រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា បញ្ហាព្រំដែនដែលនៅសេសសល់មិនទាន់ដោះស្រាយចប់រវាងរដ្ឋាភិបាលកម្ពុជា និងថៃនេះ តែងតែកើតឡើងដោយក្រុមជ្រុលនិយមមួយចំនួនតូច ។

សម្តេចមហាបវរធិបតី បានសរសេរលើបណ្តាញសង្គម នៅថ្ងៃ២ មីនា ឆ្នាំ២០២៥ថា ៖«យើងនឹងខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីជៀសវាងបង្កជាបញ្ហាហិង្សា ដែលអាចកើតមានជាយថាហេតុដូចកាលពីឆ្នាំ២០០៨-២០១១» ។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ខណៈសម្តេចបានបង្ហាញរូបថតថា ទើបរកឃើញរូបប៉ុន្មានសន្លឹកនេះ ដែលថតនៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ ។
សម្តេចមហាបវរធិបតី បានបន្ថែមថា រូបទាំងនេះបង្ហាញអំពីការចរចារវាងភាគីកម្ពុជា ដែលដឹកនាំដោយរូបខ្ញុំ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក (ដោយមានការចូលរួមពីឯកឧត្តម ជា ម៉ន អតីតមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣) ជាមួយភាគីកងទ័ពថៃដែលដឹកនាំដោយឧត្តមសេនីយ៍ ដាពង្ស រតនាស៊ូវ៉ាន់ (Dapong Rattanasuwan) មេបញ្ជាការរង កងទ័ពជើងគោកថៃ ក្នុងគោលដៅឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ២០០៨ នៅទិសប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ២០១១ ។
សម្តេចមហាបវរធិបតីបានក៏បានលើកឡើងថា ៖ សូមរំលឹកផងថា ការប្រយុទ្ធគ្នាពេលនោះ គឺមិនមែនផ្ដើមដោយកងទ័ព ឬរាជរដ្ឋាភិបាលនៃប្រទេសណាមួយនោះទេ ។ ប៉ុន្តែវាចាប់ផ្ដើមឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ហើយរំលោ.ភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ ។

សម្តេចបន្ថៃមថា សកម្មភាពដែលផ្ដើមឡើងដោយមនុស្សប៉ុន្មាននាក់នេះ បានរាលដាលរហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរអស់រយៈពេលជាង៣ឆ្នាំ ចាប់ពីតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយបានបង្កឲ្យកងទ័ពទាំងពីរប្រទេសរងរបួស និងស្លា.ប់ជាច្រើននាក់ក៏ដូចជា បង្ខំឲ្យប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃដែលរស់នៅក្នុង និងក្បែរតំបន់ប្រយុទ្ធគ្នារាប់ពាន់គ្រួសារត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន ។
បន្ថែមលើនោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យផ្សេងៗក៏ទទួលរងការប៉ះពាល់ជាអវិជ្ជមានផងដែរនាពេលនោះ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានបទពិសោធន៍ដែលទើបតែកើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា ដែលអាចឈានទៅបង្កើតអំពើហិង្សាដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១។

សម្តេចមហាបវរធិបតី បានលើកឡើងទៀតថា ប្រជាពលរដ្ឋខ្មែរក៏ដូចជា ប្រជាពលរដ្ឋថៃ មានសិទ្ធិស្រលាញ់ជាតិ និងស្រលាញ់ទឹកដីរបស់ខ្លួន ។ ប្រទេសទាំងពីរមិនអាចលើកចេញពីគ្នាបានទេ ហើយចំពោះបញ្ហាព្រំដែននៅសេសសល់ គឺជាមរតកប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកជាយូរណាស់មកហើយ ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា៖«យើងត្រូវខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីជាសវាងបង្កជាបញ្ហាហិង្សា ដែលអាចកើតមានជាយថា ហេតុដូចកាលពីឆ្នាំ២០០៨-២០១១» ។
សម្តេចថា ៖«ខ្ញុំកើតមិនទាន់សង្គ្រាមក្នុងទសវត្សរ៍ទី៧០ ហើយក៏នៅតូចនៅក្នុងដំណាក់កាលនៃសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សទី៩០ ។ ប៉ុន្តែខ្ញុំគិតថា ការប្រយុទ្ធគ្នានៅឆ្នាំ២០០៨-២០១១ គឺមិនខុសគ្នាពីការប្រយុទ្ធគ្នាកាលពីអតីតកាលនោះទេ គឺគ្មានអ្វីចំណេញពីសង្គ្រាម និងការប្រយុទ្ធគ្នានោះទេ ។ អ្នកដែលខាតបង់ផ្ទាល់ គឺយោធិននៃប្រទេសទាំងពីរ និងក្រុមគ្រួសារដែលត្រូវបាត់បង់សមាជិកគ្រួសារក៏ដូចជា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា (មិនទាន់គិតពីផលប៉ះពាល់លើទំនាក់ទំនងក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរនោះផង) ។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ៖ ដោយឡែក អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាពរាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា ។ សម្តេចថា៖«ខ្ញុំសង្ឃឹមថានេះ គឺជាមេរៀនមួយដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃ ត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត» ៕
ចែករំលែកព័តមាននេះ