ខេត្ដកំពង់ឆ្នាំង ៖ អ្នកភូមិឡពាង និងភូមិបឹងកក់ដែលជាភូមិជិតខាងមួយមានគ្នាប្រមាណជាង៦០នាក់ កាលពីព្រឹកថ្ងៃទី២៤ មេសា បានលើកគ្នាមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ព្រោះតែឈ្មោះ រាជ សីម៉ា ត្រូវបានស្នងការដ្ឋានកោះហៅមកសាកសួរពីរឿងជាមនុស្សក្រៅច្បាប់ ដើរញុះញង់ប្រជាពលរដ្ឋឱ្យជួយតវ៉ា រឿងវិវាទដីធ្លីរួមដៃជាមួយខ្លួន ។
ម៉្លោះហើយដោយសារខ្លាចមានការឃុំឃាំងណាមួយពីបទញុះញង់ខុសច្បាប់នេះ ទើបលើកគ្នាមកយ៉ាងច្រើនឱ្យជួយទប់ជើងគ្រែឱ្យខ្លួន ។ លោកវរសេនីយ៍ឯក លី វីរៈ ស្នងការរងនគរបាលខេត្ដ ទទួលបន្ទុកសន្ដិសុខមានប្រសាសន៍ថា ការហៅឈ្មោះ រាជ សីម៉ា មកនេះគឺគ្រាន់តែហៅមកសាកសួរប៉ុណ្ណោះ ពីរឿងញុះញង់អ្នកភូមិរហូតកោះហៅអ្នកភូមិប្រជុំគ្នាទៀតផង កាលពីថ្ងៃអាទិត្យទី២០ មេសា ដោយគ្មានអាជ្ញាធរភូមិ-ឃុំបានដឹងឡើយ ។ ពេលសាកសួរឈ្មោះនេះបានសារភាពថា ខ្លួនពិតជាបានជួបជុំគ្នាពិភាក្សារឿងដីក្រុមហ៊ុនខេឌីស៊ីនេះមែន ។ ឈ្មោះ រាជ សីម៉ា ហៅញ៉េន ក្រោយពីចេញមកពីក្នុងស្នងការដ្ឋានវិញ បានប្រាប់អ្នកកាសែតថា ខ្លួនមិនត្រូវបានសម្លុត គំរាមកំហែងក្នុងការសាកសួរនេះទេ គ្រាន់តែសួររឿងដើរញុះញង់ប្រជាពលរដ្ឋ និងធ្វើមេខ្យល់តែប៉ុណ្ណោះ ។
គួរបញ្ជាក់ដែរថា វិវាទដីធ្លីរវាងអ្នកភូមិឡពាង ជាមួយក្រុមហ៊ុន K.D.C បានកើតឡើងយូរឆ្នាំមកហើយ ខណៈដែលក្រុមហ៊ុនបានទិញដីស្របច្បាប់ពីក្រុមហ៊ុនមួយផ្សេងនៅឆ្នាំ២០០៧ ដោយមានប្លង់ត្រឹមត្រូវ ។ ចាប់តាំងពីក្រុមហ៊ុនបានទិញដីនេះមក អ្នកភូមិឡពាង ដែលមានឈ្មោះ រាជ សីម៉ា ជាជនខិលខូចបានលេចមុខមកទាមទារដីពីក្រុមហ៊ុនវិញ ហើយបានអូសបន្លាយពីពេលនោះមក ដោយមានមេខ្យល់ចេញពីអង្គការមួយជួយធ្វើខ្នង ។ រហូតដល់ចុងក្រោយនេះមានប្រជាពលរដ្ឋចំនួន២២គ្រួសារបានដាក់ពាក្យប្ដឹងទៅសាលាដំបូង បើទោះដឹងថាខ្លួនឯងគ្មានដី គ្មានឯកសារក្ដី គឺធ្វើតាមមេខ្យល់ឈ្មោះ រាជ សីម៉ា ហៅញ៉េន ជាជនខិលខូចប្រចាំភូមិ ។ ក្រោយមក ថ្មីៗនេះ ដោយមានការចង្អុលបង្ហាញពីលោកអភិបាលខេត្ដ គណៈកម្មការមួយត្រូវបានបង្កើតឡើង ដោយមានសមាសភាព១៥រូប ក្នុងនោះមានលោកជំទាវ ដោក សុទ្ធា អភិបាលរងខេត្ដជាប្រធានដើម្បីសម្របសម្រួលវិវាទនេះ ។ នៅពេលត្រូវសម្របសម្រួលគ្នា ស្រាប់តែអ្នកភូមិឡពាងបានកើនឡើងដល់ទៅ៥២គ្រួសារសុទ្ធតែគ្មានឯកសារសម្គាល់ដី ។ ទោះជាយ៉ាងនេះក្ដី ក៏ក្រុមហ៊ុនព្រមទទួលយក មកដោះស្រាយដែរ ហើយការសម្របសម្រួលក៏ចាប់ផ្ដើមឡើង និងដោះស្រាយជាគោលនយោបាយ ។
ប្រជាពលរដ្ឋភាគច្រើនបានព្រមទទួលយក គឺចុងក្រោយនៅសល់តែ១៦គ្រួសារប៉ុណ្ណោះ ដែលភាគច្រើនគឺជាក្រុមគ្រួសាររបស់មេខ្យល់កំបុតត្បូងឈ្មោះ រាជ សីម៉ា នេះឯង ដែលគ្មានឆន្ទៈទទួលយកក្នុងការដោះស្រាយ ដែលពួកគេមានខួរក្បាលចេញមកពីបក្សប្រឆាំងទាំងដុលតែម្ដង ធ្វើដូចមនុស្សក្រៅច្បាប់ ។ ដោយហេតុដូច្នេះហើយ ទើបកាលពីថ្ងៃទី៩ មេសា ខណៈដែលគណៈកម្មការកំពុងមានយោបល់ជាមួយអ្នកទាមទារដែលនៅសេសសល់ ស្រាប់តែឈ្មោះ រាជ សីម៉ា បានលើកដៃកាត់ប្រសាសន៍លោកជំទាវប្រធាន គណៈកម្មការ ហើយបានដើេរចេញពីអង្គប្រជុំសម្របសម្រួលនេះ ដោយមានក្រុមគ្រួសារមួយដំបរស្វានេះដើរចេញតាមជាមួយផង ប្រៀបដូចមនុស្សរស់ក្រៅសង្គម ។ ក្រោយពីដឹងថា អ្នកភូមិភាគច្រើននៅភូមិឡពាង ឈប់ជឿការញុះញង់របស់ខ្លួន ឈ្មោះ រាជ សីម៉ា បានទៅប្រមូលអ្នកភូមិជិតខាងមួយទៀតឈ្មោះបឹងកក់ បានប្រមាណ៥០នាក់ ព្រោះអ្នកទាំងនោះបានជឿតាមឈ្មោះ រាជ សីម៉ា ដែលថា ការតវ៉ានេះនឹងបានលុយដូចអ្នកភូមិឡពាងដែរ។ នេះមិនខុសពីឃើញគេបានក៏ទៅនឹងគេដែរ ក្រែងបានខ្លះ មិនខុសពីទៅបបួលមនុស្សឱ្យធ្វើចោរជាមួយខ្លួនឡើយ ។
