សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃនេះ ដើម្បីចាប់ផ្តើមទស្សនកិច្ចផ្លូវការការងារពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ។

នៅក្នុងពេលទស្សនកិច្ចនោះ សម្តេចធិបតី នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ីស៊ីបា ស៊ីហ្គេរុ ( Ishiba Shigeru) ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងពិភាក្សាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ។ ទស្សនកិច្ចរបស់សម្តេចធិបតី នឹងធ្វើអោយកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។ សម្តេចក៏នឹងជួបជាមួយនឹងវិនិយោគិន និងធុរជនជាច្រើនរបស់ជប៉ុនផងដែរ ។

ដូច្នេះ សម្តេចធិបតី នឹងប្រើប្រាស់ឱកាសនៃទស្សនកិច្ចនេះ ដើម្បីពង្រីកទីផ្សារផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុន និងទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជា ។ កម្ពុជាកំពុងសំឡឹងឃើញជប៉ុនជាទីផ្សារសំខាន់មួយសម្រាប់ការពង្រីកទីផ្សារទំនិញកម្ពុជានៅលើពិភពលោក ខណ:ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចុះពន្ធបដិការនៅមិនទាន់មានស្រមោលច្បាស់លាស់នៅឡើយទេ ។

ខណ:ទីផ្សារអាមេរិកអាចពិបាកសម្រាប់ពេលអនាគតដោយសារសម្ពាធពន្ធនោះកម្ពុជាត្រូវតែមានគោលដៅខិតខំបើកទីផ្សារ និងធ្វើពិពិធកម្មជាមួយនឹងដៃគូពាណិជ្ជកម្មផ្សេងៗទៀត ។ នៅក្នុងនោះជប៉ុនក៏ជាទីផ្សារដ៏មានសក្តានុពលមួយដែរ ។ ដូច្នេះសង្ឃឹមថា ដំណើរទស្សនៈកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសប្តាហ៍ក្រោយនឹងនាំមកនូវភាពវិជ្ជមាន ។
ការទាក់ទាញជប៉ុនឲ្យមកវិនិយោគ និងពង្រីកទីផ្សារនាំចេញទៅកាន់ជប៉ុន គឺជារបៀបវារៈដ៏សំខាន់ដែលគេចាប់អារម្មណ៍បំផុត ។
នៅក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង៥ ជប៉ុន គឺនៅក្នុងបញ្ជីដោយនៅពីក្រោមថៃ វៀតណាម សហរដ្ឋអាមេរិក និងចិន ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅ៤ខែដើម ឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន បានកើនលើស៨៣២លានដុល្លារកើនឡើងជិត៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។
នៅក្នុងរយៈពេលនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន មានចំនួន៥២៣ លានដុល្លារកើនឡើងជិត២០ភាគរយ ទន្ទឹមនឹងនេះដែរការនាំចូលពីប្រទេសជប៉ុនមកកម្ពុជាមានតម្លៃប្រមាណជាជាង៣០៨លានដុល្លារ កើនឡើងជិត៥១ភាគរយ ។
ទីផ្សារជប៉ុនសម្រាប់កម្ពុជា គឺមានសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារិម គ្រឿងសម្អាង ផលិតផលក្រដាស សម្ភារៈការិយាល័យ និងស្បែក ហើយនាំចូលមកវិញជាគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម ក្រណាត់ និងផលិតផលប្លាស្ទិក ៕
ចែករំលែកព័តមាននេះ