រាជធានីភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទិន្ន័យបឋម ឬ Primary Data សំខាន់ណាស់ដែលត្រូវមានការសិក្សាច្បាស់លាស់ ដើម្បីផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ ហើយ សម្តេចផ្តាំថា កុំយកការវិភាគបែបស៊ីអារម្មណ៍យកមកដាក់ចេញជាមូលដ្ឋានសម្រាប់ធ្វើគោលនយោបាយ ។

ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ៖ គោលនយោបាយ និងយុទ្ធសាស្តកំណើនមានគុណភាពរយៈពេលវែងក្នុងបរិការណ៍ ដែលមានភាពមិនច្បាស់លាស់» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យវិទ្យាស្ថានស្រាវជ្រាវ CDRI បន្តបំពេញតួនាទី ជាសេវាមជ្ឈមណ្ឌលប្រមូលទិន្ន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ បែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មានទិន្ន័យបឋម Primary Data តាមរយៈការចុះប្រមូលទិន្ន័យ និងស្ទង់មតិ ។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់នូវសុក្រិតភាព និងសុគត់ភាព នៃទិន្ន័យបឋម ឬហៅថាទិន្ន័យកម្រិតមីក្រូថា មានសារៈសំខាន់ណាស់ សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ និងតម្រង់ទិសនូវវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែង ស្របតាមស្មារតីរបស់រាជរដ្ឋាភិបាលដែលតែងតែចុះស្តាប់ផ្ទាល់ ប្រឡូកផ្ទាល់ជាមួយនឹងបញ្ហារបស់ប្រជាជន ហើយចូលរួមដោះស្រាយកង្វល់របស់ប្រជាជនឱ្យចំគោលដៅ ។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី ឱ្យយកចិត្តទុកដាក់ចំពោះការដាក់ចេញនូវគោលនយោបាយនានាការរៀបចំនូវក្របខណ្ឌគោលនយោបាយ និងវិធានអភិវឌ្ឍត្រូវផ្អែកទៅលើវិទ្យាសាស្ត្រ មិនមែនទៅលើអារម្មណ៍ ដូច្នេះការសិក្សាស្រាវជ្រាវការប្រមូល និងវិភាគឱ្យបាន ច្បាស់លាស់ ខណៈដែលការបង្កើនសមត្ថភាពរបស់ស្ថាប័នដែលទទួលខុសត្រូវ គឺជាកិច្ចការសំខាន់ ។
សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«បើទិន្ន័យបើព័ត៌មាន យើងប្រមូលខុសការសម្រេចចិត្តក៏ខុស ការរៀបចំគោលនយោបាយក៏ខុស ហើយនេះនឹងធ្វើឱ្យយើងខាតបង់ច្រើនខាតទី១ ខាតពេលវេលា ខាតធនធាន តែអ្វីដែលសំខាន់នោះ គឺចំណុចដែលយើងចង់អន្តរាគមន៍ពិតប្រាកដ គឺត្រូវបានទុកចោល ហើយពេលខ្លះអន្តរាគមន៍ខុសគោលដៅធ្វើឱ្យបញ្ហាលើសដើម ហេតុនេះហើយ គឺជាកត្តាសំខាន់នៅក្នុងការពង្រឹង ហើយរាជរដ្ឋាភិបាលក៏កំពុងចាត់វិធានការ ដើម្បីពង្រឹងកែទម្រង់ស្ថាប័នទទួលខុសត្រូវនៅក្នុងការពង្រឹង ការប្រមូលវិភាគព័ត៌មាន ដើម្បីបានធានាសុគតភាព និងគុណភាពនៅក្នុងការរៀបចំគោលនយោបាយរបស់យើងបន្ថែមទៀត» ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ការធ្វើសឺវេ (Survey) ការជួបជាប្រចាំនេះ គឺជាការប្រមូលទិន្ន័យ ហើយទិន្ន័យ គឺទិន្ន័យបឋម ទិន្ន័យ Primary Data នេះសំខាន់ណាស់ ប៉ុន្តែត្រូវមានការសិក្សាច្បាស់លាស់ ដើម្បីយើងផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ ការវិភាគមានច្រើន ដែលខ្ញុំថា វិភាគ២ វិភាគវិទ្យាសាស្ត្រ និងវិភាគស៊ីអារម្មណ៍ កុំយកការវិភាគស៊ីអារម្មណ៍ យកមក ដាក់ចេញជាមូលដ្ឋាន សម្រាប់ធ្វើគោលនយោបាយ ហើយការប្រមូលទិន្ន័យក៏មិនទៅយក ទិន្ន័យពី Google យកមកដើម្បីធ្វើការវិភាគ ប្រាកដណាស់ត្រូវតែទាញយកទិន្ន័យ ផ្លូវការណាមួយដែលអាចធ្វើបាន ឬចុះសឺវេ» ៕
ចែករំលែកព័តមាននេះ