ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គមជាតិមួយបើរវល់រកាំរកូសជាមួយប្រទេសជិតខាងច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ថា ប្រសិនបើ​សង្គម​ជាតិ​មួយ​រវល់​តែ​ឈ្លោះ​គ្នា និង​រកាំរកូស​ជាមួយ​ប្រទេស​ជិតខាង​ច្បាស់​ណាស់​សង្គម​ជាតិ​នោះ​គ្មាន​ឱកាស​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​គ្មាន​ឱកាស​ពង្រឹងសមត្ថភាព…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ថា ប្រសិនបើ​សង្គម​ជាតិ​មួយ​រវល់​តែ​ឈ្លោះ​គ្នា និង​រកាំរកូស​ជាមួយ​ប្រទេស​ជិតខាង​ច្បាស់​ណាស់​សង្គម​ជាតិ​នោះ​គ្មាន​ឱកាស​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​គ្មាន​ឱកាស​ពង្រឹងសមត្ថភាព មូលធន​មនុស្ស​ឡើយ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥ នៅ​សាល​សន្និបាត​កោះ​ពេជ្រ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា ប្រទេស​មួយ​អាច​ខ្លាំង​បាន​ទាល់តែ​មាន​ធនធានមនុស្ស ហើយ​ការ​កសាង​សង្គម​មួយ​រីក​ចម្រើន​បាន​ទាល់តែ​សង្គម​នោះ​មាន​សន្តិភាព ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា ប្រទេស​មួយ​មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​ទៅ​បាន​លុះត្រា​ណា​មាន​ធនធានមនុស្ស​ច្រើន ប្រសិនបើ​សង្គម​គ្មាន​ការ​សិក្សា និង​ធនធានមនុស្ស​ទន់ខ្សោយ​នឹង​មិន​អាច​ទៅ​មុខ​បាន​ទេ ហើយ​ក៏​គ្មាន​ឱកាស​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​បាន​ដែរ ។

ថ្លែង​ជា​សាធារណៈ សម្តេច​មហា​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​ប្រសិនបើ​សង្គម​មួយ​រវល់​តែ​ឈ្លោះ​គ្នា​បែកបាក់​គ្នា និង​មាន​សង្គ្រាមរ៉ាំរ៉ៃ​ផ្លាស់​ប្ដូរ​ពី​របប​គ្រប់គ្រង​ឥត​ឈប់​មាន​ភាព​រកាំរកូស​ឥត​ឈប់​ឈរ​ជាមួយ​ប្រទេស​ជិតខាង​សង្គម​ជាតិ​នោះ ពិតជា​គ្មាន​ពេលវេលា​ទៅ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ កសាង​ស្ថាប័ន និង​កសាង​សមត្ថភាព​នៃ​មូលធន​មនុស្ស​របស់​ខ្លួន​បាន​ឡើយ សង្គម​នោះ​ប្រហែលជា​ត្រូវ​ខាត់បង​ធនធានមនុស្ស​យ៉ាងច្រើន ដើម្បី​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​តតាំង​គ្នា​ជា​ជៀស​ជាង​ការ​កសាង​ជាតិ​» ។

សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ផ្ទុយ​ទៅ​វិញ​បើ​សង្គម​មួយ​មាន​សន្ដិភាព និង​ស្ថេ​រ​ភាព ប៉ុន្ដែ​សង្គម​ទាំងមូល​មិន​បាន​ផ្ដល់​តម្លៃ​ការ​សិក្សាអប់រំ ប្រជាពលរដ្ឋ​មិន​ខិតខំ​កសាង​សមត្ថភាព​របស់​ខ្លួន ប្រទេស​ជាតិ​មាន​ធនធានមនុស្ស​ទន់ខ្សោយ ខ្វះ​ឯករាជ្យ ម្ចាស់​ការ នឹង​មិន​អាច​ប្រកួតប្រជែង​ជាមួយនឹង​គេ​បាន​សង្គម​នោះ​ក៏​មិន​អាច​មានការ​រីក​ចម្រើន​បាន​លឿន​បាន​ដែរ ។

លើស​ពី​នេះ សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ដ្រី បាន​លើក​ឡើង​ទៀត​ថា ជាមួយនឹង​សេដ្ឋកិច្ច​ទីផ្សារ និង​ការ​បើកចំហរ​របស់​កម្ពុជា​ការ​ជំរុញ​សមា​ហ​រ័​ណ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់ ផ្គត់​ផ្គង​តំបន់ និង​សកល​តួរ​អង្គ​សេដ្ឋកិច្ច​ទាំងអស់​របស់​កម្ពុជា​សុទ្ធតែ​បានដឹង​ហើយ​ថា «​យើង​មិនមែន​តែ​ប្រកួតប្រជែង​ជាមួយ​តួរ​អង្គ​ក្នុងស្រុក​នោះ​ទេ​» នៅ​ពេល​រាជរដ្ឋាភិបាល​ចង់​ទាក់ទាញ​វិនិយោគ បង្កើត​ឧស្សាហកម្ម​ថ្មី​ដែល​មាន​កម្រិត​បច្ចេកវិទ្យា​ខ្ពស់​ជាង​មុន​នឹង​មាន​តម្លៃ​ខ្ពស់​ជាង​មុន​វិនិយោគ​ប្រាកដជា​នឹង​សួរ​ថា «​តើ​យើង​មាន​វិស្វករ​ប៉ុន្មាន​នាក់? មាន​កម្មករ ជំនាញ ប៉ុន្មាន​នាក់? មាន​អ្នកគ្រប់គ្រង​ប៉ុន្មាន​នាក់?» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី បាន​បន្ថែម​ថា បើសិន​កម្ពុជា​ខ្វះខាត​មូលធន​មនុស្ស ឬ​ធន​មនុស្ស យើង​ខ្សោយ​ពិបាក​បណ្ដុះបណ្ដាល ហើយ​ប្រក​ដ​ណាស់​វិនិយោគ​គេ​នឹង​ជ្រើសរើស​ប្រទេស​ផ្សេង​ជាទី​តាំង​វិនិយោគ​របស់​គេ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