រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិភាក្សាត្រីភាគីស្ដីពីយន្ដការក្នុងការកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតដែលមានតែភាគីតំណាងសហជីពនិងតំណាងរដ្ឋាភិបាល និងអង្គការពលកម្មអន្ដរជាតិ (ILO)ចូលរួម រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤ដល់២៥ មេសា នៅសណ្ឋាគារភ្នំពេញ បានសម្រេចលទ្ធផលចំនួន៥ចំណុចដើម្បីធ្វើជាមូលដ្ឋានសម្រាប់យកជាគោលការណ៍ក្នុងការកំណត់ប្រាក់ឈ្នួលកម្មករនាពេលអនាគត ។
លោក ហេង សួរ នាយកខុទ្ទកាល័យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ឱ្យដឹងថា កិច្ចពិគ្រោះយោបល់នេះបានសម្រេចលទ្ធផលជាផ្លែផ្ការួមមាន ៖
១-ភាគីបានឯកភាពអំពីការកែសម្រួលប្រាក់ឈ្នួលត្រូវតែមានការពិភាក្សាកែសម្រួលប្រចាំឆ្នាំ។
២-អំពីភាពអាចព្យាករណ៍បាននៃការកែសម្រួលប្រាក់ឈ្នួលអប្បបរមាកម្មករត្រូវយកជម្រើសកំណើនលំដាប់បន្ដបន្ទាប់ ។
៣-អំពីយន្ដការនៃការចរចា ភាគីទាំងអស់ត្រូវកំណត់ជ្រើសរើសយកគោលការណ៍ឈ្នះ=ឈ្នះ ក្នុងការដោះស្រាយបញ្ហា ។
៤-អំពីបែបបទនៃការធ្វើសេចក្ដីសម្រេច មតិភាគច្រើនបានជ្រើសរើសយកយន្ដការកុងសង់ស៊ីស និងមួយចំនួនជ្រើសរើសយកសំឡេងមតិភាគច្រើនតាមរយៈការបោះឆ្នោតសម្ងាត់ ។
៥-កិច្ចប្រជុំបានសម្រេចអំពីការប្រើប្រាស់ទិន្នន័យ និងលក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើការសម្រួល គឺប្រើប្រាស់ទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គម ។ លក្ខណៈវិនិច្ឆ័យគឺមានផលិតភាព ភាពប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញ និងការចំណាយក្នុងការរស់នៅ ។
លោក ហេង សួរ បានបញ្ជាក់ថា កិច្ចពិភាក្សាក្នុងសិក្ខាសាលាក៏បានយល់ព្រមឯកភាពគ្នា បើទោះបីមានគោលការណ៍ និងរូបមន្ដណាមួយដែលផលិតបានជាតួលេខណាមួយក៏ដោយ តួលេខនោះគ្រាន់តែជាតួលេខយោងសម្រាប់ដាក់ជូនគណៈកម្មការប្រឹក្សាការងារពិភាក្សាជាផ្លូវការតែប៉ុណ្ណោះ ។ លោក អិុត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដី ពី «ការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា» ដែលបានឯកភាពគ្នា៥ចំណុចនោះ គឺជាការល្អមួយសម្រាប់កម្ពុជា ហើយសិក្ខាសាលានេះមិនបាននិយាយពីការកំណត់ប្រាក់ឈ្នួលជាថ្មីដូចអ្វីដែលតំណាងសហជីពមួយចំនួនទាមទារនោះក្ដី តែវាជាសិក្ខាសាលាដើម្បីធ្វើការសិក្សាស្រាវជ្រាវកំណត់គោលការណ៍ក្នុងការរៀបចំបញ្ហាយន្ដការ ក៏ដូចជាលក្ខណៈវិនិច្ឆ័យ និងពិភាក្សាប្រាក់ឈ្នួលកម្មករនៅថ្ងៃខាងមុខទៀត ។
តាមរបាយការណ៍ដែលកំណត់ដោយភាគីចូលរួមនោះ គឺចង់យកបញ្ហាអ្វីដែលជាការចង់បានមកជជែកគ្នាជារៀងរាល់ឆ្នាំ ។ មួយវិញទៀត ភាគីទាំងអស់អាចឯកភាព និងកំណត់វិនិច្ឆ័យអ្វីដែលលែងឱ្យកើតមានទំនាស់ដោយប្រការណាមួយទៀតឡើយ ដូចជាកូដកម្ម បាតុកម្ម ឬការយកបញ្ហាកូដកម្ម បាតុកម្មមកគាបសង្កត់ក្នុងតុចរចា ឬគាបសង្កត់ផ្សេងពីភាគីណាមួយ ។ លោករដ្ឋមន្ដ្រីបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការនោះគឺសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រាក់ឈ្នួលជូនកម្មករនិយោជិត ។
ចំណែកលោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា«ស៊ីខាវឌូ»និយាយថា លោកសាទរចំពោះគោលការណ៍៥ចំណុចដែលភាគីទាំងអស់បានឯកភាពគ្នា ។ ប៉ុន្ដែមានបញ្ហាមួយចំនួនគឺពេលលើកមុន ភាគីនិយោជកបានលើកឡើង និងទាមទារការជជែកបញ្ហាប្រាក់ឈ្នួលនោះមានរយៈពេលពី៤ទៅ៥ដងដែលជាការមិនល្អ ជាពិសេសមិនបានឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នទេ ។ ទោះជាយ៉ាងណាក្ដី មានចំណុចមួយចំនួនដែលបានឯកភាពគ្នានោះនៅមានភាពអវិជ្ជមានផងដែរ និយាយរួមគឺយើងចង់ឱ្យមានការពិភាក្សាទៅតាមតម្លៃទីផ្សារ ព្រោះថា ប្រសិនបើកំណត់ ឬពិភាក្សាការដំឡើងប្រាក់ឈ្នួលតាមទីផ្សារនោះវានឹងផ្ដល់ភាពងាយស្រួលដល់កម្មករ និងអ្នកដែលនៅក្នុងបន្ទុកផងដែរ ។
ជាក់ស្ដែងនោះ ប្រជាជនកម្ពុជាមានជាង១៤លាននាក់ ចំណែកអ្នកធ្វើពលកម្មមានប្រមាណតែជាង៧លាននាក់ ដូច្នេះប្រសិនបើយើងដំឡើងប្រាក់ឈ្នួលជូនពួកគាត់មិនដូចអ្វីជាក់ស្ដែងក្នុងសង្គមនោះទេ គឺមិនអាចឆ្លើយតបនឹងជីវភាពរស់នៅរបស់ពួកគាត់ ក៏ដូចជាការចង់បានរបស់កម្ពុជានៅពេលបច្ចុប្បន្ននេះឡើយ ។ លោក អាត់ ធន់ បន្តថា ក្នុងការពិភាក្សាគ្នានេះ បញ្ហាអ្នកជាប់ឃុំ២១នាក់ និងបញ្ហាប្រាក់ឈ្នួល១៦០ដុល្លារនៅតែមិនទាន់បានជជែកគ្នា។ បញ្ហាបញ្ឈប់កម្មករ និងសហជីពនៅតែមិនទាន់បានដោះស្រាយនៅឡើយ ។ ក្នុងករណីនេះតំណាងសហជីពទាំងអស់នៅតែមិនមានពេលចូលតុជជែកគ្នាតាមអ្វីដែលអង្គសិក្ខាសាលាកំណត់នោះ ។ ជាក់ស្តែង រូបខ្ញុំកំពុងតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ និងសម្រេចឱ្យតម្កល់លុយ២ម៉ឺនដុល្លារ និងមិនអាចអនុញ្ញាតឱ្យជួបប្រជុំគ្នានៅតាមទីសាធារណៈទៅទៀត ។ បញ្ហានេះកំពុងតែដាក់គំនាប និងគំរាមកំហែងតាមរយៈផ្លូវតុលាការ ។
លោក អាត់ ធន់ បន្ថែមថា ប្រសិនបើរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធដោះស្រាយបញ្ហាដែលសេសសល់បានចប់សព្វគ្រប់ នោះកម្មករមានកម្លាំងធ្វើការ និងអ្នកបញ្ជាទិញមានទឹកចិត្តបញ្ជាទិញ ពេលនោះដំណើរការផលិតកម្មបានល្អដូចដើម ដូច្នេះយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការពិភាក្សាគ្នា ។ ទោះជាយ៉ាងណាក្តី លោកអាត់ ធន់ បានលើកឡើងថា ប្រសិនបើមានការដោះស្រាយបញ្ហាអស់នោះយន្តការដែលកំណត់នៅថ្ងៃនេះនឹងដំណើរការល្អនៅថ្ងៃអនាគត និងលែងមានជម្លោះ និងការទាមទារប្រាក់ឈ្នួលទៀត។
ចំណែកលោក ជួន មុំថុល តំណាងសហជីពកម្ពុជា បានឯកភាពចំពោះអង្គសិក្ខាសាលាដែលសម្រេចបានទាំង៥ចំណុច និងបានផ្តល់ជាអនុសាសន៍ដូចជា ៖
១-ក្រសួងការងារគួរមានសិក្ខាសាលាថ្នាក់ជាតិដែលជជែកពិគ្រោះយោបល់ពីការពង្រឹងប្រាក់ឈ្នួលលើកក្រោយដើម្បីបន្តការជជែកគ្នាលើកក្រោយទៀត ។
២-សហជីពគួរតែសហការគ្នាដើម្បីប្រយោជន៍រួម ។
៣-ក្រសួងការងារគួរតែពិនិត្យឡើងវិញនូវបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការប្រឹក្សាការងារ និងគួរដាក់បញ្ចូលអំពីវិន័យ ឬក៏វិធីអនុម័តនៅក្នុងគណៈកម្មការប្រឹក្សាការងារ ។
៤-ការចរចាបញ្ហាប្រាក់ឈ្នួល គួរតែមានថិរវេលាមួយច្បាស់លាស់ កុំឱ្យមានរយៈពេលយូរពេក ហើយការចរចាមិនត្រូវមានការគាបសង្កត់ទេ គឺត្រូវតែយល់ពីលទ្ធភាពអ្នកផ្តល់ឱ្យ និងលទ្ធភាពអ្នកទទួល ។
៥-ស្នើសុំរាជរដ្ឋាភិបាល គួរតែធ្វើយ៉ាងណាគ្រប់គ្រងតម្លៃម្ហូប និងទំនិញឱ្យបានតឹងរុឹងព្រោះថា ប្រសិនបើមានការដំឡើងប្រាក់ឈ្នួលយ៉ាងណាក្តី ប្រសិនបើតម្លៃទំនិញនៅលើទីផ្សារមិនបានកំណត់ច្បាស់លាស់នោះ វានៅតែជាផលវិបាកចំពោះកម្មករ និងប្រើប្រាស់មិនគ្រប់ដដែល ។
លោកជួន មុំថុល បន្ថែមថា ចំពោះការដំឡើងប្រាក់ឈ្នួល គួរតែដំឡើងទៅលើវិស័យដទៃទៀតផង មិនចាំតែកម្មករនិយោជិតទេ គឺគួរតែដំឡើងឱ្យបានគ្រប់វិស័យ ៕
ចែករំលែកព័តមាននេះ