ទាំងអស់នេះបញ្ជាក់ថា ឈ្មោះ រាជ សីម៉ា គ្មានឆន្ទៈក្នុងការទទួលយកការដោះស្រាយរបស់គណៈកម្មការឡើយ ប្រហែលចង់តាំងខ្លួនរស់នៅក្រៅសង្គមហើយមើលទៅ ។ ជាក់ស្ដែង នៅរសៀលថ្ងៃទី២៤ មេសា អ្នកទាមទារចាស់ចំនួន១៦នាក់ ដែលនៅសេសសល់ត្រូវបានគណៈកម្មការកោះហៅមកសម្របសម្រួលជាថ្មីម្ដងទៀត បាននាំគ្នាមកដល់សាលាខេត្ដហើយ រួមជាមួយអ្នកដែលមកការពារឈ្មោះញ៉េន នេះពីព្រឹកផង ។ ពេលគណៈកម្មការឱ្យចូលជួបពិភាក្សាម្នាក់ម្ដង ឈ្មោះ រាជ សីម៉ា ហៅញ៉េន ដែលជាមនុស្សអត់ដីសោះ ដែលជាមេខ្លោងបានតវ៉ាសុំចូលជួបម្ដងទាំងអស់គ្នា ។ ក្រោយមកទៀត សុំចូល៣នាក់ម្ដង ប៉ុន្ដែគណៈកម្មការមិនព្រមឡើយ ព្រោះធ្លាប់មានមេរៀនជូរចត់ច្រើនមកហើយ ដូចជាកាលពីថ្ងៃទី២៧ មីនា និងថ្ងៃទី៩ មេសា ឈ្មោះ រាជ សីម៉ា តែងនាំគ្នាដើរចេញពីអង្គប្រជុំជានិច្ច ដោយមិនព្រមស្ដាប់ការបកស្រាយរបស់គណៈកម្មការទាល់តែសោះ ។
លោកជំទាវ ដោក សុទ្ធា ជាប្រធានគណៈកម្មការដោះស្រាយវិវាទនេះ មានប្រសាសន៍ថា យើងចង់ឱ្យពួកគាត់ចូលជួបគណៈកម្មការម្ដងម្នាក់ ដូចដែលយើងធ្លាប់បានធ្វើរយៈកាលកន្លងមក ហើយបានទទួលជោគជ័យជាង៨០ភាគរយ នៅសល់តែប៉ុន្មានគ្រួសារនេះ ប៉ុន្ដែឈ្មោះ រាជ សីម៉ា នេះមិនព្រមទេ ទាមទារសុំចូលជួបទាំងអស់គ្នា ។ ប្រធានគណៈកម្មការមិនអាចទទួលយកបានទេ ព្រោះធ្លាប់មានមេរៀនហើយ ជជែកមិនស្ដាប់គ្នាសោះ ឯងកំពុងមានយោបល់ ឈ្មោះ រាជ សីម៉ា លើកដៃសុំមានយោបល់កាត់ ហើយនាំគ្នាដើរចេញដូចគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ។ ជុំវិញបញ្ហានេះ លោកជំទាវប្រធានគណៈកម្មការបានជម្រាបជូនលោកអភិបាលខេត្ដរួចហើយ ។ នៅរសៀលនោះ គណៈកម្មការបានលុបចោលការដោះស្រាយនេះ ព្រោះតែមិនអាចទទួលយកបានពីការចចេសរឹងរូសរបស់មេខ្លោងក្រៅច្បាប់ រាជ សីម៉ា ព្រោះតែមានអ្នកនៅពីក្រោយខ្នង ។ មានការគិតថា បើសិនការដោះស្រាយនេះបានបញ្ចប់សព្វគ្រប់ ពួកគេដែលជាមេខ្យល់នៅពីក្រោយនឹងគ្មានការងារធ្វើ ព្រោះខ្លះបានប្រាក់ខែពីបរទេស ដោយសារតែរឿងដើរញុះញង់ឱ្យកើតមានបញ្ហានេះ ។
