ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ ចូលរួម​កិច្ច ប្រជុំ​​កំពូល​ស្តី​ពី​វិបត្តិ​ទឹក​​

4 ឆ្នាំ មុន

ក្រុង​ប៊ុ​យ​ដា​ប៉ែស​-​ហុង​គ្រី ៖ សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា បាន​អញ្ជើញ​ប្រារព្ធពិធី​បើក​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​ទឹក​លើក​ទី​៣ ក្រោមប្រធានបទ​«​ការ​ទប់ស្កាត់​វិបត្តិ​ទឹក​» កាលពី​ព្រឹកថ្ងៃ​ទី​១៥ ខែតុលា…

ក្រុង​ប៊ុ​យ​ដា​ប៉ែស​-​ហុង​គ្រី ៖ សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា បាន​អញ្ជើញ​ប្រារព្ធពិធី​បើក​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​ទឹក​លើក​ទី​៣ ក្រោមប្រធានបទ​«​ការ​ទប់ស្កាត់​វិបត្តិ​ទឹក​» កាលពី​ព្រឹកថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ឧទ្យាន Millenaris ក្រុង​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី ។

ក្នុង​សុន្ទរ​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រីបានបញ្ជាក់​ថា សម្រាប់​ទិស​ដៅ​ខាង​មុខ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទាំងនេះ​ក៏​ដូច​ជា​ហា​និភ័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រសិទ្ធភាព ជា​ពិសេស​ក្រោម​ក្រប​ខណ្ឌគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០សំដៅ​​ធានា​និរន្តរភាព​នៃ​ការ​ប្រើប្រាស់​ធនធាន ទឹក​ប្រកបដោយ​ភាព​ឈ្លាសវៃ​សម្រាប់​យើង​ទាំងអស់​គ្នា ក៏​ដូច​ជា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ៗ និង​ដោយ​គ្មាន​ជម្លោះ​រវាង​ប្រទេស​និង​ប្រទេស​ជាយថាហេតុ សម្ដេច​តេ​ជោ​បាន​គូស​រំលេច​នូវ​អាទិ​ភាព​មួយ​ចំនួន ពាក់ព័ន្ធ​អភិក្រម​នៃ​ការ​គ្រប់គ្រងអភិបាលកិច្ច និង​ការ​ធ្វើ​ហិរញ្ញប្បទាន​ដូច​ខាង
ក្រោម ៖

ទី​១-​បន្ត​ផ្ដួចផ្ដើម​បង្កើត​និម្មាបនកម្ម​ន​យោបាយ​សកលលោក​ថ្មី​មួយ សម្រាប់​គ្រប់គ្រង​ធនធានទឹក ដើម្បី​កៀរគរ​ការ​គាំទ្រ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បណ្ដុះ​ស្មារតី​សន្សំ​សំចៃទឹក ក៏​ដូច​ជា​ជៀសវាង​សកម្មភាព​បំពុល​ប្រភពទឹក កសាង​អភិបាលកិច្ច​ស្ថាប័ន​និង​គោ​លន​យោបាយ​ទឹក​មួយ​ដែល​រឹង​មាំ ស្រុះស្រួល​គ្នា និង​មាន​តម្លាភាព ។

ទី​២-​ពង្រឹង​កិច្ច​សម្របសម្រួល​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​និង​គណនេយ្យ​ភាព​ស្ដី​ពី​ទឹក​ក្រោម​ក្របខណ្ឌ​សាកល​លោក ពោល​គឺ​អង្គការ​សហ​ប្រជាជាតិ ដែល​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សកល និង​ក្នុង​ការ​អនុវត្ត​របៀបវារៈ​សកល​ឆ្នាំ​២០៣០ ក៏​ដូច​ជា​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ។

ទី​៣-​ពង្រឹង​កិច្ច​សម្របសម្រួល​និង​កិច្ច​សហប្រតិបត្តិការ​ទាំង​កម្រិត​បច្ចេកទេស និង​គោលនយោបាយ​ស្ដី​ពី​ទឹក ថាមពល ការ​ប្រែប្រួល​អាកាស​ធាតុ ស្បៀង សុខភាព និង​ការ​អភិរក្ស​ចម្រុះសំដៅ​លើកកម្ពស់​និង​ពង្រឹង​អភិបាលកិច្ច​សម្រាប់​ធនធានទឹក និង​ការ​គ្រប់គ្រង​ធនធានទឹក​រួម​គ្នា តាម​រយៈ​កិច្ច​សម្របសម្រួល​អន្តរ​វិស័យ​រវាង​ក្រសួង និង​ស្ថាប័នរដ្ឋ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​តួ អង្គ​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​អ្នក​ប្រើប្រាស់​ទឹក​ផង​ដែរ ។

ទី​៤-​បង្កើន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​កម្រិត​ថ្នាក់​ជាតិ​ដើម្បី​លុប​បំបាត់​ទី​បំពុល​ប្រភព​ទឹក ដោយ​បង្កើន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ សមត្ថភាព​ស្តុក​ទុក​ទឹក​ដែល​ត្រូវ​បាន​បំពុល និង​ពង្រឹង​យន្តការ​ទប់ស្កាត់​ប្រភព​នៃ​ការ​បំពុល​ទឹក​គ្រប់​ទម្រង់ ។

ទី​៥-​បង្កើន​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ទឹក តាម​រយៈ​ភាព​ពង្រឹង​ការ​រៀបចំ​យន្តការ ស្ថាប័ន ការ​រឹត​បន្តឹង​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​និង​ច្បាប់ ។

