ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចំនួនជាង១.០០០នាក់ត្រូវទាហានឈុតខ្មៅថៃប្រចាំការនៅចំណុចផ្សាររុងក្លឿ ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ឃាត់ខ្លួនបញ្ជូនទៅកាន់លុងផាក(គុកធំ) ក្នុងស្រុកអរញ្ញ កាលពីថ្ងៃទី២៦ មេសា ២០១៤។
តាមប្រភពពីប្រជាពលរដ្ឋខ្មែរនៅផ្សាររុងក្លឿបានឱ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញមានក្រុមពលករខ្មែររាប់សែននាក់សម្រុកចូលប្រទេសថៃយ៉ាងភ្លូកទឹក ភ្លូកដីដូចគេហែកឋិន ដែលជាហេតុធ្វើឱ្យអាជ្ញាធរថៃចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
ប្រភពបន្តថា កាលពីថ្ងៃទី២៥ និង២៦ មេសា ក្រុមទាហានឈុតខ្មៅថៃបានចេញប្រតិបត្តិការយ៉ាងក្តៅគគុកដោយបានចាប់ខ្លួនពលករខ្មែរ ប្រុស ស្រីចាស់ក្មេង ដែលនាំគ្នាលាក់ខ្លួននៅតាមតូប និងឌឿងហែមក្នុងផ្សាររុងក្លឿ ខណៈដែលក្រុមពលករទាំងនោះសំចតរង់ចាំឱកាសមេខ្យល់យករថយន្តមកទទួលនាំយកទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។
ក្រុមពលករដែលចំណាកស្រុកខុសច្បាប់នោះត្រូវទាហានថៃប្រមូលបោះដាក់រថយន្តដូចសត្វជ្រូក រួចហើយយកទៅដាក់ក្នុងគុកធំ តែគេមិនអាចដឹងថា ជោគវាសនារបស់ក្រុមពលករទាំងនោះនឹងទៅជាបែបណាឡើយ។
ជុំវិញបញ្ហាខាងលើនេះអ្នកយកព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីអគ្គកុងស៊ុលខ្មែរប្រចាំនៅប្រទេសថៃបានឡើយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