រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីគណបក្សប្រឆាំងបានឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី២៧ មេសា ២០១៤ថា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងវិលត្រឡប់ពីបរទេសវិញនៅម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យនេះ ចំណែកលោក សម រង្ស៊ី នឹងវិលមកពីបរទេសវិញដែរនៅថ្ងៃទី២៩ មេសា ។
លោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជាទៅក្រៅប្រទេសកាលពីដើមខែមេសានេះ ក្នុងដំណើរដើម្បីស្វែងរកការគំាទ្រសកម្មភាពគណបក្សខ្លួន ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីនោះវិញ បានចាកចេញពីប្រទេសកម្ពុជានៅប៉ុន្មានថ្ងៃ មុនពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរកន្លងមកថ្មីៗនេះ ។
គេនៅមិនទាន់ដឹងនៅឡើយទេ ថាតើក្រោយការវិលត្រឡប់ពីបរទេសរបស់មេដឹកនំាគណបក្សប្រឆាំងទំាងពីររូបខាងលើនេះ ជំនួបកំពូលរវាងមេដឹកនំាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយបញ្ចប់វិបត្តិក្រោយការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥នៃរដ្ឋសភា កាលពីថ្ងៃទី២៨ កក្ដដា ២០១៣ អាចនឹងកើតមាន ឬ យ៉ាងណានោះនៅឡើយទេ ? នៅគ្រាដែលលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបា្រប់ក្រុមអ្នកកាសែតនៅក្រោយបញ្ចប់ពិធីប្រកាសតែងតំាង និង ចូលកាន់មុខតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រធានបណ្ឌិតសភានគរបាលកម្ពុជា និង ការតែងតំាងលោក ម៉ា ឈឿន ជាអនុរដ្ឋលេខធិការក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៤ មេសា ២០១៤ថា បើមានជំនួបកំពូល តើនិយាយរឿងអី ចាប់ផ្តើមពីត្រង់ណា ពីព្រោះយើងបានធ្វើអស់ហើយ តំាងពីក្រោមដល់កំពូល ដល់ទីបំផុតនំាគ្នាទាត់ចោលនោះ ។
ជាមួយគ្នានេះដែរ គេក៏មិនអាចដឹងបានថាតើលោក សម រង្ស៊ី និង លោក កឹម សុខា នឹងបន្តដឹកនំាធ្វើបាតុកម្មជាថ្មី ឬ ក៏យ៉ាងណានោះទេ ប្រសិនបើជំនួបកំពូលមួយមិនអាចកើតមានឡើង ឬ កើតមានតែមិនត្រូវគ្នាដដែលជាដដែលនោះ ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនយោបាយនៅតែមានជំនឿ និងផ្តល់ក្តីសង្ឃឹមថា មេដឹកនំាគណបក្សនយោបាយទំាងពីរដែលទទួលបានអាសនៈសភាក្នុងនីតិកាលទី៥នៃរដ្ឋសភា អាចនឹងបន្តវិលចូលតុចរចាជាថ្មី ដើម្បីបញ្ចៀសវិបត្តិនានាដែលអាចនឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជានោះ ៕
ចែករំលែកព័តមាននេះ