រាជធានីភ្នំពេញ ៖ រថយន្តមីតស៊ុយប៊ីស៊ី ជិះដោយបុរសម្នាក់បានបើកទៅបុកចំប្រមោយស្ទូចរបស់រថយន្តស្ទូចដែលកំពុងបើកឆ្លងផ្លូវបណ្តាលឱ្យរថយន្តមីតស៊ុយប៊ីស៊ីរងការខូចខាតមួយកំណាត់មុខទាំងស្រុង ។ ហេតុការណ៏នេះកើតឡើងនៅម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ មេសា ២០១៤ ចំណុច ស្តុបទួលគោក តាមមហាវិថីសហពន្ធ័រុស្ស៊ី ស្ថិតនៅក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត មីតស៊ុយប៊ីស៊ី ពណ៌លឿង ពាក់ស្លាកលេខ ភព៥ ក០២២២ បើកដោយបុរសម្នាក់ក្នុងទិសដៅ ពីកើតទៅលិចតាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី ស្របពេលនោះដែរក៏មានរថយន្តស្ទូច ពណ៌ក្រហម ពាក់ស្លាកលេខព្រះវិហារ 2A-1264 បើកដោយបុរសម្នាក់ ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តស្ទូចបានបើកឆ្លងដល់ ពាក់កណ្តាលស្តុប ក៏ត្រូវបានរថយន្តមីតស៊ុយប៊ីស៊ី បុកចំប្រមោយស្ទូចរបស់រថយន្តស្ទូចនេះ បណ្តាលឱ្យរថយន្តមីតស៊ុយប៊ីស៊ី ខូចខាតមួយកំណាត់មុខទាំងស្រុង ចំណែកអ្នកបើកបរមិនមានរងរបួស ។
ក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៏ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