ខេត្តបន្ទាយមានជ័យ ៖ សពពលករខ្មែរម្នាក់ និងអ្នករបួស៣នាក់ផ្សេងទៀតដែលរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើទឹកដីថៃត្រូវភាគីថៃបញ្ជូនមកឱ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីរសៀល និងព្រលប់ថ្ងៃទី២៦ មេសា ២០១៤ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះប៉ាត ច្រមុះ ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសំអាតអនាម័យ មានទីលំនៅភូមិជន្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ករណីគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតពលករខាងលើ ត្រូវបានសាច់ញាតិប្រាប់ឱ្យដឹងថា បានកើតឡើងតាំងពីព្រឹកថ្ងៃទី៣០ មីនា ២០១៤ មកម្ល៉េះនៅក្នុងក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ដោយធ្លាក់ពីលើដំបូលរថយន្តចាក់សំរាមរបួសធ្ងន់ត្រូវគេបញ្ជូនមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយបានស្លាប់នៅរសៀលម៉ោង៣ ថ្ងៃទី២៥ មេសា។
ចំណែកជនរងគ្រោះ៣នាក់ក្នុងចំណោម២១នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកខៅសាកាន់ ខេត្តស្រះកែវ ជាប់ព្រំប្រទល់ខេត្តឆាក់ឆឹនសៅ កាលពីព្រឹកថ្ងៃទី២៣ មេសា ប៉ុន្តែគ្មានអ្នកស្លាប់ ក៏ត្រូវបានគេបញ្ជូនមកដល់កម្ពុជាដូចគ្នាកាលពីរសៀលថ្ងៃទី២៦ មេសា ។
ដោយឡែកសពពលករខ្មែរ៧នាក់ដែលស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តក្នុងខេត្តឈុនបូរី មានទាំងរបួសធ្ងន់ ស្រាល៩នាក់ កាលពីព្រឹកថ្ងៃទី២៥ មេសា ត្រូវបានលោកនេត សារី អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃប្រាប់តាមទូរស័ព្ទថា បានបញ្ជូនមកឱ្យសាច់ញាតិអស់ហើយតាមច្រកតំបន់ភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៦ មេសា ៕
ចែករំលែកព័តមាននេះ