ទី​៦-​លើកទឹកចិត្ត​ដល់​ការ​បង្កើត​វិធីសាស្ត្រ​ថ្មី​ដោយ​មានការ​វាយតម្លៃ​ពី​ការ​បែងចែក​ផល​ប្រយោជន៍​ពី​ទឹក និង​ការ​ទទួលខុសត្រូវ​លើ​ការ​ថែទាំ​ប្រភព​ទឹក ក៏​ដូច​ជា​ការ​រៀបចំ​ផែនការ​និង​ប្រតិបត្តិការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ឆ្លង​ដែន​សំដៅ​ទប់ស្កាត់​ជម្លោះ​ជាយថាហេតុ និង​ធានា​និរន្តរភាព​នៃ​ការ​ប្រើប្រាស់​ប្រភព​ទឹក​រួម​គ្នា ។

ទី​៧-​បង្កើន​ការ​វិនិយោគសាធារណៈ​សម្រាប់​ការ​គ្រប់គ្រង​ទឹក​និង​ការ​ប្រើប្រាស់​ទឹក​ស្អាត និង អនាម័យ ឲ្យ​ស្រប​ទៅ​នឹង​ទិស​ដៅ​ដែល​បាន​កំណត់ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។

ទី​៨-​ចូលរួម​រៀបចំ​បរិស្ថាន​គាំទ្រ​ដល់​គំរូ​ធុរកិច្ច​បង្កើត​ថ្មី ដែល​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ចីរភាព​ហិរញ្ញវត្ថុ​ក្នុង​ការ​ផ្ដល់​សេវា​ទឹក​ស្អាត ដោយធានា​នូវ​ការ​ទទួល​បាន​ទឹក​ស្អាត​ក្នុង​តម្លៃ​សមរម្យ​ជាមួយ​ស្តង់ដារ​អនាម័យ​ខ្ពស់ ស្របគ្នា​នឹង​ការ​ការពារ ព្រមទាំង​ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​អេកូ​ឡូ​សុ​ី​ផ្អែក​លើ​ទឹក​និង​ដី​មាន​ចីរភាព ។

ទី​៩-​ពង្រឹងសមត្ថភាព​តាមដាន​ត្រួតពិនិត្យ​ចំណុច​ដៅ​ពាក់ព័ន្ធ​នឹង​ទឹក នៅ​ក្រោម​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ព្រមទាំង​លើកទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រាប់​ការ​ប្រមូល​ទិន្នន័យ និង​វិភាគ​ពាក់ព័ន្ធ​នឹង​ទឹក​នៅ​គ្រប់​កម្រិត ជាមួយនឹង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​ផ្នែក​នយោបាយ​និង​ហិរញ្ញវត្ថុ ។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​កិច្ចប្រជុំ​កំពូល​ថា កម្ពុជា​មានការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​ចូលរួម​ការពារ​និង​ទប់ស្កាត់​វិប​ត្តិ​ទឹក តាម​រយៈ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​និង​សកម្មភាព​សំខាន់​ៗ​ដូច​ខាងក្រោម ៖

ទី​១-​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត គោលនយោបាយ ផែនការមេ​ស្ដី​ពី​ការ​គ្រប់គ្រង​ធនធានទឹក​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ទី​២-​បង្កើត​និង​ពង្រឹង​យន្តការ​គ្រប់គ្រង​ធនធាន​ទឹក​តាម​អាង​ទន្លេ ស្ទឹង ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ដោយ​រៀបចំ​និង​អនុវត្ត​ផែនការ​គ្រប់គ្រង​ធនធានទឹក និង​អាង​ទន្លេ​រួម​មាន ការ​គ្រប់គ្រង​ធនធានទឹក​បម្រើ​ឱ្យ​គ្រប់​វិស័យ​ពាក់ព័ន្ធ​ប្រកបដោយ​តុល្យភាព​និង​សមធម៌ ការ​រៀបចំ​ផែនទី​ស្ដី​ពី​ជំនន់​និង​ទឹក​ក្រោម​ដី ការ​សាងសង់​អាង​ស្តុក​ទឹក ទំនប់​ការពារ​ទឹកជំនន់ ការពារ​ទឹកប្រៃ ប្រព័ន្ធ​ដោះ​ទឹក និង​ឈាន​ជា​បណ្ដើរ​ៗ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​គ្រប់​ជ្រុងជ្រោយ ។

ទី​៣-​កសាង​មូលដ្ឋាន​បច្ចេកទេស ធនធានមនុស្ស និង​ឈាន​ទៅ​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ដែល​ប្រមូលផ្ដុំ​ទាំង​ទឹក​ទាំង​អាកាសធាតុ ដើម្បី​វិភាគ ធ្វើ​អាជីវកម្ម និង​ផ្សព្វផ្សាយ​បម្រើ​ដល់​គ្រប់​វិស័យ​ពាក់ព័ន្ធ​ទាំង​កម្រិត​ជាតិ​និង​អន្តរជាតិ ជា​ពិសេស​បម្រើ​ការ​គ្រប់គ្រង​និង​ការ​អភិវឌ្ឍ​ធនធានទឹក ការ​បន្ត​វាយតម្លៃ​សក្តានុពល​ធនធានទឹក និង​តម្រូវការ​ទឹក​ទាំង​បរិមាណ​និង​គុណភាព​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ ។

ទី​៤- ជំរុញ​និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនធានទឹក​ព្រមទាំង​បង្កើន​ថវិកាជាតិ និង​កៀរគរ​ជំនួយ​ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ជា​ដៃគូ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ធន​ធានទឹក ធានា​ដល់​តម្រូវការ​ទឹក​ក្នុង​គ្រប់​វិស័យ​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ចីរភាព ៕

អត្ថបទសរសេរ ដោយ