កីឡាការិនីលំដាប់ទី៧ពិភពលោក ម៉ារីយ៉ា សារ៉ាប៉ូវ៉ា និងកីឡាការិនីស៊ែប៊ី អាណា អុីវ៉ាណូវិច កំពុងសម្លឹងរកពានជើងឯកវាយកូនបាល់ Porsche Tennis Grand Prix ខណៈពួកគេទាំងពីរនាក់កាលពីថ្ងៃសៅរ៍ទី២៦ មេសា បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រពោលគឺក្រោយពីផ្តួលគូប្រកួតរៀងៗខ្លួនក្នុងវគ្គពាក់កណ្តាកផ្តាច់ព្រ័ត្ររួចមក ។ សូមបញ្ជាក់ថា ការប្រកួតនេះត្រូវបានរៀបចំធ្វើនៅទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ ។
សារ៉ាប៉ូវ៉ា ក្នុងនាមជាកីឡាការិនីការពារជើងឯក ឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីបានយកឈ្នះកីឡាការិនីអុីតាលី Sara Errani ក្នុងលទ្ធផលក្នុងលទ្ធផល៦-១និង៦-២ ។ សូមបញ្ជាក់ថា នេះគឺជាជ័យជម្នះជាប់ៗគ្នាលើកទី១២របស់នាងហើយសម្រាប់ការប្រកួតនៅក្រុង Stuttgart ។
ថ្លែងបន្ទាប់ពីបញ្ចប់ការប្រកួត កីឡាការិនីរុស្ស៊ីរូបនេះបញ្ជាក់ថា៖ «ចូលរួមប្រកួតកាន់តែច្រើនកម្មវិធី គឺកាន់តែលំបាក ។ ខ្ញុំពិតជាចង់ឈានឡើង និងបង្កើតការប្រកួតមួយដ៏ល្អឥតខ្ចោះ ។ ជានិច្ចកាល ការប្រកួតលើតារាងដីក្រហមលើកដំបូងគឺពិតជាពិបាក ហើយវាសំខាន់ណាស់ដែលត្រូវកែលំអការប្រកួតពី១លើកទៅ១លើក ។ យ៉ាងណាក៏ដោយ ពេញមួយសប្តាហ៍នេះខ្ញុំធ្វើបានល្អគួរសម ។
នៅវគ្គផ្តាច់ព្រ័ត្រ នាងនឹងប៉ះជាមួយអតីតកីឡាការិនីលំដាប់ទី១ពិភពលោកគឺនាងអុីវ៉ាណូវិច ដែលបានយកឈ្នះកីឡាការិនីមិត្តរួមជាតិ Jelena Jankovic ក្នុងលទ្ធផល៦-៣និង៧-៥ ។ ដោយឡែកក្នុងកម្មវិធី Barcelona Openនៅឯទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កីឡាករកូឡុំប៊ី Santiago Giraldo បានបំបាក់កីឡាករម្ចាស់ផ្ទះ Nicolas Almagro ២សិតផ្ទួនៗឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី១ ។
នៅវគ្គផ្តាច់ព្រ័ត្រ Giraldo នឹងប៉ះជាមួយកីឡាករជប៉ុន Kei Nishikori ដែលបានយកឈ្នះកីឡាករឡេតូនី Ernests Gulbis ក្នុងលទ្ធផល ៦-២ និង ៦-៤ ៕
ចែករំលែកព័តមាននេះ