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ សរុបសេចក្ដីមក គឺមានឈ្មោះ រាជ សីម៉ា ជាមេខ្លោង និងមានអង្គការមួយខ្លាចអស់ការងារធ្វើក្នុងរឿងនេះ ទើបការដោះស្រាយមិនបានចប់ ហើយមិនត្រឹមប៉ុណ្ណឹង ពេលនេះក្រោយពីដឹងថា អ្នកភូមិឡពាងមួយចំនួនឈប់ជឿលើការញុះញង់របស់ឈ្មោះ រាជ សីម៉ា ហើយនោះ ឈ្មោះនេះក៏ងាកមកប្រមូលអ្នកភូមិបឹងកក់បន្ថែមទៀតឱ្យជួយតវ៉ាគ្នាតាមនយោបាយ ឈ្នះបានដីចាញ់បានលុយ ។ តែកុំសង្ឃឹម ព្រោះគ្រាន់តែអ្នកភូមិឡពាងផងនៅពិបាក ទម្រាំអ្នកមិនដែលឮឈ្មោះនិងមិនដែលឃើញមុខសោះ ហើយឮថាមានមេខ្លោងចូលទៅវាស់ដីរបស់ក្រុមហ៊ុនទៀត ថាអ្នកនេះមានប៉ុណ្ណេះ អ្នកនោះមានប៉ុណ្ណោះ ។ សកម្មភាពខុសច្បាប់នេះសង្ស័យជួញគុកមិនខាន ។ ក្រុមអ្នកតាមដានយល់ឃើញថា ឈ្មោះ រាជ សីម៉ា ប្រហែលជាចង់ជួញគុកហើយមើលទៅ ។ បើមេខ្យល់ឈ្មោះ រាជ សីម៉ា ចូលគុក កុំថាឈ្មោះ សំ ច័ន្ទគារជួយ សូម្បីសំ ច័ន្ទគារ ដប់ម្ភៃនាក់ទៀតក៏ជួយអត់បានដែរ ។
មតិមួយទៀតយល់ថា លោក ច័ន្ទគារ ដែលស៊ីប្រាក់ខែបរទេស គួរតែដកថយពីការនៅពីក្រោយខ្នងឈ្មោះ រាជ សីម៉ា ហើយ មិនគួររុញឈ្មោះ រាជ សីម៉ា ឱ្យចូលក្រោមរថយន្ដ ឬឱ្យក្លាយជាមនុស្សនៅក្រៅច្បាប់បែបនេះឡើយ ។ គួរឱ្យអាណិតខេត្ដកំពង់ឆ្នាំងណាស់ មិនគួរអភ័ព្វកើតមានមនុស្សក្រៅច្បាប់នៅធ្វើព្យុះធ្វើភ្លៀងតាមចិត្ដបែបនេះសោះ ។ អាណិតជាងគេ លោកអភិបាលខេត្ដដែលកំពុងទ្រាំអត់លើបញ្ហាអាក្រក់នេះ ។ រាជ សីម៉ា ហៅញ៉េន ប្រាប់អ្នកភូមិបឹងកក់ថា ឱ្យដើរតាមខ្លួនមក មើលចុះអ្នកឡពាងអត់ដីសោះ ដើរតាមខ្លួនក៏ត្រូវបានក្រុមហ៊ុនឱ្យម្នាក់ៗពី១លានរៀលទៅ៣-៤លានរៀលដែរ ។
ឮបែបនេះ អ្នកភូមិបឹងកក់ដែលនៅជិតភូមិឡពាង ហេតុតែក្រីក្រក៏ជឿតាមការញុះញង់របស់មេខ្លោង រាជ សីម៉ា លើកគ្នាមកដូចហែកឋិន ដើរតាមមេខ្លោងម្នាក់នេះ ប្រៀបដូចមមាចចូលភ្លើងចន្លុះ ។ គេបានឃើញឈ្មោះ សំ ច័ន្ទគារ នៅជាមួយក្រុមអ្នកតវ៉ាថ្មីនេះដែរ ដូចជាមនុស្សអត់ចេះខ្មាសអៀនបន្ដិចសោះ ៕
ចែករំលែកព័តមាននេះ