ខេត្តសៀមរាប ៖ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនំាដោយលោកវរៈសេនីយ៏ទោ សឿន សេន នាយការិយាល័យប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឃាត់ចាប់រថយន្តទួរីសមួយគ្រឿងព៌ណសំបកឪឡឹក ពាក់ស្លាកលេខ សៀមរាប 2A 9077 ដឹកទំនិញគេចពន្ឋ ពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងបំណងយកទៅចែកចាយបន្តនៅក្នុងស្រុកជីក្រែង ។
ហេតុការណ៏នេះ បានកើតឡើងនៅម៉ោង១០ និង ៣០នាទីយប់ថ្ងៃទី២៦ មេសា ២០១៤ នៅតាមបណ្តោយផ្លូវហាយវ៉េ ហៅផ្លូវ៦៧ ស្ថិតក្នុងស្រុកបា្រសាទបាគង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរឹបអូសបានទំនិញគេចពន្ឋជាច្រើនមុខមានដូចជា៖ ទឹកក្រូច ទឹកដោះគោកំប៉ុង សាប៊ូជាដើម ព្រមទំាងឃាត់ខ្លួនម្ចាស់ទំនិញ និងជាអ្នកបើកបរផ្ទាល់ឈ្មោះ ស៊ុន នី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង និង ព្រូឡានឈ្មោះ ថៃ យ៉ន់ អាយុ១៩ឆ្នាំ ស្នាក់នៅជាមួយថៅកែខាងលើ ។
ក្រោយចាប់បានភ្លាមៗ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជូនទំាងរថយន្ត ទំនិញ និងម្ចាស់ទំនិញ ប្រគល់ជូនសាខាគយនិងរដ្ឋាករខេត្តសៀមរាប បន្តចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