ខេត្តកណ្តាល ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរយីហោ អីុនមេជើរ អីុដាស់ស្ទ្រៀល (QMP) ចំនួនជាង៤.៤០០នាក់ បានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៤ ធ្វើជាចំណាប់ខ្មាំងបង្កឱ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវនោះ អស់រយៈពេលជិតកន្លះម៉ោង ។ ចំពោះសកម្មភាពបិទផ្លូវនេះ គឺពួកគេមានបំណងពន្លឿនឱ្យថៅកែដោះស្រាយលក្ខខណ្ឌការងារ ដែលពួកគេធ្វើកូដកម្មតវ៉ាទាមទាររយៈពេលជាង១អាទិត្យមកហើយ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ ។
ហេតុការណ៍បិទផ្លូវនេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ មេសា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រកាត់ដេរខាងលើដែលមានទីតាំង ស្ថិតនៅក្នុងភូមិត្រពាំងឈើនាង ព្រំប្រទល់ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល។
ក្រុមកម្មករបានឱ្យដឹងថា ពួកគេបានធ្វើការតវា៉ទាមទារលក្ខខណ្ឌការងារចំនួន៥ចំណុចពីថៅកែរោងចក្រ ក្នុងនោះរួមមាន៖
១-ទាមទារឱ្យថៅកែដកពាក្យបណ្តឹងគ្រប់សំណុំរឿងទាំងអស់ ដែលបានប្តឹងតំណាងសហព័ន្ធសហជីពសេរីពលករខ្មែរ ។
២-ស្នើសុំឱ្យថៅកែទទួលយកតំណាងកម្មករ និងតំណាងសហព័ន្ធសហជីពសេរីពលករខ្មែរចំនួន២៥នាក់ ដែលបានបញ្ចប់កិច្ចសន្យាឱ្យចូលធ្វើការវិញ ។
៣-ស្នើសុំឱ្យថៅកែទូទាត់ប្រាក់បំណាច់កិច្ចសន្យាដែលនៅសេសសល់មិនទាន់ទូទាត់គ្រប់ចំនួន ។
៤-សូមឱ្យក្រុមហ៊ុនគោរពកំណត់ហេតុដែលបានចុះ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ កន្លងមកនេះ ក្នុងករណីដែលក្រុមហ៊ុនបានប្តូរឈ្មោះរោងចក្រពី QMIB ទៅ QMP វិញ នោះ ។
៥-សុំឱ្យក្រុមហ៊ុនផ្តល់លុយថ្លៃអាហារថ្ងៃត្រង់ដល់កម្មករម្នាក់ៗចំនួន៣.៥០០រៀល ក្នុង១ថ្ងៃជារៀងរាល់ថ្ងៃ ។
ប្រភពដដែលបានបន្តថា ពួកគេធ្វើការតវា៉នេះមានរយៈពេលជាង១អាទិត្យកន្លងមកហើយ ប៉ុន្តែធ្វើតែនៅខាងមុខរោងចក្រប៉ុណ្ណោះ មិនបានបង្កការប៉ះពាល់ដល់នរណាម្នាក់ទេ ។ ដោយសារការធ្វើយូរថ្ងៃហើយមិនបានទទួលលទ្ធផល ព្រោះថៅកែមិនអើពើដោះស្រាយឱ្យនោះ ទើបពេលនេះពួកគេនាំគ្នាដង្ហែក្បួនចាកចេញពីរោងចក្រទៅឈរបិទផ្លូវជាតិលេខ៤ ដើម្បីជំរុញពន្លឿនឱ្យឆាប់មានការដោះស្រាយឱ្យពួកគេតែប៉ុណ្ណោះ ។
មន្ត្រីនគរបាលមូលដ្ឋានឱ្យដឹងថា កម្មករ-កម្មការិនីរោងចក្រខាងលើ ដឹកនាំដោយសហព័ន្ធសហជីពចំនួន២គឺ សហព័ន្ធសហជីពសេរីពលករខ្មែរ និងសហព័ន្ធសហជីពសាមគ្គីភាពការងារ ។ ពួកគេបាននាំគ្នាបិទផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវនោះអស់រយៈពេលជិតកន្លះម៉ោងទើបបើកឡើងវិញ បន្ទាប់ពីមានការណែនាំពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចរួចមក ។ ប៉ុន្តែពួកគេក៏បានព្រមានផងដែរថា នឹងបន្តធ្វើការបិទផ្លូវជាបន្តបន្ទាប់ទៀត ប្រសិនបើនៅតែមិនមានដំណោះស្រាយទៀតនោះ ៕
ចែករំលែកព័តមាននេះ