ខេត្តបាត់ដំបង ៖យ៉ាងហោចណាស់មានមនុស្ស៤នាក់ស្លាប់និង៦នាក់ទៀតរងរបួសធ្ងន់ ដោយសារដើមត្នោតរលំសង្កត់លើ និងរន្ទះបាញ់ រីឯផ្ទះប្រជាពលរដ្ឋ និងអគារសាធារណៈរបស់រដ្ឋជាច្រើនខ្នងបានរងការខូចខាត ខណៈមានភ្លៀងកក់ខែមួយមេធំលាយឡំដោយខ្យល់កន្រ្តាក់និងផ្គររន្ទះផងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៤ មេសា មានរយៈពេលជាងមួយម៉ោងដែលបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរទៅលើក្រុងបាត់ដំបង និងស្រុកឯកភ្នំ ។
លោក សឿម ប៊ុនរិទ្ធ នាយករដ្ឋបាលសាលាខេត្ត បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៥ មេសា ថា ភ្លៀងកក់ខែដែលមានលាយឡំដោយខ្យល់កន្រ្តាក់យ៉ាងខ្លាំងផង បានប៉ះទង្គិចខ្លាំងទៅលើក្រុងបាត់ដំបង និងស្រុកឯកភ្នំ រីឯតាមបណ្ដាស្រុកដទៃទៀតមិនមានប៉ះពាល់ទេ។ លោកនិយាយថា លំនៅឋានរបស់ប្រជាពលរដ្ឋនិងអគារសាធារណៈរបស់រដ្ឋជាច្រើនខ្នងនៅក្នុងក្រុងនិងស្រុកខាងលើនេះ បានរងការខូចខាតតែភាគច្រើនរបើកដំបូល ។ ប៉ុន្តែមានមនុស្ស៤នាក់បានស្លាប់ និង៦នាក់ទៀតរងរបួស ដោយសារឥទ្ធិពលខ្យល់កន្រ្តាក់ និងរន្ទះបាញ់ ។
នៅក្នុងក្រុងបាត់ដំបង គេសង្កេតឃើញនៅតាមដងផ្លូវនានា មានផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ស្លាកយីហោភោជនីយដ្ឋាន ឬស្លាកគណបក្សនយោបាយ និងដើមឈើជាច្រើនបានរលំបាក់សង្កត់លើផ្លូវ ។ រីឯដំបូលផ្ទះ អគារសិក្សាសណ្ឋាគារ និងអគាររបស់រដ្ឋជាច្រើនកន្លែងទៀតក៏ត្រូវខ្យល់កួចបំផ្លាញដំបូលដែរដូចជា អគារសិក្សាវិទ្យាល័យនេតយ៉ង់ជាដើម ។ រីឯនៅស្រុកឯកភ្នំវិញ អធិការនគរបាលស្រុកលោក យៀម ប៊ុនលឿប បានឲ្យដឹងថា ភ្លៀងនិងខ្យល់ដែលមានរយៈពេលយ៉ាងយូរបានគ្របដណ្ដប់ស្ទើរទាំងស្រុងទៅលើស្រុកឯកភ្នំ ។ ដំបូលអគារក្នុងអធិការដ្ឋានមួយខ្នងត្រូវខ្យល់កួចបំផ្លាញទាំងស្រុង និងអគារមួយចំនួនទៀតខូចខាតតិច ។ រីឯលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងក៏រងការខូចខាតដែរ ខណៈមនុស្ស២នាក់ត្រូវរន្ទះបាញ់ស្លាប់ ។
ជនរងគ្រោះក្នុងឧប្បត្តិហេតុនេះបានកើតឡើងក្នុងករណីផ្សេងៗគ្នាក្នុងនោះស្រ្តីម្នាក់បានស្លាប់ដោយសារដើមត្នោតរលំសង្កត់លើ រីឯ៦នាក់ទៀតរងរបួសធ្ងន់ គ្រាដែលក្រុមគ្រួសារមួយនេះកំពុងទទួលទានអាហារជុំគ្នាក្នុងអាហារដ្ឋានមួយកន្លែងយីហោ«ចាន់ណាស្រែ១០០» នៅក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ចំណែកបុរស២នាក់ស្លាប់ដោយសាររន្ទះបាញ់នៅស្រុកឯកភ្នំ និងបុរសម្នាក់ទៀតស្លាប់ដោយសារខ្យល់បោកដួលប៉ះទង្គិចក្បាលនឹងថ្នល់នៅម្ដុំផ្សារថ្មី ក្នុងក្រុងបាត់ដំបង ។
ជាមួយនឹងភ្លៀងមួយមេយ៉ាងខ្លាំងនេះ គេសង្កេតឃើញស្ទើរគ្រប់ទីកន្លែងនៅក្នុងក្រុងបាត់ដំបង មានធ្លាក់ព្រិលទឹកកកគួរឲ្យចម្លែកដែលមិនធ្លាប់ប្រទះពីមុនមក ។ មន្រ្តីទទួលបន្ទុកគ្រោះមហន្តរាយ និងសាខាកាកបាទក្រហមខេត្តនៅមិនទាន់អាចធ្វើការប៉ាន់ប្រមាណអំពីទំហំនៃការខូចខាតផ្ទះសម្បែង អគាររបស់រដ្ឋ ឬផលដំណាំបាននៅឡើយទេ ដោយសារតែមន្រ្តីជំនាញកំពុងមមាញឹកចុះស្រង់របាយការណ៍ជាក់លាក់នៅតាមមូលដ្ឋាន ។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានខែដើមឆ្នាំ២០១៤នេះ ខេត្តបាត់ដំបង បានជួបគ្រោះធម្មជាតិជាបន្តបន្ទាប់ដែលធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់រយខ្នង បានសម្លាប់មនុស្សប្រហែលជិត១០នាក់ និងរបួសជាច្រើននាក់ទៀត ។ ជាមួយគ្នានេះ មន្រ្តីកាកបាទក្រហម និងអាជ្ញាធរក៏បានចុះផ្ដល់អំណោយសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ផងដែរ ដល់ជនរងគ្រោះក្រោយកើតហេតុ ៕
ចែករំលែកព័តមាននេះ