាល័យមួយនេះមានអាយុកាលចាស់ និងធំជាងគេក្នុងចំណោមបណ្ណាល័យដទៃទៀត ដោយបង្កើតឡើងក្នុងឆ្នាំ១៥៩២ ដោយព្រះមហាក្សត្រីអេលីសាប៊ែតទី ១ ។ បណ្ណាល័យនេះផ្ទុកសៀវភៅដែលមានវ័យចំណាស់ចំនួន២០០.០០០លានក្បាល ។ សៀវភៅដែលពេញនិយមសម្រាប់អ្នកអានគឺ The Book of Kells: Turning Darkness into Light ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាច្រើនជាង៥០០.០០០លាននាក់ក្នុងមួយឆ្នាំ ។
បណ្ណាល័យ Trinity Colleg តម្រូវឱ្យបង់១២ដុល្លារអាមេរិកសម្រាប់អ្នកស្រាវជ្រាវ ។
៣-បណ្ណាល័យ Geisel សហរដ្ឋអាមេរិក
បណ្ណាល័យ Geisel ស្ថិតក្នុងទីតាំងសាកលវិទ្យាល័យ University of California រដ្ឋសាន់ឌីយា៉ហ្គោ សហរដ្ឋអាមេរិក ។ ឈ្មោះ Geisel ត្រូវគេដាក់តាមឈ្មោះវិស្វករជាន់ខ្ពស់ដែលបានរចនា និងគូរប្លង់បណ្ណាល័យនោះឡើង ។
Geisel មានកម្ពស់៥ជាន់ ។ បើសិនជាលោក-អ្នកពិនិត្យមើលរូបរាង Geisel ខាងក្រៅមានសណ្ឋានដូចជាសម្បុកចាបស្ថិតលើមែកឈើខ្ពស់ត្រដែត ។ សៀវភៅចំនួន៨.៥០០ពាន់ក្បាលត្រូវគេដាក់តាមជាន់ នីមួយៗដោយមានការរៀបចំទៅតាមមុខវិជ្ជា ផ្សេងៗដូចជា អក្សរសាស្ត្រ គំនូរសហសម័យ ប្រលោមលោក វិទ្យាសាស្ត្រទំនើប និងសៀវភៅ ផ្សេងៗទៀត ។
៤-បណ្ណាល័យ Delft ប្រទេសហូឡង់
បណ្ណាល័យ Delft ស្ថិតក្នុងទីតាំងនៃសាកលវិទ្យាល័យ Delft University of Technology បានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ដោយផ្ទុកសៀវភៅច្រើនជាង៨៦២.០០០ក្បាល ។ Delft សាងសង់ក្រោមដីដែលលេចចេញដូចជារូងភ្នំ ។ បណ្ណាល័យនេះទទួលបានពានរង្វាន់ពីរឆ្នាំ ផ្ទួនៗគ្នាគឺឆ្នាំ១៩៩៨ពានរង្វាន់ជាតិ National Steel Construcktion Prize និងឆ្នាំ២០០០ពានរង្វាន់អន្តរជាតិ Millennium Corus Construction ចំពោះការច្នៃប្រឌិតប្រកបដោយទេពកោសល្យខ្ពស់ ។ ដំបូលដែលគេសាងសង់ជាសណ្ឋានភ្នំមានកម្ពស់៥.៥០០ម៉ែត្រការ៉េ ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺវាមានកំពូលយ៉ាងខ្ពស់ត្រដែតដែលគេសាងសង់ឡើងជានិមិត្តរូបបច្ចេកវិទ្យា ។ លើដំបូលបណ្ណាល័យមានដុះស្មៅហ៊ុមព័ទ្ធជុំវិញដែលអាចឱ្យអ្នកស្រាវជ្រាវ និងសិស្ស-និស្សិតអង្គុយលេងលក្ខណៈជាក្រុម ជាដៃគូក្រោមខ្យល់អាកាសសែនត្រជាក់មនោរម្យ ។
