ខេត្តស្វាយរៀង ៖ អំពើហិង្សាមួយបានផ្ទុះឡើងដោយការគប់ដុំថ្ម និងការដុតផាវបន្លំជាស្នូរកាំភ្លើង បណ្តាលឱ្យកម្មករ-កម្មការិនីមួយចំនួនរងរបួស និងមន្ត្រីសមត្ថកិច្ចក៏រងរបួសដែរ ខណៈមានការប៉ះទង្គិចគ្នារវាងក្រុមកម្មកររោងចក្រ បេសវ៉េ «Best Way» ដំឡើងកង់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ជាមួយសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើង ខណៈកម្មកររោងចក្រ បេសវ៉េ ប្រមាណជាង១ពាន់នាក់ បាននាំគ្នាចេញពីរោងចក្ររួចទៅគប់រោងចក្រផ្សេងទៀត ដែលកម្មករចូលធ្វើការឱ្យចេញមកក្រៅ និងបានគប់ដុំថ្ម និងដុតផាវគ្រាប់ធំៗ បង្កឱ្យផ្ទុះលាន់ទ្រហឹងដូចគេផ្ទុះបាញ់ប្រហារគ្នា ធ្វើឱ្យក្រុមកម្មករផ្អើលរត់ចេញប្រសាច ។ នេះជាការអះអាងរបស់មន្ត្រីនគរបាល ។ ការផ្ទុះអំពើហិង្សានេះកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៥ មេសា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។
បើតាមមន្ត្រីនគរបាលដែលឈរជើងការពារសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានឱ្យដឹងថា កម្មករ-កម្មការិនី៦រោងចក្រ បានធ្វើកូដកម្មមិនចូលធ្វើការចាប់តាំងពីថ្ងៃទី១៩ មេសា ២០១៤មក ហើយអាជ្ញាធរ និងម្ចាស់តំបន់សេដ្ឋកិច្ចពិសេស និងថៅកែរោងចក្របានបើកកិច្ចប្រជុំដោះស្រាយគ្នាដោយគ្មានតំណាងកម្មករឬតំណាងសហជីពចូលរួមទេ ហើយលទ្ធផលក៏គ្មានដែរ ។
ក្រុមកម្មករ-កម្មការិនីនៅតែបន្តធ្វើកូដកម្មរហូតមកដល់ថ្ងៃទី២៥ មេសា ដែលមានរយៈពេល៨ថ្ងៃក៏បានផ្ទុះអំពើហិង្សាឡើង រហូតមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចមួយប្រាវ បណ្តាលឱ្យរងរបួសទាំងសងខាង តែភ្លាមៗនោះមិនដឹងពីចំនួនជាក់លាក់នោះទេ ។ ក្រុមកម្មករខ្លះបានចោទថា សមត្ថកិច្ចប្រើប្រាស់អាវុធ តាមពិតកម្មករផ្សេងទៀតដុតផាវគ្រាប់ធំៗផ្ទុះលាន់ដូចបាញ់គ្រាប់កាំភ្លើង ធ្វើឱ្យកម្មករក្នុងរោងចក្រចំនួន២០ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាត់ធេន ផ្អើលរត់ចេញប្រសាច ហើយរោងចក្រក៏ត្រូវបិទទ្វារទាំងអស់នៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល ។ ចំណែករោងចក្រចំនួន១៦ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក៏បិទទ្វារដែរ ដោយសារខ្លាចមានអំពើហិង្សាណាមួយ ។
ប្រភពព័ត៌មានបានបន្តថា ប្រការដែលនាំឱ្យក្រុមកម្មករ-កម្មការនីធ្វើការតវា៉មិនឈប់នោះ មកពីថៅកែរោងចក្រអេអិនជេ (ANJ) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បានផ្តល់ប្រាក់ឧបត្ថម្ភពេលចូលឆ្នាំខ្មែរ និងមិនឱ្យចូលរួមធ្វើកូដកម្មចំនួន៥០ដុល្លារ ។ ក្រោយមកថៅកែរោងចក្រស្មាតថេច ក៏យល់ព្រមឱ្យប្រាក់៥០ដុល្លារទៅកម្មក-កម្មការិនី ដើម្បីឱ្យឈប់ធ្វើកូដកម្ម ដែរ ទើបកម្មកររោងចក្រចំនួន៤ទៀតបន្តធ្វើកូដកម្មរហូតឈានដល់ប្រើអំពើហិង្សាគប់ដុំថ្មប៉ះពាល់ដល់រោងចក្រសីុកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បណ្តាលឱ្យខូចខាតយា៉ងដំណំ ។
តាមប្រភពព័ត៌មានផ្សេងទៀតឱ្យដឹងថា នៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ក្នុងសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ដែលមានធ្វើកូដកម្ម រោងចក្រ១ក៏បិទទ្វារដែរសរុបរោងចក្រត្រូវបិទទ្វារជាបណ្តោះអាសន្នមានរហូត៣៧រោងចក្រ ។ ទាក់ទិននឹងការបិទទ្វាររោងចក្ររហូតដល់៣៧នេះ ពុំអាចសុំការបំភ្លឺពីអាជ្ញាធរខេត្ត និងមន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេ នៅល្ងាចថ្ងៃទី២៥ មេសា ដោយប្រាប់ថា ជាប់ប្រជុំចំណុចក្រហម និងមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលស្តាប់ឬយកព័ត៌មានឡើយ ។ ក្រុមកម្មករបានព្រមានថា ពួកគេនឹងបន្តធ្វើកូដកម្មនៅថ្ងៃទី២៦ មេសា ទៀត ៕
ចែករំលែកព័តមាននេះ