Bruno Fernandes បដិសេធប្រាក់ឈ្នួលជាង២៦០លានដុល្លារពី Al-Hilal ដើម្បីបន្តរួមរស់នឹង Man Utd
2 ថ្ងៃ មុន
បរទេស ៖ តាមការបញ្ជាក់ពីលោក Fabrizio Romano អ្នកកាសែតកីឡាបាល់ទាត់ដ៏ល្បីជនជាតិអ៊ីតាលី តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា…
បរទេស ៖ តាមការបញ្ជាក់ពីលោក Fabrizio Romano អ្នកកាសែតកីឡាបាល់ទាត់ដ៏ល្បីជនជាតិអ៊ីតាលី តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កីឡាករ Bruno Fernandes បានបដិសេធសំណើប្រាក់ឈ្នួលដ៏ច្រើន ២៣១លានអឺរ៉ូ ឬ ២៦២លានដុល្លារអាមេរិកពីក្លិបយក្សនៅអារ៉ាប៊ីសាអូឌីត ដោយរូបគេចង់បន្តរួមរស់ជាមួយ Manchester United ក្នុងការប្រកួតលីគកម្រិតខ្ពស់បំផុត។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes បានបញ្ជាក់ថា រូបគេបានបដិសេធការផ្ទេរប្រាក់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែចង់បន្តអាជីពក្នុងការប្រកួតកម្រិតខ្ពស់បំផុត។ ប្រធានក្រុមបិសាចក្រហម Man Utd វ័យ៣០ឆ្នាំរូបនេះ បានក្លាយជាប្រធានបទក្តៅនៃការរំពឹងទុកដែលភ្ជាប់ជាមួយការផ្ទេរក្នុងតម្លៃ១០០លានផោន ឬស្មើនឹង ១៣៥លានដុល្លារទៅចូលរួមជាមួយក្លិប Al-Hilal នៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League។
លោក Fabrizio Romano បានរាយការណ៍ថា ក្លិប Al-Hilal បានផ្តល់ជូនប្រាក់ឈ្នួលដល់ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះចំនួន ២៦២ដុល្លារសម្រាប់កុងត្រារយៈពេល៣ឆ្នាំ ដែលមានន័យថា មិត្តរួមក្រុមជម្រើសជាតិខ្សែប្រយុទ្ធ Cristiano Ronaldo រូបនេះ នឹងទទួលបានប្រមាណ ២៣៨,០០០ដុល្លារក្នុង១ថ្ងៃ ១,៧លានដុល្លារក្នុង១សប្តាហ៍ ៧,២លានដុល្លារក្នុង១ខែ និង ៨៧លានដុល្លារក្នុង១ឆ្នាំ។
ទោះមានការផ្តល់ជូនយ៉ាងក្រាស់ក្រែលបែបនេះក្តៅ ប៉ុន្តែ Bruno បានប្រាប់ថា បន្ទាប់ពីពិភាក្សាអំពីបញ្ហានេះជាមួយគ្រួសាររបស់ខ្លួនរួចហើយ រូបគេក៏បានជូនដំណឹងភ្លាមៗទៅកាន់ក្លិប Al-Hilal ថានឹងមិនចូលរួមជាមួយពួកគេនោះទេ។ ថ្លែងនៅមុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Nations League ដែើព័រទុយហ្គាល់ត្រូវតទល់នឹងអាល្លឺម៉ង់ នៅកីឡដ្ឋាន Allianz Arena ទីក្រុងមុយនិច នៅយប់ថ្ងៃទី៤ ខែមិថុនានេះ Bruno បានថ្លែងថា គ្រូបង្វឹក Man Utd លោក Ruben Amorim បានស្នើសុំខ្ញុំមិនឱ្យចាកចេញ ព្រោះក្លិបមិនចង់លក់ខ្ញុំនោះទេ។ ពួកគេបានប្រាប់ថាបើខ្ញុំចង់ទៅ ខ្ញុំអាចទៅបាន ប៉ុន្តែពួកគេមិនត្រូវការលុយនោះទេ។ ក្រោយមកខ្ញុំបានប្រាប់ចម្លើយទៅកាន់លោក Ruben Amorim ដែលមួយរយៈពេលចុងក្រោយ គាត់កំពុងជំរុញឱ្យខ្ញុំមិនចាកចេញ»។
ចែករំលែកព័តមាននេះ