៥-បណ្ណាល័យ Bibliotheca Alexandria ប្រទេសអេហ្សុីប
បណ្ណាល័យ Bibliotheca Alexandria សាងសង់ដោយស្តេចអាឡិចហ្សង់ កាលពី២៣០០ឆ្នាំមុន និងស្ថិតលើមហាសមុទ្រមេឌីទែររ៉ាណេ ។ បណ្ណាល័យនេះត្រូវបានគេទទួលស្គាល់ថា ជាបណ្តុំនៃចំណេះដឹងមានវ័យចំណាស់ជាងគេក្នុងចំណោមបណ្ណាល័យផ្សេងទៀត ។
ក្នុងឆ្នាំ២០០២បណ្ណាល័យ Bibliotheca Alexandria បានលេចរូបរាងជាថ្មីដោយគេរចនា និងកែលម្អលើចំណុច សំខាន់ៗមួយចំនួន។ គំរូប្លង់ចេញដោយលោក SNOHETTA ម្ចាស់ជ័យលាភីពានរង្វាន់អន្តរជាតិដែលរៀបចំដោយស្ថាប័ន International Union of Architects អង្គការ UNESCO និងរដ្ឋាភិបាលប្រទេសអេហ្សុីប ។
អ្នកស្រាវជ្រាវទាំងអស់មានអារម្មណ៍រំភើប និងត្រេកត្រអាលក្នុងចិត្តក្នុងការទស្សនាផ្ទាំងគំនូរដ៏ល្អវិចិត្រដែលបានបង្ហាញពីការរស់នៅរបស់មនុស្សសម័យបុរាណ ។
៦-បណ្ណាល័យ Stuttgart City ប្រទេសអាល្លឺម៉ង់
បណ្ណាល័យ Stuttgart City ស្ថិតនៅ ក្នុងតំបន់ Stuttgart ភាគខាងជើងប្រទេសអាល្លឺ ម៉ង់ ។ អ្នកចេញប្លង់ជាជនជាតិអាល្លឺម៉ង់ដើមកំណើតកូរ៉េលោក Yi Eun-Young មានកម្ពស់៩ជាន់ ។ រូបរាងខាងក្រៅរបស់វាមានសណ្ឋានជាផ្ទាំងថ្មដែលបន្តុបលើគ្នា ។
Stuttgart City ស្ថិតនៅក្បែរសារមន្ទីរ Porsche ។ លក្ខណៈពិសេសមួយទៀតរបស់បណ្ណាល័យនេះ ដែលធ្វើឱ្យអ្នកស្រាវជ្រាវស្ងើចសរសើរមិនដាច់ពីមាត់នោះ គឺពន្លឺព្រះអាទិត្យដែលចាំងជះឆ្លងកាត់តាមរយៈកញ្ចក់ដំបូលធ្វើឱ្យទទួលពន្លឺធម្មជាតិ ។
៧-បណ្ណាល័យ Bishan Public ប្រទេសសិង្ហបុរី
បណ្ណាល័យ Bishan Public ស្ថិតនៅក្នុងតំបន់ Bishan ដែលជាបេះដូងរបស់ប្រទេសសិង្ហបុរី ។ បណ្ណាល័យទំហំ៤.០០០ម៉ែត្រការ៉េនេះបានទទួលពានរង្វាន់ជាតិ Bishan Community Library ។ Bishan Public រចនាឡើងជារូបរាងផ្ទះដើមឈើដោយមានលក្ខណៈ និងការតុបតែងប្លែកជាងគេក្នុងចំណោមបណ្ណាល័យដទៃទៀត ។ បណ្ណាល័យនោះ ផ្ទុកសៀវភៅជាច្រើនប្រភេទដូចជា រឿងប្រលោមលោក អក្សរសាស្ត្រ វិទ្យាសាស្ត្រ គំនូរ និងសៀវភៅជាច្រើនប្រភេទទៀត ។
ពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកស្រាវជ្រាវ និងសិស្សជាតិ-អន្តរជាតិច្រើននាក់ចូលស្រាវជ្រាវឯកសារ សំខាន់ៗក្នុងបណ្ណាល័យ Bishan Public ៕
ចែករំលែកព័តមាននេះ